ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​ កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ និង​មាន​ទីផ្សារ​ល្អ​

កិច្ចការ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​រស់នៅ​ជាប់​បឹងទន្លេសាប​ គឺ​ការកែច្នៃ​ត្រី​ស្រស់​ទៅជា​អាហារ​ទុកបម្រុង​ដែល​អាច​រក្សាទុក​បរិភោគ​បាន​យូរ​ មាន​ដូចជា​ ប្រហុក​ ផ្អក​ ត្រីឆ្អើរ​ ហើយ​ត្រីងៀត​ក៏​ជា​អាហារ​បម្រុង​ដ៏​ពេញនិយម​មួយ​ដែរ​ តែ​កំពង់ចាម​ជា​ខេត្ត​មួយ​ដែល​មាន​ដងទន្លេ​មេគង្គ​ដ៏​ធំ​ស្ថិតនៅ​ចំកណ្ដាល​ដែល​ក៏​ជា​ជង្រុក​ត្រី​ទឹកសាប​ដ៏​ធំ​មួយ​ដែរ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ស្រុក​មួយចំនួន​នៃ​ខេត្ត​នេះ​ក៏​មាន​ភាព​ល្បីល្បាញ​ក្នុង​ការកែច្នៃ​ត្រី​ស្រស់​មិនចាញ់​ខេត្តពោធិ៍សាត់​ និង​ច្រើនជាង​ខេ​ត្ត​ផ្សេង​ៗទៀត​ដែល​នៅ​ជុំវិញ​បឹងទន្លេសាប​ដែរ​ ហើយ​ខេត្ត​កំពង់ចាម​អាច​ចាត់ទុកថា​ជា​ខេត្ត​ដែល​នាំចេញ​ និង​ចែកចាយ​ត្រីងៀត​ធំជាង​គេ​ផង​ដែរ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុងចំណោម​ឈ្មួញ​ត្រី​ងៀត​ធំៗ​នៅ​ខេត្ត​កំពង់ចាម​ អ្នក​កែច្នៃ​ផលិតផល​ត្រី​ធ្វើជា​ត្រីងៀត​ម្នាក់​ដែរ​ គឺ​លោក​ សុខ​ ឃីម​ ម្ចាស់​សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​ ស្ថិតនៅ​ភូមិ​កំ​ប៉ាល​ ឃុំ​សណ្តែក​ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ លោក​បាន​កែច្នៃ​ និង​ប្រកប​អាជីវកម្ម​ត្រីងៀត​នេះ​អស់​រយៈពេល​យូរឆ្នាំមកហើយ​ តែ​ទើបតែ​ 3ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ​ដែល​ផលិតផល​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​របស់​លោក​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពីអ​តិថិ​ជន​ក្នុង​ស្រុក​ ក៏ដូចជា​ក្រៅ​ស្រុក​ដែរ​ ដោយមាន​ការ​ជាវ​ និង​បញ្ជាទិញ​ជាហូរហែ​ ដែល​ធ្វើ​ឱ្យ​លោក​មាន​គោលដៅ​នឹង​ពង្រីក​មុខរបរ​ឱ្យ​មាន​លក្ខណៈ​ធំជាង​នេះ​ទៀត​។

លោក​ សុខ​ ឃីម​ បានឱ្យ​ដឹង​ថា​៖“ជាង15ឆ្នាំ​រហូតដល់​ពេលនេះ​ ដែល​កាល​ដំបូង​ឡើយ​ ការកែច្នៃ​ផលិតផល​ត្រីងៀត​ ខ្ញុំ​បាន​ធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​ គឺ​ម្តាយ​របស់ខ្ញុំ​ជា​អ្នក​ប្រកបរបរ​នេះ​តាំងពី​ដើម​រៀងមក​។ ទើបតែ​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​ អាជីវកម្ម​ត្រីងៀត​លក្ខណៈ​គ្រួសារ​របស់ខ្ញុំ​ក៏បាន​ពង្រីក​ខ្លួន​ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ហ្វេ​សប៊ុ​កYouTube​ ពី​បច្ចេកទេស​នៃ​ការ​ប្រឡាក់ត្រី​ ការរៀបចំ​អនាម័យ​ ប្រសើរ​ជាង​អ្វី​ដែល​ធ្លាប់​បាន​អនុវត្ត​ គួបផ្សំ​ និង​ប្រវត្តិ​ដែល​គ្រួសារ​របស់ខ្ញុំ​បាន​ធ្វើ​ ទើប​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​ច្រើនឡើង​ ហើយ​ទីផ្សារ​ក៏​មានការ​រីកចម្រើន​ធំជាង​មុន​ដែរ​”។

