ការ​វិនិយោគ​លើ​អចលនទ្រព្យ​ កំពុង​ងាក​ទៅ​រក​ការ​វិស័យ​លំនៅឋាន​វិញ​

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​។ នៅ​រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ ក្រុង​ព្រះសីហនុ​ ក្រុង​ប៉ោយប៉ែត​ បាវិត​ កែប​ និង​តំបន់់​ផ្សេង​ៗទៀត​ ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​ឥត​ឈប់ឈរ​នៃ​ការសាងសង់​ដែល​កំពុង​ដំណើរការ​ ស្រប​ពេល​ដែល​ការ​វិ​និ​យោ​គធំៗ​ភាគច្រើន​មក​ពី​ប្រទេស​ចិន​ដែល​បាន​ជួយ​ជំរុញ​ឱ្យ​មាន​ភាព​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​នេះ​។

ជាក់ស្តែង​ការ​ផ្គត់ផ្គង់​ខុន​ដូ​ អា​ផា​តមិន​ និង​បុរី​និង​លំនៅឋាន​បែប​ស៊ីវិល័យ​ វីឡា​កូនកាត់​ និង​លំនៅឋាន​ក្នុង​តម្លៃ​សមរម្យ​ រួម​ទាំង​ផ្ទះ​ល្វែង​ផ្សេង​ៗទៀត​មានការ​កើនឡើង​ខ្លាំង​។ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ងើប​ចេញពី​ភាព​ក្រីក្រ​ ដោយសារ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​តម្រូវការ​អចលនទ្រព្យ​ក៏​កំពុង​មាន​កំណើន​ច្រើន​ផង​ដែរ​។

រាជធានី​ភ្នំពេញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ ទាំង​អគារ​ពាណិជ្ជកម្ម​ ផ្សារ​ទំនើប​ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ ដែល​បាន​បញ្ចប់​ការសាងសង់​ក្នុង​ពេល​ថ្មី​ៗ កំពុង​ដំណើរការ​ និង​ខ្លះទៀត​ស្ថិតនៅ​ក្នុង​ផែនការ​វិនិយោគ​សាងសង់​ ពិសេស​ក្នុង​តំបន់​អភិវឌ្ឍន៍​ជាយក្រុង​ ការ​វិនិយោគ​ក៏​កំពុងតែ​ងាក​ទៅ​រក​សំណង់​បែប​លំនៅឋាន​ ដោយសារ​ចរន្ត​នៃ​តម្រូវការ​នឹង​មិន​ធ្លាក់​ចុះ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ទេ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មាន​ប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“យើង​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​ 2-3 ដែរ​ ទាំង​គម្រោង​ជប៉ុន​ផង​ គឺ​ទាក់ទង​នឹង​កម្រិតជីវភាព​របស់​ប្រជា​-ពលរដ្ឋ​យើង​ ធៀប​នឹង​កំណើនGDP​ យើង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ និង​ឈាន​ទៅជា​ប្រទេស​អភិវឌ្ឍន៍​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ប្រជាជន​មានលទ្ធភាព​វិនិយោគ​ មានលទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​ស្នាក់នៅ​ជាជាង​គាត់​ជួលផ្ទះ​គេ​ស្នាក់នៅ​”។

លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​ យើង​មើលឃើញ​ថា​ ការ​ផ្គត់ផ្គង់​លើ​លំនៅឋាន​តម្លៃ​ខ្ពស់​ និង​តម្លៃ​មធ្យម​ទទួល​បាន​ជោគជ័យ​ច្រើន​កន្លែង​ច្រើន​ដែរ​ហើយក៏​មានការ​ងាក​មក​ចាប់អារម្មណ៍​ និង​ការ​ជ្រើសរើស​សម្រាប់​លំនៅឋាន​ដែល​មានតម្លៃ​ទាប​ ក៏​គេ​ឃើញថា​ ទទួលជោគជ័យ​ផង​ដែរ​។លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​៖“បើ​យើង​ងាក​មក​មើល​ពី​លក្ខណៈ​សណ្ឋាន​នៃ​លំនៅឋាន​របស់​អតិថិជន​យើង​វិញ​ គឺ​នៅតែ​មាន​ទំហំ​ធំ​ក្នុង​ការទិញ​គេហដ្ឋាន​ដដែល​ ហើយ​គម្រោង​ផ្សេងទៀត​ក៏​មាន​ជាបន្តបន្ទាប់​ដែរ​ ទោះបីជា​មានផ្ទះ​ក្នុង​តម្លៃ​សមរម្យ​ដែល​ជា​គម្រោង​របស់​រដ្ឋ​ដែល​មានតម្លៃ​ចាប់ពី​ 25,000​ ទៅ​ 30,000​ ក្ដី​ បើ​ធៀប​ទៅ​នឹង​ការ​បង់​រំលស់​ក្នុងរយៈពេល​ 20ឆ្នាំ​ គឺ​ការ​បង់​រំលស់​របស់​ពលរដ្ឋ​ ឬមន្ត្រី​រាជការ​ មានលទ្ធភាព​ក្នុង​ចំនួន​ច្រើន​”។

