តម្លៃស្វាយកែវរមៀតងើបឡើងវិញបន្តិច ខណៈរដូវប្រមូលផលជិតផុត

ក្រោយពីធ្លាក់ថ្លៃយ៉ាងគំហុកកាលពីពាក់កណ្តាលរដូវ មកទល់ពេលនេះតម្លៃផ្លែស្វាយកែវរមៀតចាប់ផ្តើមងើបឡើងវិញបន្តិច ប៉ុន្តែយ៉ាងណានោះ វាហាក់ដូចជាហួសពេលទៅហើយដោយសារការប្រមូលផលជិតផុតរដូវកាល។

កសិករម្នាក់ក្នុងចំណោមកសិករជាច្រើន ដែលដាំស្វាយនៅក្នុងភូមិលេខ5 ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល អ្នកស្រី ទោ ប៊ុនថា បានផ្តល់បទសម្ភាសថា តម្លៃស្វាយកាលពីដើមដៃ គឺប្រហាក់ប្រហែលគ្នានឹងឆ្នាំកន្លងទៅដែរ ប៉ុន្តែស្វាយបានធ្លាក់ថ្លៃយ៉ាងខ្លាំង កាលពីពាក់កណ្តាលដៃ បន្ទាប់ពីឈ្មួញវៀតណាមទទួលទិញស្វាយពីកម្ពុជាមានចំនួនកំណត់។ ប៉ុន្តែ ពេលនេះស្វាយហាក់ចាប់ផ្តើមមានហាងឆេងគ្រាន់បើបន្តិចវិញ ដោយឈ្មួញវៀតណាមបានចុះមកទិញដល់ចម្ការតែម្តង ហើយថែមទាំងបេះ និងដឹកជញ្ជូនដោយខ្លួនឯងទៀតផង ម្ចាស់ចាំតែថ្លឹង និងគិតរាប់ប្រាក់តែប៉ុណ្ណោះ។

ម្ចាស់ចម្ការរូបនេះបានប្រាប់ថា ផ្លែស្វាយកែវរមៀតគេបែងចែកជា3ប្រភេទ ដែលកាលពីដើមដៃ ប្រភេទលេខ1 ក្នុង1គីឡូក្រាម តម្លៃ1,800រៀល លេខ2ក្នុង1គីឡូក្រាម 1,200ទៅ1,300រៀល និងប្រភេទលេខ3 បាន 800រៀលក្នុង 1គីឡូក្រាម ហើយជាង 90ភាគរយ ត្រូវបានឈ្មួញនាំទៅលក់បន្តនៅប្រទេសវៀតណាម។ លុះពាក់កណ្តាលដៃ ស្វាយស្រាប់តែធ្លាក់ថ្លៃហៅលែងឮតែម្តង ដោយ1គីឡូក្រាមបានត្រឹមតែជាង 200ទៅ 400រៀលប៉ុណ្ណោះ ហើយបេះយកទៅលក់ខ្លួនឯងទៀត ធ្វើឱ្យអ្នកដាំអស់សង្ឃឹមយ៉ាងខ្លាំងដោយសារការខាតបង់ ប៉ុន្តែមកដល់ចុងដៃនេះតម្លៃស្វាយបានឡើងថ្លៃគ្រាន់បើបន្តិចវិញ ដោយអាលេខ 1ក្នុង 1គីឡូក្រាមតម្លៃចន្លោះពី 1,200ទៅ 1,300រៀល និងលេខ2 បាន 600រៀលដែរក្នុង 1គីឡូក្រាម។

