ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រោងសុំពិភាក្សាបញ្ហាពន្ធអាករលើអតិថិជន

ភ្នំពេញ៖ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោកឧកញ៉ា ហួត អៀងតុង មានប្រសាសន៍ថា នៅសប្តាហ៍ក្រោយនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ នឹងដាក់សំណើរួមគ្នាមួយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងអគ្គនាយកដ្ឋានពន្ធដារដើម្បីពិភាក្សាការងារជុំវិញការដាក់ឱ្យជាប់ពន្ធអាករ (VAT) 10% ទៅលើអតិថិជន។

លោកឧកញ៉ា ហួត អៀងតុង ដែលជាប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករដែរនោះមានប្រសាសន៍ថា ការដាក់ឱ្យជាប់ពន្ធអាក រ(VAT)10% ទៅលើអតិថិជនដែលប្រើសេវាកម្មរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គឺជាការដាក់បន្ទុកបន្ថែមទៅលើពលរដ្ឋដោយពួកគាត់ជួបការលំបាកក្នុងការទទួលយក និងអនុវត្តបានភ្លាមៗ។

Advertisement

លោកថា ការដាក់ឱ្យអនុវត្តភ្លាមៗនេះអតិថិជនមិនបានយល់ច្បាស់ទៅលើការបង់ពន្ធអាករបន្ថែម (VAT) ក្នុងការប្រើប្រាស់សេវាធនាគារដែលជាបន្ទុកបន្ថែមរបស់ពួកគាត់ «វាហាក់ដូចជាអនុវត្តលឿនពេក ដូច្នេះយើងចង់ពិភាក្សារកច្រកចេញណាមួយដែលជាដំណោះស្រាយ ហើយបើតាមការចង់បានយើងចង់ឱ្យក្រសួងក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារពន្យាពេលក្នុងការអនុវត្តសម្រាប់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមានពេលជូនដំណឹងទៅដល់អតិថិជន និងធ្វើកិច្ចការរដ្ឋបាលផ្សេងៗនៅក្នុងអង្គភាពនីមួយៗ»។

គួររំលឹកថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី25 ឧសភា បានចេញប្រកាសមួយបញ្ជាក់ពីការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ដែលបានកំណត់ថាសេវាហិរញ្ញវត្ថុដែលមិនជាប់ VAT ជាសេវាហិរញ្ញវត្ថុមូលដ្ឋានដែលកំណត់តែប្រតិបត្តិការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ប៉ុន្តែមិនរួមបញ្ចូលកម្រៃសេវាផ្សេងៗទៀតនោះទេ។ សេវាដែលជាប់កាតព្វកិច្ចបង់ពន្ធលើតម្លៃបន្ថែម10ភាគរយ ឧទាហរណ៍រួមមានកម្រៃលើសេវាផ្ទេរប្រាក់ កម្រៃសេវាវាយតម្លៃលើការទទួលកម្ចី ឬ សេវាផ្នែកច្បាប់ សេវាថែទាំគណនេយ្យជាដើម រួមទាំងសេវាជាច្រើនផ្សេងៗទៀត។

អ្នកជំនាញធនាគារបានប៉ាន់ប្រមាណថាចំណូលសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុ រួមមានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងមួយឆ្នាំគ្រឹះស្ថានទាំងពីរអាចរកបានពីកម្រៃសេវា និងសោហ៊ុយបូកបញ្ចូលគ្នាមានប្រមាណ 300លានដុល្លារដែលមានន័យថា រដ្ឋាភិបាលអាចប្រមូលអាករពីសេវាទាំងនេះប្រមាណ 30លានដុល្លារ ក្នុងមួយឆ្នាំដែល 30លានដុល្លារ គឺទទួលបានពីអតិថិជនជាអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដូចជាកម្រៃលើសេវាផ្ទេរប្រាក់ កម្រៃសេវាវាយតម្លៃលើការទទួលកម្ចី ឬ សេវាផ្នែកច្បាប់ សេវាថែទាំគណនេយ្យជាដើម រួមទាំងសេវាជាច្រើនផ្សេងៗទៀត៕

Advertisement