មនុស្ស​គ្រប់គ្នា​ គឺ​សុទ្ធតែ​អាច​ក្លាយជា​អ្នកមាន​

ភាពជា​អ្នកមាន​ ខ្ញុំ​បាន​រក​ឃើញថា​ វា​គឺជា​ការបង្កើត​ ឬវា​គ្រាន់តែ​ជាគោល​ដៅ​របស់​មនុស្សយើង​។ ប្រសិនបើ​យើង​មាន​គោលដៅ​ជាក់លាក់​ យើង​ខិតខំ​ធ្វើ​វា​ពិតប្រាកដ​ ថ្ងៃណាមួយ​យើង​នឹង​មាន​សមត្ថភាព​ក្នុង​ការបង្កើត​វា​។ ប្រសិនបើ​យើង​ដេក​រង់ចាំ​សុំ​គេ​វិញ​ គឺ​មិន​ងាយ​ទេ​ ដូច​យើង​រង​ចាំ​ភាពជា​អ្នកមាន​ឱ្យ​ធ្លាក់​មក​ពីលើ​មេឃ​អ៊ីចឹង​។ បើ​យើង​ខ្លាំង​ យើង​នឹង​បង្កើត​វា​បាន​ដោយ​ស្រួល​ តែបើ​យើង​ខ្សោយ​ យើង​នឹង​បង្កើត​វា​បាន​ដោយ​លំបាក​។ ការដែល​យើង​មិន​ចាត់ទុក​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកមាន​ វា​គឺជា​ការប្រមាថ​មនុស្សជាតិ​ ហើយ​អ្នក​ដែល​មិន​ចាត់ទុក​ខ្លួនឯង​អាច​ក្លាយជា​អ្នកមាន​ គឺជា​កូន​អកតញ្ញូ​ ជា​កូន​ប្រមាថ​ឪពុកម្ដាយ​ដែល​ថា​ ឪពុកម្ដាយ​បង្កើត​មក​ហ្នឹង​ គឺ​ចោលម្សៀត​តែម្ដង​។ ដូច្នេះ​ គឺ​ហាម​ដាច់ខាត​ មិន​ត្រូវ​មើលងាយ​ខ្លួនឯង​ទេ​។ ពេល​យើង​ធ្វើអ្វី១​មិនបាន​ មិនមែន​មានន័យថា​ យើង​ធ្វើ​មិនបានទេ​ គឺ​គ្រាន់តែ​យើង​ធ្វើមិនទាន់​បាន​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ គ្មានអ្វី​រៀន​មិន​ចេះ​ ធ្វើ​មិនកើត​ទេ​ គឺ​មាន​តែ​រៀន​មិនទាន់​ចេះ​ និង​ធ្វើមិនទាន់​កើត​។ ការ​ចាត់ទុក​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកមាន​ គឺជា​ការ​ចេះ​គោរព​ឱ្យ​តម្លៃ​មនុស្ស​ ចេះ​អភិវឌ្ឍ​មនុស្ស​ និង​ចេះ​អភិវឌ្ឍ​ខ្លួនឯង​ឥត​ឈប់ឈរ​។ កាលណា​យើង​មាន​ការប្រកួត​ប្រជែង​ពេញលេញ​ នោះ​វា​នឹង​នាំ​ឱ្យ​មាន​សង្គម​រីកចម្រើន​រុងរឿង​គ្មាន​ដែន​កំណត់​។

តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញថា​ មនុស្ស​មិនសូវ​មាន​បញ្ហា​ជាមួយនឹង​សមត្ថភាព​ដើម្បី​ក្លាយជា​អ្នកមាន​ទេ​ ប៉ុន្តែ​ភាគច្រើន​បំផុត​ គឺ​មាន​បញ្ហា​ចរិត​ជា​អ្នកមាន​ ឬគ្មាន​ចរិត​ជា​អ្នកមាន​។ ភាពជា​អ្នកមាន​ គឺ​ពឹងផ្អែក​លើ​ចរិត​ធំជាង85​% ហើយ​ជំនាញ​ឬសមត្ថភាព​តូចជាង15​%។ ដោយសារតែ​ចរិត​របស់​យើង​ វា​បាន​បំផ្លាញ​យើង​ច្រើនណាស់​ ហើយ​វា​បាន​ធ្វើ​ឱ្យ​យើង​គ្មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ និង​សក្ដានុពល​របស់​ខ្លួន​។ តើ​ចរិត​របស់​យើង​កើតមក​ពីណា​? បើ​តាម​ទ្រឹស្ដី​របស់​លោក​ Lao​ Tzu​កំពូល​អ្នកប្រាជ្ញ​របស់​ចិន​បាន​រក​ឃើញថា​ ចរិត​ គឺ​កើត​មក​ពី​គំនិត​ ហើយ​វា​ដូចគ្នានឹង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ដែល​ថា​ ដោយសារ​គំនិត​របស់​យើង​ យើង​បង្កើត​ពិភពលោក​របស់​យើង​។ គំនិត​បង្កើត​បាន​ជា​ពាក្យ​-សម្ដី​ ពាក្យសម្ដី​បង្កើត​បាន​ជាសកម្ម​ភាព​ សកម្មភាព​បង្កើត​បាន​ជា​ទម្លាប់​ ទម្លាប់​បង្កើត​បាន​ជាច​រិត​ និង​ចុងក្រោយ​ចរិត​បង្កើត​បាន​ជា​វាសនា​របស់​យើង​។ គំនិត​ គឺ​ស្មើនឹង​ចរិត​ ប្រសិនបើ​យើង​ប្តូរ​គំនិត​ គឺ​យើង​នឹង​ប្តូរ​ចរិត​របស់​យើង​។

