រយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត​ 3លាន​នាក់​

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ រយៈពេល​ 5ខែ​ ឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 2,888,461​នាក់​ កើនឡើង​ 11.4​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ មានការ​ធ្លាក់ចុះ​ខ្លះ​។

ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ទាំងនោះ​ រួមមាន​៖1- ចូល​តាមផ្លូវអាកាស​ចំនួន​ 2,018,935នាក់​កើនឡើង​ 16.9​% ក្នុង​នោះ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ​ចំនួន​ 923,771នាក់​ កើនឡើង17.6​%។ តាម​ច្រក​ទ្វារ​អន្តរជាតិ​សៀមរាប​ចំនួន​ 846,267នាក់​ ថយ​ចុះ​ 4.5​% និង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន​ 248,897នាក់​ កើនឡើង​ 344.9​%។2-ចូល​តាមផ្លូវគោក​ចំនួន​ 785,774នាក់​ ថយ​ចុះ​ 1.1​%។3-ចូល​តាមផ្លូវទឹក​ចំនួន​ 83,752នាក់​ កើនឡើង​ 15.4​%។

គួរ​កត់សម្គាល់​ថា​ ភ្ញៀវ​ដែល​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​កើនឡើង​រហូត​ដល់​ 391.8​% តាម​របាយការណ៍​នោះ​បាន​បង្ហាញថា​ ភ្ញៀវ​ទេសចរ​ចិន​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ1​ បន្ទាប់មក​ភ្ញៀវ​មក​ពី​វៀតណាម​ ឡាវ​ ថៃ​ កូរ៉េ​ អាមេរិក​ ជប៉ុន​ អង់គ្លេស​ បារាំង​ និង​ម៉ាឡេស៊ី​។ តាម​តួលេខ​សម្រាប់​ 5ខែ​ដើមឆ្នាំ2019​ នេះ​ ភ្ញៀវ​ទេសចរ​ចិន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ មាន​ចំនួន​ 1,103,570​ នាក់​ ស្មើនឹង​ 38.2​% នៃ​ចំនួន​សរុប​ កើនឡើង​ប្រមាណ​ 40​% និង​ឈរ​លំដាប់​លេខ1​។ ចំណែក​ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ចំនួន​ 322,756​ នាក់​ ស្មើនឹង​ 11.2​% ថយ​ចុះ០.4​% ឈរ​លំដាប់ថ្នាក់​លេខ2​។

ទន្ទឹម​នោះ​ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឡាវ​ដែល​ឈរ​លំដាប់ថ្នាក់​លេខ3​ មាន​ចំនួន​ 187,954​ នាក់​ ស្មើនឹង​6.5​% នៃ​ចំនួន​សរុប​ កើនឡើង​ 5.8​% ខណៈ​ដែល​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​ឈរ​លំដាប់ថ្នាក់​លេខ4​ មាន​ចំនួន​ 150,396នាក់​ ស្មើនឹង​ 5.2​% នៃ​ចំនួន​សរុប​ កើន​ឡើង​ 10.8​% ហើយ​ភ្ញៀវ​មក​ពី​កូរ៉េ​ឈរ​លំដាប់ថ្នាក់​លេខ5​ មាន​ចំនួន​ 150,396នាក់​កើនឡើង​ 10.4​%។

ចំពោះ​តំបន់​ទេសចរណ៍​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ជា​តំបន់​អាទិភាព​សំ​ខាន់​ៗក្នុងរយៈពេល​ 5ខែ​ ដើម​ឆ្នាំ2019​ នេះ​ គឺ​តំបន់​ភ្នំពេញ​ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 1,770,620​ នាក់​កើន​ ឡើង​ 27.6​% ធៀប​នឹង​ឆ្នាំ​2018​។ តំបន់​សៀមរាប​អង្គរ​ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 1,117,841នាក់​ ស្មើនឹង​ 32.6​% ថយ​ចុះ​ 7.3​% ។

ដោយឡែក​តំបន់ឆ្នេរ​សមុទ្រ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 504,495នាក់​ ស្មើនឹង14.7​% កើនឡើង​ 22​% ខណៈ​ដែល​តំបន់​អេកូ​ទេសចរណ៍​ភូមិ​ភា​គឥ​ឦសាន​ ទទួល​បាន​ 38,432​ នាក់​ កើនឡើង​ជិត​ 11​% ធៀប​នឹង​ឆ្នាំ2018​។ តំបន់​ប្រាសាទព្រះវិហារ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន27,712​នាក់​ ថយ​ចុះ​ 1.3​% ធៀប​នឹង​ឆ្នាំ2018​។

របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​ចំនួន​អ្នកទេសចរ​កម្ពុជា​ដែល​ចេញទៅ​ក្រៅប្រទេស​ក្នុងរយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ ផង​ដែរ​ គឺ​មាន​ចំនួន​ 842,754នាក់​ កើនឡើង​ជិត​ 4% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់​ថា​៖ “នៅ​ឆ្នាំ2018​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​ តាមផ្លូវ​អាកាស​ប្រមាណ​ 10លាន​នាក់​ជាមួយនឹង​អត្រា​កំណើន​ 23​% បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល​បាន​ជាង​ 1.7លាន​នាក់​ និង​បាន​ចូលរួម​ចំណែក​ក្នុង​ចំណូល​សេដ្ឋកិច្ច​ប្រមាណ​ជា​ 2.7ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ អង្គរ​អ៊ែរ​ បាន​ចូលរួម​ចំណែក​ប្រមាណ​ 10​% នៃ​លទ្ធផល​ដ៏​ល្អ​នេះ​”។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្ដម​ ថោង​ ខុន​បាន​មានប្រសាសន៍​ថា​ យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ ប៉ុន្តែ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ2018​ កន្លងមក​ ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ បាន​និង​កំពុង​សិក្សា​រៀបចំផែនការ​មេនេះ​យ៉ាងសកម្ម​។

ផែនការមេ​ នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​ (Eco​-City​) ដែល​ត្រូវ​ធ្វើស​មា​ហរ​ណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ បរិស្ថាន​ និង​ស្ថាបត្យកម្ម​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ (TMP​) របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​៕

Advertisement