លោក​ សុខ​ ឃីម​ វ័យ​ 28ឆ្នាំ​ ម្ចាស់​សិប្បកម្ម​ត្រីងៀត​ឆ្ងាញ់​កំពង់ចាម​ ក៏បាន​រំឭក​ឱ្យ​ដឹងផង​ដែរ​ថា​កាលពី​ដំបូង​ ការ​ធ្វើត្រី​ 1រដូវ​ គឺ​មានតែ​ប្រមាណ​ 200​គីឡូក្រាម​ប៉ុណ្ណោះ​។ តែម​កដល់ពេល​បច្ចុប្បន្ន​ ការ​ធ្វើ​រយៈពេល​ 1ខែ​បាន​ជាង​ 30គីឡូក្រាម​ ឬក៏2​-3ខែ​អាច​បាន​ជាង​ 90គីឡូក្រាម​ដែរ​។ ឯត្រី​ដែល​យក​មក​ផលិត​ជា​ងៀត​ គឺ​បាន​នាំមក​ពី​បឹងទន្លេសាប​ និង​ត្រី​ទន្លេ​ និង​បឹង​នៅក្នុង​ប្រទេស​យើង​ ហើយ​ត្រីងៀត​ត្រូវ​បាន​ធ្វើឡើង​ពី​ត្រី​ 3ប្រភេទ​ គឺ​ត្រីរ៉ស់​ ត្រីដៀប​ និង​ត្រីឆ្តោ​។ ត្រី​រស់​ត្រូវ​បាន​យក​ពី​បែ​នៅក្នុង​ទន្លេ​មាន​ចម្ងាយ​ប្រហែល25គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក​។

លោក​ សុខ​ ឃីម​ បានឱ្យ​ដឹង​ទៀត​ថា​៖“ការ​ច្នៃ​ត្រីងៀត​ គឺ​ច្រើន​ធ្វើ​ចាប់ពី​ខែធ្នូ​ រហូតដល់​ដើមខែ​មិថុនា​ ប៉ុន្តែ​ឥឡូវ​ឱ្យ​តែ​មាន​អ្នកបញ្ជា​ទិញ​ គឺ​យើង​ត្រូវ​រៀបចំ​ឱ្យ​ម៉ូយ​ជា​បន្ត​ ដោយ​ត្រីងៀត​មួយចំនួន​ធំ​ត្រូវលក់​ទៅ​ម៉ូយ​នៅ​ភ្នំពេញ​ ដែល​ភាគច្រើន​យក​ទៅ​លក់​នៅ​បុរី​ ដែល​ក្នុង1ម៉ូយ​ទទួលយក​ទៅ​លក់​ប្រមាណ​ ជា110​-120kg​ ហើយក៏​មាន​មួយចំនួន​ទៀត​ នាំទៅ​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​៖“នៅ​ឆ្នាំនេះ​ខ្ញុំ​ច្នៃ​ត្រី​បាន​ច្រើនជាង​ការ​រំពឹង​ទុក​ ព្រោះថា​ការ​បញ្ជាទិញ​ត្រី​របស់ខ្ញុំ​មិន​ត្រឹមតែ​អ្នក​នៅក្នុង​ស្រុក​ទេ​ ក៏​មាន​អ្នក​នៅ​ក្រៅ​ស្រុក​បាន​បញ្ជាទិញ​ជាច្រើន​គួរសម​ដែរ​។សម្រាប់​ការ​បញ្ជាទិញ​ពី​អ្នក​នៅ​ក្រៅ​ស្រុក​ មាន​អ្នក​អាណិកជន​ ពី​ប្រទេស​អាមេរិក​ កាណាដា​ អូស្ត្រាលី​ អុី​តា​លី​ ជប៉ុន​ និង​កូ​រ៉​ ហើយ​វា​ក៏​ជាទី​ផ្សារ​ដែល​អាច​រីកចម្រើន​នៅពេល​ខាងមុខ​បាន​”។