តើ​ធ្វើ​ម៉េច​ដើម្បី​មានគំនិត​? ខ្ញុំ​មាន​សៀវភៅ​ភាព​ជា​អ្នកមាន​កំពូល​ គឺជា​សៀវភៅ​កំពូល​គំនិត​របស់​កំពូល​អ្នកមាន​នៅ​លើ​លោក​ចំនួន30រូប​។ មនុស្ស​ទាំង30រូប​នេះ​ គឺ​អាច​គ្រប់គ្រាន់​នៅក្នុង​អាណាចក្រ​ធំៗ​ទាំង6នៅ​លើ​លោក​ ដែល​ប្រជាពលរដ្ឋ​យើង​អាចយ​កទៅ​ធ្វើការ​សិក្សា​រៀនសូត្រ​បាន​។ សៀវភៅ​នេះ​ គឺ​មាន​ទាំង​នៅក្នុង​អាណាចក្រ​អាជីវកម្ម​ អាណាចក្រ​កុំព្យូទ័រ​ អាណា​ចក្រ​អីុន​ធើ​ណិ​ត អាណាចក្រ​ម្ហូបអាហារ​ អាណា​ក្រ​រាជិនី​អាជីវកម្ម​ និង​អាណាចក្រ​អ្នកបង្កើត​ ហើយ​ខ្ញុំ​សូម​លើកយក​តែ​ចរិត​កំពូល​អ្នកមាន៣រូប​ប៉ុណ្ណោះ​។ ទាំងអស់គ្នា​តែងតែ​ស្គាល់​ថា​ អ្នកមាន​ គឺ​ Bill​ Gates​ ប៉ុន្តែ​អ្នក​ដែល​មាន​ជាង​ Bill​ Gates​ គឺ​ Jeff​ Bezos​ ហើយ​អ្នក​ដែល​មាន​ជាង​ Jeff​ Bezos​ គឺ​ Andrew​ Carnegie​។ លោក​ Bill​ Gates​ មកដល់​ថ្ងៃនេះ​ មាន​ប្រាក់​ប្រមាណ​តែ​100ពាន់​លាន​ដុល្លារ​ ហើយ​លោក​ Jeff​ Bezos​ មាន​ប្រាក់​ប្រហែលជា150ពាន់​លាន​ដុល្លារ​ ហើយ​នៅ​ក្នុង​ចុងឆ្នាំ​នេះ​ អាច​នឹង​ឡើង​ដល់200ពាន់​លាន​ដុល្លារ​។ ចំណែក​មនុស្សម្នាក់​ដែល​យើង​ភាគច្រើន​បំផុត​មិន​ស្គាល់​ គឺ​លោក​ Andrew​ Carnegie​។ គាត់​ គឺជា​កំពូល​អ្នកមាន​បំផុត​លើ​លោក​ ដែល​បាន​បង្កើត​វិថី​អ្នកមាន​ដ៏​អស្ចារ្យ​សម្រាប់​ពិភពលោក​។ លោក​ Andrew​ Carnegie​ មាន​ប្រាក់​ដែលគេ​ធ្វើ​សមមូល​នឹង​បច្ចុប្បន្ន​ គឺ​ជាង370ពាន់​លាន​ដុល្លារ​ មានន័យថា​ គាត់​មាន​លើស​លោក​ Bill​ Gates​ និង​លោក​ Jeff​ Bezos​ ទៅទៀត​។

