ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យត្រូវធ្វើអ្វីខ្លះ?

ភ្នំពេញៈ អាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពថ្មីមួយនៅកម្ពុជា ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះអាជីពនេះ អាចធ្វើឲ្យអ្នកមានឱកាសក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានជោគជ័យនោះទេ។ ដូច្នេះដើម្បីជោគជ័យក្នុងវិស័យនេះ តើអ្នកដែលចង់ចាប់យកអាជីពនេះត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងថា លក្ខណៈសម្បត្តិដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យដ៏ជោគជ័យម្នាក់ មានកត្តារួមផ្សំជាច្រើន ដូចជាទី1 ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង អតិថិជន ដៃគូអាជីវកម្ម និងសង្គមជាតិ។ ទី2 ត្រូវមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងតម្លៃអចលនទ្រព្យទៅតាមតំបន់ និងប្រភេទនៃអចលនទ្រព្យនីមួយៗ ព្រមទាំងចំណេះដឹងផ្នែកភាសាបរទេស សេដ្ឋកិច្ច ច្បាប់ សង្គម និងនយោបាយ។ ទី៣ ត្រូវស្គាល់អតិថិជនដែលមានតម្រូវការចង់លក់ជួល និងទិញអចលនទ្រព្យដោយផ្ទាល់ ពិសេសត្រូវមានទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងសង្គម ពិសេសវណ្ណៈកណ្តាល និងវណ្ណៈខ្ពស់ ដោយត្រូវស្គាល់ឲ្យបានច្បាស់ថា Who is Who? ទី4 ត្រូវតែស្រឡាញ់ និងចូលចិត្តអាជីពផ្នែកដីធ្លី ព្រោះវាមិនមែនជាការងារទេ តែជាអាជីពដែលត្រូវការពេលវេលា និងភាពអត់ធ្មត់ខ្លាំងណាស់ ប្រៀបដូចជាការដាំដើមត្នោតដែរ និងទី5 ត្រូវមានទេពកោសល្យ និងឧបនិស្ស័យនឹងការងារដីធ្លីថា តើព្រហ្មលិខិតព្រមអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកមានដោយសារដីធ្លីដែរឬទេ?

អ្នកនាង ហ្រ្គេស រចនាហ្វុង នាយិកាផ្នែកបណ្តុះបណ្តាលនៃក្រុមហ៊ុន Century 21 Cambodia បានថ្លែងស្រដៀងគ្នាថា ដើម្បីក្លាយជាភ្នាក់ងារអចលនវត្ថុជោគជ័យ គឺត្រូវចេះរកគុណតម្លៃឲ្យខ្លួនឯង ដែលគុណតម្លៃនោះគឺចំណេះដឹង ជំនាញ និងមានភាពស្មោះត្រង់ ដើម្បីអាចកសាងកេរ្ត៍ឈ្មោះ និងទំនុកចិត្តដល់អតិថិជន ព្រោះនៅពេលយើងកសាងបាននូវកេរ្ត៍ឈ្មោះហើយ អតិថិជននឹងរត់មករកយើងដោយខ្លួនឯង។

អ្នកនាងបន្តថា “ការកសាងកេរ្ត៍ឈ្មោះមិនមែនជាការងាយស្រួលឡើយ ប៉ុន្តែប្រសិនជាយើងមានគំនិតអវិជ្ជមាន យើងនឹងមិនអាចធ្វើបានទេ ផ្ទុយទៅវិញ ប្រសិនជាយើងមានគំនិតវិជ្ជមាន និងជឿថាខ្លួនឯងអាចធ្វើបាន នោះយើងនឹងធ្វើបាន”។ អ្នកនាងបន្តថា “បច្ចុប្បន្ន Century21 Cambodia កំពុងបណ្តុះបណ្តាលអ្នកជំនាញអាជីពនៅក្នុងវិស័យនេះ ដើម្បីឲ្យមានការទទួលស្គាល់ពីរដ្ឋាភិបាល និងសង្គមជាតិ ដូចអាជីពដទៃទៀត”៕

Advertisement