លោក​បាន​បញ្ជាក់​ថា​៖“ខ្ញុំ​មិនមែន​មានតែ​ផលិតផល​ កែ​ឆ្នៃ​ត្រីងៀត​តែមួយមុខ​ទេ​ ខ្ញុំ​មាន​ផលិតផល​កែ​ឆ្នៃ​ត្រី​ច្រើនមុខ​ ព្រោះ​មាន​ផលិតផល​ច្រើន​ដែល​បាន​ផលិត​។ ផលិតផល​ត្រី​ទាំងនោះ​ រួមមាន​ត្រីងៀត​ត្រីរ៉ស់​ ត្រីងៀត​ប្រភេទ​ឆ្តោ​ ត្រី​កន្ធរ​ ត្រីប្រឡាក់​ ប្រហុក​ ផ្អក​ ត្រីផាត់​ និង​ងៀត​គោ​ជាដើម​ ដែល​ងៀត​គោ​ ក៏​ត្រូវ​បាន​គេ​ចាប់ផ្តើម​បញ្ជាទិញ​ជា​បណ្តើរ​ៗហើយ​ដែរ​”។

លោក​ បាន​និយាយ​បន្ត​ថា​ បន្ទាប់ពី​ច្នៃ​រួច​ ត្រីងៀត​ប្រភេទ​ត្រីរ៉ស់​ងៀត​លោក​លក់​ចេញ​ក្នុង​តម្លៃ1​គីឡូក្រាម​ថ្លៃ6ម៉ឺន​រៀល​ រី​ឯត្រីដៀប​អាច​មានតម្លៃ​ថោកជាង​បន្តិចបន្តួច​ ត្រីប្រឡាក់​ ផ្សេងទៀត​ក៏​មាន​តម្លៃ​ផ្សេង​ៗគ្នា​ដែរ​។ តម្លៃ​នេះ​បើ​គិតទៅ​លើ​ទីផ្សារ​មិនជា​ថ្លៃ​ លើ​តម្លៃ​សិប្បកម្ម​កែច្នៃ​ដទៃទៀត​ទេ​ ដោយសារ​របស់​យើង​មាន​អនាម័យ​ និង​ការ​ទទួលស្គាល់​ពី​ម៉ូយ​ ដែល​ពួកគាត់​អាច​ទទួលយក​បាន​។

លោក​សុខ​ ឃី​មបានឱ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​ការ​បញ្ជាទិញ​ បើ​គិតជា​មធ្យម​គឺ​ប្រមាណ​ 90Kg​ ក្នុង1​ ខែ​(90×60,000​=5,400,000​ (ប្រាំ​លាន​បួន​សែន​រៀល​ស្មើនឹង1300​$)និង​មានការ​បញ្ជាទិញ​ថ្មី​ ពី​ផ្សារ​ ធម្មជាតិ​នៅ​ភ្នំពេញ​ចំនួន150​-200kgផង​ដែរ​។ នេះ​គ្រាន់តែ​ ជា​ការ​គិត​ ត្រឹមតែ​ផលិតផល​ កែ​ឆ្នៃ​ត្រីងៀត​ត្រីរ៉ស់​មួយ​មុខ​ទេ​ នៅ​មាន​ផលិតផល​កែ​ច្ចៃ​ជាច្រើន​មុខ​ទៀត​។

ចំពោះ​ការ​បញ្ជាទិញ​ទៅក្រៅ​ប្រទេស​វិញ​ លោក​សុខ​ ឃី​មបានឱ្យ​ដឹង​ថា​៖“ខ្ញុំ​ទទួល​បានការ​បញ្ជាទិញ​ទៅកាន់​សហរដ្ឋអាមេរិក​ កាណាដា​ប្រមាណ​ជា30​-40Kg​ ដែល​ក្នុង1ម្ចាស់​ប្រមាណ​ជា10kg​ ហើយ​ ក្នុង1kg​ ខ្ញុំ​លក់​បាន​តម្លៃ18​$ តែ​តម្លៃ​ផ្ញើ​តាម​ប្រៃសណីយ៍​កម្ពុជា​ អ្នកបញ្ជា​ទិញ​គេ​ជា​អ្នក​ចំណាយ​។ បើ​គិត​ទៅ​ ត្រី​ត្រឹម5Kgត្រូវ​ចំណាយ​ប្រហែលជា200​$។ ពោល​គឺ​បើ​គិតជា​មធ្យម​ត្រី1kgអាច​មានតម្លៃ45​$”។