ចរិត​លោក​ Bill​ Gates​ គឺ​ហាក់បីដូចជា​ស្របគ្នា​មែនទែន​ជាមួយនឹង​លោក​ Jeff​ Bezos​ និង​លោក​ Andrew​ Carnegie​។ លោក​ Bill​ Gates​ តែង​និយាយ​ថា​ ធ្វើការ​អ្វីក៏ដោយ​ គឺ​ដូចជា​ជ្រើសរើស​ប្រពន្ធ​អីចឹង​។ ហេតុអ្វីបានជា​យើង​ជ្រើសរើស​យក​ប្រពន្ធ​តែ1បាន​ តែ​ហេតុអ្វីបានជា​យើង​មិន​អាច​ធ្វើការងារ​តែ1បាន​? គាត់​មាន​ចរិត​៖ ភាព​ស្មោះត្រង់​ ភាព​តស៊ូ​មិន​បោះបង់​ និង​ភាព​ផ្ដោត​លើ​រឿង​តែ១​ហើយ​គាត់​បាន​ក្លាយទៅជា​កំពូល​អ្នកមាន​បំផុត​នៅក្នុង​យុគសម័យ​កុំព្យូទ័រ​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ​ គឺជា​យុគសម័យ​ Internet​ លោក​ Jeff​ Bezos​ ដែល​ជា​ស្ថាបនិក​ Amazon.com​ បាន​ក្លាយ​ទៅ​ជាកំពូល​អ្នកមាន​បំផុត​វិញ​ម្ដង​ គឺ​វា​ស្រប​នឹង​សម័យកាល​។ លោក​ Jeff​ Bezos​ មាន​ចរិត​៖ ខិតខំ​ធ្វើការ​ រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ (Hard​ Work​, Fun​, Make​ History​) ។ លោក​ Andrew​ Carnegie​ មាន​ចរិត​៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ភាព​ផ្ដោត​លើ​រឿង​តែ​។ ភាព​អស្ចារ្យ​ និង​អាថ៌កំបាំង​របស់​កំពូល​អ្នកមាន​បំផុត​លើ​លោក​ គឺជា​អ្វី​ដែល​យើង​ទាំងអស់គ្នា​អាច​រៀនសូត្រ​បាន​។ តើ​យើង​មាន​ភាព​ស្មោះត្រង់​ប៉ុនណា​? តើ​យើង​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ប៉ុនណា​? និង​តើ​យើង​មាន​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ប៉ុនណា​?

ប្រសិនបើ​យើង​ពិនិត្យមើល​បុគ្គល​ទាំង3រូប​នេះ​ ថ្វីត្បិតតែ​គាត់​កើត​នៅពេល​វេលា​ខុសគ្នា​ ប៉ុន្តែ​ពួកគាត់​មាន​លក្ខណៈ​រួម​ជាច្រើន​ដូចគ្នា​។ លោក​ Bill​ Gates​ ៖ ភាព​ស្មោះត្រង់​ ភាព​តស៊ូ​មិន​បោះបង់​ និង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ចំណែក​ឯលោក​ Andrew​ Carnegie​ ៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ និង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ហើយ​លោក​ Jeff​ Bezos​ ៖ខិតខំ​ធ្វើការ​ រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​។ តើមាន​ភាព​ខុសគ្នា​អ្វីខ្លះ​? ភាគច្រើន​បំផុត​ គឺ​ដូចគ្នា​។ ភាព​ឧស្សាហ៍​ព្យាយាម​អាច​ស្មើនឹង​ការ​ខិតខំ​ធ្វើការ​ ការបង្កើត​ប្រវត្តិសាស្ត្រ​អាច​ស្មើនឹង​ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ភាព​រីករាយ​អាច​ស្មើនឹង​ភាព​ស្មោះត្រង់​។ មនុស្ស​បើ​មិន​មាន​ភាព​ស្មោះត្រង់​ គឺ​មិន​មាន​ភាព​រីករាយ​ទេ​ ហើយ​អ្នក​ដែល​មិន​មាន​ភាព​រីករាយ​ គឺ​ប្រហែល​មក​ពី​មាន​បញ្ហា​មិន​ស្មោះត្រង់​។

ដូច្នេះ​ ភាពជា​អ្នកមាន​ គឺជា​អ្វី​ដែល​យើង​អាច​រៀនសូត្រ​បាន​ និង​អាចប​ង្កើត​បាន​។ ប្រសិនបើ​យើង​កសាង​ចរិត​ឱ្យ​មាន​៖ ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ ភាព​ផ្ដោត​លើ​រឿង​តែមួយ​ ឬបូកបន្ថែម​ភាព​រីករាយ​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ គឺ​យើង​មាន​ប្រាក់​ច្រើនណាស់​នៅក្នុង​ខ្លួន​យើង​ ហើយ​ទាំងនេះ​ គឺ​យើង​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​៕

Advertisement