រយៈពេល 5ខែ ទុនវិនិយោគសំណង់មានចំនួន 4,362លានដុល្លារ

ភ្នំពេញៈ  រយៈពេល5ខែដើមឆ្នាំនេះទុនវិនិយោគលើវិស័យសំណង់មានទំហំទឹកប្រាក់4,362លានដុល្លារអាមេរិកកើនឡើង20ភាគរយបើធៀបរយៈពេលដូចគ្នាកាលពី​ឆ្នាំមុន។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ទុនវិនិយោគក្នុងវិស័យសំណង់បន្តកើនឡើងជាក់ស្តែងទុន​វិនិយោគកាលពីឆ្នាំមុនមានទំហំទឹកប្រាក់ជាង8ពាន់លានដុល្លារអាមេរិកហើយ​ក្នុងរយៈពេល5ខែដើមឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានកើនដល់4,362លានដុល្លារអាមេរិក។ លោកបន្តថា វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពល​រដ្ឋប្រមាណ20ម៉ឺននាក់ក្នុងមួយថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ វិស័យនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។

លោករដ្ឋលេខាធិការបានបន្តថា ស្របពេលនឹងការរីកចម្រើននេះក្រុមហ៊ុន​ដែលធ្វើអាជីវកម្មលើវិស័យនេះ និងបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កើនដល់1,022ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់​មានចំនួន42ក្រុមហ៊ុនសាងសង់មានចំនួន980។ នៅទូទាំងប្រទេសមានស្ថាប​ត្យករសរុប2,500នាក់ និងមានវិស្វករចំនួន3ម៉ឺននាក់។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងអបអរសាទរចំពោះទុនវិនិយោគលើវិស័យនេះដែលបាននិងកំពុងបន្តកើនឡើង ប៉ុន្តែលោកបានសួរពីទំហំទឹកប្រាក់ពិតប្រាកដ ដែលហូរចូលមកក្នុងវិស័យនេះថាតើមានប៉ុន្មានភាគរយពិតប្រាកដ ព្រោះអ្នកវិនិយោគខ្លះបានបំប៉ោងទឹកប្រាក់វិនិយោគរបស់ពួកគេ៕

Advertisement