លោក​បាន​រៀបរាប់​អំពី​របៀប​ធ្វើត្រី​ងៀត​ដូច​តទៅ​៖ បន្ទាប់ពី​ប្រឡាក់​អំបិល​ និង​ស្ករ​រួច​ ត្រី​នោះ​ត្រូវ​ហាលថ្ងៃ​រយៈពេល​ 2ថ្ងៃ​កន្លះ​ ទៅ3ថ្ងៃ​។ លោក​ពន្យល់​ថា​ ត្រីងៀត​មិន​ព្រួយបារម្ភ​ថា​មាន​មេរោគ​ទេ​ ព្រោះ​មុន​បរិភោគ​ត្រូវ​ចម្អិន​។ រូបមន្ត​ធ្វើត្រី​ងៀត​ស្តង់ដារ​ ឆ្ងាញ់​ត្រូវ​ប្រើ​គ្រឿងផ្សំ​៖ត្រីរ៉ស់​ធម្មជាតិ​ ធ្វើ​ស្អាត​វះ​ជា​បន្ទះ​ៗចំនួន10គីឡូក្រាម​ត្រូវ​ប្រើ​អំបិល​350g​ និង​ស្ករ800g​(ប៊ីចេង1ចឹប​ដាក់​ក៏បាន​ មិន​ដាក់​ក៏បាន​)។ ពេល​ធ្វើ​ត្រូវ​លាង​ត្រី​ទុក​ឱ្យ​ស្រស់ទឹក​ រួច​ដាក់​ចូល​ចានដែក​ធំ​មួយ​ រួច​យក​អំបិល​លាយ​ជាមួយ​ស្ករ​ និង​ប៊ីចេង​រួច​យក​ល្បាយ​អំបិល​នោះ​មក​ចាក់​លើ​សាច់​ត្រី​ច្របល់​ច្របាច់​ ប្រឡាក់​វា​ចូលគ្នា​រហូតដល់​វា​ចេញ​ទឹក​រួច​បន្ត​ច្របាច់​ឱ្យ​សព្វ​សាច់​ត្រី​រហូតដល់​ទឹក​វា​ឡើង​ខាប់​ស្អិត​ សឹម​ឈប់​រួច​យក​ត្រី​នោះ​ទៅ​ក្លា​ស្សេ​ក្នុង​ទូ​ត្រជាក់​ ឱ្យ​សាច់​ត្រី​ត្រជាក់​ស្រឹប​ សឹម​លើក​វា​ហាលថ្ងៃ​ពេល​មេឃ​កំពុង​ក្តៅ​ខ្លាំង​ ល្ងាច​សាវា​ទុក​ ព្រឹក​លើក​វា​ហាល​ជា​បន្ត​ទៀត​ ហាល2​-3ថ្ងៃ​ឱ្យ​ល្មម​វា​ក្រៀម​ល្អ​ សឹម​ឈប់​ហាល​។ត្រូវ​រក្សា​ត្រីងៀត​ក្នុង​កន្លែង​ត្រជាក់​តែ​ស្ងួត​ល្អ​។គេ​អាច​ទទួលទាន​ត្រីងៀត​អាំង​ ឬចៀន​ជាមួយ​បាយស​ បបរស​ ឬអាំង​វា​បុក​ធ្វើសាច់​ត្រីផាត់​ ច្រក​ក្រឡ​ទុក​ទទួលទាន​ ឬច្នៃ​វា​ធ្វើជា​ម្ហូប​ផ្សេង​ៗទៀត​នៅពេល​ក្រោយ​។

លោក​សុខ​ ឃី​មបាន​បញ្ជាក់​ពី​គោលបំណង​របស់​លោក​ថា​៖“ខ្ញុំ​គិតថា​ នឹង​ពង្រីក​ការកែច្នៃ​សិប្បកម្ម​ត្រីងៀត​របស់ខ្ញុំ​ឱ្យ​ធំជាង​នេះ​ ព្រោះ​បច្ចុប្បន្ន​វា​នៅ​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ​។ ខ្ញុំ​នឹង​បង្កើតShop​តូច​មួយ​នៅ​ភ្នំពេញ​ ងាយស្រួល​នឹង​ធ្វើការ​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ក៏ដូចជា​ទីផ្សារ​ក្រៅ​ស្រុក​ដើម្បី​សម្របសម្រួល​កិច្ចការ​ ដែល​មានការ​បញ្ជា​ទិញ​កាន់តែ​ច្រើនឡើង​ និង​អាច​បង្កើន​បុគ្គលិក​ផង​ដែរ​សម្រាប់​អាជីវកម្ម​របស់ខ្ញុំ​”៕

Advertisement