ធនាគារហ្វីលីព និងក្រុមហ៊ុនជាច្រើននឹងចូលរួមពិព័រណ៍អប់រំ

ធនាគារហ្វីលីព ភីអឹលស៊ី គឺជាធនាគារទីមួយដែលទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងបានការសហការឧបត្ថម្ភធំពីបណ្តាក្រុមហ៊ុន សាលាអន្តរជាតិជាច្រើនដូចជា H&K International School, Southbrigh International School, IDP Education(Cambodia), Kungfu Education and Technology Group, EZECOM, HGB Auto, Panha Chiet School, Manulife , Attipas, ICE Watch, TrueMoney ក្នុងការរៀបចំ និងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អំពីវិស័យអប់រំប្រចាំឆ្នាំ2017 ដែលនឹងប្រព្រឹត្តទៅរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី25 ខែមិថុនា ឆ្នាំ2017 ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង7យប់ នៅសាលតាំងពិព័រណ៍កោះពេជ្រ អគារ I។

លោក ហាន់ ប៉េង គាន់ (Mr. Han Peng Khwan) ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ធនាគារហ្វីលីព មានប្រសាសន៍ថា មូលហេតុនៃការរៀបចំពិព័រណ៍នេះ គឺដោយសារតែពួកយើងជឿជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពលរដ្ឋគ្រប់រូប។ តាមរយៈការអប់រំមានគុណភាព ធ្វើឱ្យប្រជាពលរដ្ឋទទួលបានការងារល្អ ប្រាក់បៀវត្សរ៍ខ្ពស់ និងមានបរិបទការរស់នៅខ្ពស់ ព្រមទាំងចូលរួមចំណែកក្នុងការស្ថាបនាសង្គមឱ្យមានភាពល្អប្រសើរ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

ធនាគារហ្វីលីព មានគោលបំណងផ្សេងផងដែរចំពោះការផ្តល់ចំណេះដឹងបន្ថែម សម្រាប់ជួយដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ ដឹងអំពីតម្រូវការរបស់ក្មេង និងរបៀបនៃការណែនាំអប់រំដល់កុមារដើម្បីក្លាយជាអ្នកទទួលបានជោគជ័យ «យើងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សំខាន់ៗដល់មាតាបិតា កុមារ ក្រុមយុវជន និងមនុស្សពេញវ័យឱ្យយល់ដឹងបន្ថែមអំពីយុទ្ធសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុ បង្តើតទម្លាប់ការសន្សំ និងដឹងពីសារៈសំខាន់នៃគោលដៅផែនការសម្រាប់ជីវិត។

លោក ហាន់ ប៉េង គាន់ បញ្ជាក់បន្ថែមថា «ធនាគារហ្វីលីពជម្រាបជូនដល់មាតាបិតា អាណាព្យាបាល អំពីសារៈសំខាន់នៃការសន្សំតាំងពីវ័យក្មេង ដើម្បីឱ្យមានសេរីភាពផ្នែកហិរញ្ញវត្ថុនាពេលអនាគត។ យោងតាមមូលដ្ឋាននេះ ធនាគារហ្វីលីពបានសម្រេចចិត្តបង្កើត និងដាក់ពាក្យស្លោកមួយ ដែលមានអត្ថន័យថា «ការសិក្សា សន្សំចំណេះ ចំណេញទ្រព្យ»។

លោក ហាន់ ប៉េង គាន់ បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ស្តីអំពីការអប់រំនេះ បានរៀបចំសិក្ខាសាលាសំខាន់ៗជាច្រើនវគ្គរយៈពេលពីរថ្ងៃដ៏មានអត្ថប្រយោជន៍ដែលមានប្រធានបទដូចជា 1.យុទ្ធសាស្រ្តជួយឱ្យកូនលោកអ្នកចេះកំណត់ភាពជោគជ័យ 2.សារៈសំខាន់នៃការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ 3.ធ្វើខ្លួនឱ្យទទួលបានជោគជ័យក្នុងអំឡុងពេលសិក្សា 4.ការៀបចំគម្រោងហិរញ្ញវត្ថុសំរាប់បុគ្គល និងអាជីវកម្ម។

គួរបញ្ជាក់ថា កម្មវិធីនេះស្វាគមន៍ដោយសេរីសម្រាប់មាតាបិតា អាណាព្យាបាល កុមារ សិស្សនិស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សាលើជំនាញផ្សេងៗ និងសម្រាប់មហាជនទូទៅជាពិសេសអ្នកមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន មានឱកាសចូលរួមបានស្តាប់ និងសិក្សាពីបទពិសោធ ទស្សនៈជោគជ័យនានាដែលនឹងចែករំលែកដោយវាគ្មិនល្បីៗ ដូចជាអ្នកស្រី គង់ សុរីតា មកពីក្រុមហ៊ុន Ocean Technology លោក សរ គីណាល់ មកពីក្រុមហ៊ុន Plus Consulting លោក ប៉ិច បូឡែន មកពីសាលា Westline Group លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ មកពីសាលា FTMS និងវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបទៀតដែលអញ្ជើញមកពីបណ្តាក្រុមហ៊ុនធំៗជាច្រើន។

កម្មវិធីនេះនឹងមានស្តង់ពិព័រណ៍របស់ក្រុមហ៊ុន សាលាអន្តរជាតិធំៗ ប្រមាណជា30 នឹងដាក់តាំងផលិតផល សេវាកម្ម និងមានកម្មវិធីកម្សាន្តសម្រាប់កុមារប្រកួតប្រជែងលក្ខណៈគ្រួសារ ការប្រកួតជាក្រុមសម្រាប់អ្នកចូលរួមទាំងអស់ បញ្ចេញសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ និងឈ្នះរង្វាន់សម្រាប់អ្នកចូលរួមទស្សនាក្នុងការតាំងពិព័រណ៍ផងដែរ៕

Advertisement