ប្រទេសចិនវិនិយោគទឹកប្រាក់ 10ពាន់លានដុល្លារនៅកម្ពុជា

ភ្នំពេញៈ ប្រទេសចិនបានវិនិយោគទឹកប្រាក់ច្រើនជាងគេនៅកម្ពុជា ដែលមានទំហំរហូតដល់10ពាន់លានដុល្លារកាលពីឆ្នាំមុន ជាទំហំវិនិយោគមួយដែលផ្សារភ្ជាប់ទំនាក់ទំនង និងជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅកម្ពុជា។

លោក លី អាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុង វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួញពាណិជ្ជកម្មកម្ពុជា-ចិន ខេត្តសាតុងកាលពីម្សិលមិញថា ដោយមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមានភាពជាដៃគូយ៉ាងសំខាន់នោះ ជាក់ស្តែងនៅឆ្នាំ 2016កន្លងមក ទំហំពាណិជ្ជកម្មទេ្វភាគីកម្ពុជា-ចិនមានចំនួនជាង 47ពាន់លានដុល្លាអាមេរិក កើនឡើង 7.4ភាគរយ គឺជាអត្រាកំណើនឈរក្នុងលំដាប់ថ្នាក់ទី1 នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង10។ ក្នុងនោះបើតាមស្ថិតិភាគីកម្ពុជាគិតត្រឹមចុងឆ្នាំ2016 ចិនបានចុះកិច្ចព្រមព្រៀងវិនិយោគទុននៅកម្ពុជា មានចំនួនជាង 1ម៉ឺនលានដុល្លារអាមេរិក គឺស្មើនឹង 34.3ភាគរយនៃការវិនិយោគទុននៅកម្ពុជា ដោយបានចាត់ទុកកម្ពុជាជាប្រទេសដែលមានសក្តានុពលបំផុតក្នុងការធ្វើពាណិជ្ជកម្មទី1 និងជាប្រភពវិនិយោគទុនទី1ផងដែរ ។

លោកបន្តថា “កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាប្រទេសដែលមានសក្តានុពលបំផុត បច្ចុប្បន្នប្រទេសចិនបានចាត់ទុកកម្ពុជាជាដៃគូយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មទី1 និងជាប្រភពវិនិយោគទុនទី1 នៅកម្ពុជាផងដែរ”។

លោក លី អាន បានបន្តទៀតថា បច្ចុប្បន្នប្រទេសទាំងពីរកំពុងទទួលបានសមិទ្ធផលយ៉ាងសកម្ម នៅក្នុងកិច្ចសហប្រតិបត្តិការវិនិយោគមួយដ៏មានតម្លៃបំផុត ដែលបានបម្រើផលប្រយោជន៍ដល់សង្គមមួយកំពុងមានការអភិវឌ្ឍយ៉ាងខ្លំាង ដូចជាវិស័យថាមពលអគ្គិសនី កសិកម្ម ការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងទូរគមនាគមន៍ជាដើម ។

លោកហោ ដារិទ្ធ អនុរដ្ឋលេខាធិការក្រសួងផែនការ ក៏បានថ្លែងនូវការសាទរចំពោះសមាគមអភិវឌ្ឍសេដ្ឋកិច្ចខេត្តសានតុងនៅកម្ពុជាដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍ និងជាការជួយ ជំរុញបង្កើនដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលធ្វើឲ្យកម្ពុជាទទួលផលវិជ្ជមានជាច្រើនមកដល់ពេលបច្ចុប្បន្ន។ ដើម្បីជាផ្លូវតម្រង់ទិសក្នុងការអភិវឌ្ឍកាន់តែប្រសើរនោះ ក្រសួងផែនការកំពុងរៀបចំផែនទីបង្ហាញផ្លូវភោគសាស្រ្តដែលជាការងារកាន់តែប្រសើរដល់អ្នកវិនិយោគគ្រប់ៗគ្នាផងដែរ៕

Advertisement