កម្មវិធី Property Awards រដូវកាលទី3 បានចាប់ផ្ដើមហើយ ដោយនៅតែរក្សាតម្លាភាពជូនអ្នកចូលរួម

បន្ទាប់ពីកម្មវិធី Property Awards នារដូវកាលទី2 ត្រូវបានបញ្ចប់ដោយទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីម្ចាស់គម្រោងអភិវឌ្ឍន៍យ៉ាង ច្រើន កម្មវិធីនេះក៏ត្រូវបានប្រកាសឡើងសារជាថ្មី ដើម្បីឱ្យម្ចាស់គម្រោងនានាបានដាក់ពាក្យចូលរូមប្រកួតនារដូវកាលទី3។

នៅព្រឹកថ្ងៃនេះ គណៈកម្មការរៀបចំកម្មវិធី Property Awards បានប្រកាសឱ្យមានការចូលរួមដាក់ពាក្យចាប់ពីថ្ងៃទី21 ខែមិថុនា នេះតទៅ ដែលការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារសូហ្វីតែលភូគីត្រា។

លោក Terry Blackburn នាយកគ្រប់គ្រង Asia Property Awards  and Property Report បានលើកឡើងថា ដ្បិតតែកម្មវិធីនេះទើបតែធ្វើឡើងនៅកម្ពុជារយៈពេលពីរឆ្នាំប៉ុណ្ណោះ ប៉ុន្ដែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកជាច្រើន ដោយសារតែពួកគេបានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ការចូលរួមក្នុងកម្មវិធីមួយនេះ។

លោកបន្ដថា៖” អ្វីដែលធ្វើឱ្យអ្នកចូលរួមប្រកូតមានភាពជឿជាក់លើកម្មវិធីគឺការផ្ដល់តម្លាភាព និងគណនេយ្យភាពជូនដល់ពួកគេ តាមរយៈការវាយតម្លៃយ៉ាងសុក្រិតពីក្រុមហ៊ុនសាវនកម្ម BDO ដែលជាក្រុមហ៊ុនលំដាប់ទី 5នៅលើពិភពលោក”។ កម្មវិធី Property Awards បានបង្កើតឡើងរយៈពេល 12ឆ្នាំមកហើយ ដែលធ្លាប់រៀបចំ និងទទួលបានជោគជ័យនៅប្រទេស ថៃ ម៉ាឡេស៊ី សង្ហបុរី វៀតណាម ជាដើម។ ដោយឡែកកម្ពុជាទើបតែមានការរៀបចំជាលើកដំបូងកាលពីឆ្នាំ2016កន្លងទៅនេះ និងទើបតែបញ្ចប់កម្មវិធីរដូវកាលទី2 កាលពី 3ខែកន្លងទៅ។

លោក សន សៀប ជាអ្នកដឹកនាំគណវិនិច្ឆ័យនៅក្នុងកម្មវិធី Property Awards បានលើកឡើងថា តាមរយៈបទពិសោធណ៍របស់លោកកន្លងមកឃើញថា កម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដែលបានចូលរួមប្រកួត ព្រោះក្រៅពីអាចជួយជម្រុញការលក់ហើយនោះ។ កម្មវិធីនេះក៏ជាសារមួយបញ្ជូនទៅដល់សាធារណជនឱ្យបានដឹងថា គម្រោងតែពួកគាត់បានទិញគឺជាប់បានពានរង្វាន់ និងបានឆ្លងកាត់ការវាយតម្លៃយ៉ាងត្រឹមត្រូវប្រកបដោយតម្លាភាព៕

Advertisement