អ្នកស្រីក៏បានបន្ថែមដែរថា គាត់មានចម្ការស្វាយចំនួន 2កន្លែង ហើយកាលពីឆ្នាំកន្លងទៅ សល់បាន 6ទៅ 7ពាន់ដុល្លារដែរក្នុង1ឆ្នាំ ប៉ុន្តែឆ្នាំនេះមិនបានដូចឆ្នាំមុនទេ ហើយបើកុំតែចុងដៃនេះឡើងថ្លៃបានបន្តិចវិញនោះ កុំអីប្រាកដជាខាតធ្ងន់ហើយ។ ម្ចាស់ចម្ការខាងលើប្រាប់ថា ស្វាយកែវរមៀតត្រូវចំណាយចាប់តាំងពីដាំ រហូតដល់បានផលត្រូវប្រើរយៈពេល3ឆ្នាំ ចំណែកឯការដាំវិញ គឺត្រូវជីករណ្តៅដាំឃ្លាតពីគ្នាចម្ងាយពី6ទៅ7ម៉ែត្រ និងដាក់ជីលាមកគោបន្តិច ហើយបើខែប្រាំងរាំងស្ងួត 1ខែទៅ2ខែត្រូវបូមទឹកស្រោចម្តង។ ចំពោះការបាញ់ថ្នាំវិញនោះ គឺមិនមែនបាញ់បង្ខំឱ្យផ្លែនោះទេ គឺបាញ់ដើម្បីសម្លាប់សត្វល្អិត ដង្កូវឌួង និងឱ្យកាន់ផ្កានៅពេលមានភ្លៀងប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ គេនិយមច្រកផ្លែស្វាយក្នុងថង់ក្រដាសដើម្បីឱ្យផ្លែវាពណ៌សល្អ ព្រោះលក់បានតម្លៃថ្លៃជាងស្វាយធម្មតា និងអាចការពារកុំឱ្យសត្វល្អិតទិចទៀតផង ហើយបើយើងថែវាល្អក្នុង1ឆ្នាំអាចទទួលផលបានដល់ទៅ3ដងឯណោះ។


ចំណែកឯស្ត្រីជនជាតិវៀតណាមម្នាក់ដែលជាឈ្មួញចូលមកទិញស្វាយក្នុងចំណោមឈ្មួញដ៏ទៃទៀតក៏បានប្រាប់ដែរថា ទើបតែជាង20ថ្ងៃមកនេះទេដែលខាងវៀតណាមអនុញ្ញាតឱ្យស្វាយខ្មែរចូលដោយអនុញ្ញាតឱ្យដឹកឡានចូល (កាលពីកណ្តាលដៃអនុញ្ញាតឱ្យដឹកតែតាមម៉ូតូ) ទើបស្វាយបានថ្លៃឡើងវិញនេះ។ កាលពីមុនគេមិនឱ្យចូលទេដោយប្រាប់ថា ស្វាយខ្មែរមិនទាន់បានចុះបញ្ជីការត្រឹមត្រូវ ក្រោយមកឱ្យចូលដែរតែកំណត់ឱ្យដឹកតែតាមម៉ូតូប៉ុណ្ណោះ ជាហេតុធ្វើឱ្យស្វាយចុះថ្លៃ តែឥឡូវវៀតណាមអនុញ្ញាតវិញហើយ ទើបអ្នកស្រីអាចចូលមកទិញវិញបាន ដោយក្នុង1ថ្ងៃអាចប្រមូលទិញបានប្រមាណ30តោនដែរ ព្រោះតែស្វាយក៏ជិតផុតរដូវហើយដែរ និង1គីឡូក្រាមសម្រាប់ស្វាយលេខ1ទិញក្នុងតម្លៃ1,300រៀល និងលេខ2ថ្លៃ600រៀល និងដឹកចេញតាមច្រកព្រំដែនចក្រី ខេត្តព្រៃវែង។ ដែលក្នុង1ថ្ងៃៗ អ្នកស្រីត្រូវចំណាយលុយជាង2លានរៀលទៅលើកម្មករបេះស្វាយ និងដឹកជញ្ជូនឡើងពីចម្ការ ព្រមទាំងរើស និងរៀបស្វាយដាក់ចូលកេស៕

Advertisement