លោក​ឧកញ៉ា​បានឱ្យ​ដឹង​ដែរ​ថា​៖“ចំពោះ​លំនៅឋាន​ ដែល​មានតម្លៃ​ធូរ​ថ្លៃ​នេះ​ គឺ​តម្លៃ​ដែល​អនុញ្ញាត​និង​តម្លៃ​ដែល​អាច​លក់​បាន​សមរម្យ​ ទាល់តែ​ស្ថិតនៅ​ក្នុង​កម្រិត​ចម្ងាយ​ពី​ 20​ ទៅ​ 30គីឡូម៉ែត្រ​(តំបន់​ខ្សែក្រវាត់​ក្រុង​ទី2​ និង​ទី3​)ជា​តម្លៃ​ទាំង​ដី​លំនៅឋាន​ និង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​នៅ​ល្អ​ ក្រៅពី​នេះ​ វា​ក៏​មាន​ទីតាំង​ស្ថិតនៅ​ជិត​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ទីក្រុង​តាមរយៈ​ខ្សែ​បណ្តាញ​ផ្លូ​វធំៗ​ ជាច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នោះ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​៖ “តំបន់​ផ្លូវជាតិ​លេខ3​ ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ព្រោះ​តំបន់​នេះ​ភាគច្រើន​គឺ​មាន​សណ្ឋានដី​ល្អ​ អំណោយផល​ដល់​ការ​អភិវឌ្ឍ​ អ្វី​ដែល​សំខាន់​ និង​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​ចាប់អារម្មណ៍​ចូល​ទៅកាន់​តំបន់​នោះ​។មូលហេតុ​ចម្បង​បំផុត​ គឺ​តម្លៃ​ដី​ទាប​ ស័ក្ដិសម​ទៅ​នឹង​គម្រោង​លំនៅឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ដែល​កំពុងតែ​មាន​ទីផ្សារ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​”។

សូម​បញ្ជាក់​ថា​ ស្រប​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ឋាន​ធំៗ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដូចជា​គម្រោង​បុរី​ពិភព​ថ្មី​ គម្រោង​បុរី​លឹម​ ឈាង​ហាក់​ គម្រោង​បុរី​ឡេង​ ណា​វ៉ាត់​ត្រា​ ដែល​មានតម្លៃ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​នោះ​ ក៏​មាន​គម្រោង​វិនិយោគ​ និង​អភិវឌ្ឍន៍​ទៅជា​មណ្ឌល​ទេសចរណ៍​ និង​លំនៅឋាន​ពីសំណាក់​ក្រុមហ៊ុន​ថៃ​ផង​ដែរ​ បន្ទាប់ពី​មើល​ឃើញថា​ នៅ​តាម​តំបន់​ផ្លូវជាតិ​មួយចំនួន​មាន​សក្ដានុពល​ខ្លាំង​ និង​អាច​មានឱកាស​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ប្រាប់​ពី​ភាព​ទាក់ទាញ​នៃ​តំបន់​ផ្លូវជាតិ​ថា​ ទីផ្សារ​លំនៅឋាន​ពិតជា​មានដំណើរ​ការ​ល្អ​ប្រសើរ​ ខណៈ​អ្នក​វិ​និ​យោ​គធំៗ​នៅតែ​មាន​គម្រោង​ ហើយ​បាន​និង​កំពុង​ទិញ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​សំ​ខាន់​ៗជាច្រើន​ ដូចជា​ផ្លូវជាតិ​លេខ3​ លេខ4​ លេខ5​ ផ្លូវជាតិ​លេខ2​ ជាដើម​។ ការ​ចូលខ្លួន​ទៅ​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅឋាន​នា​ពេលនេះ​ គឺ​នៅតែ​មានឱកាស​ល្អ​ច្រើន​ដដែល​។ លោក​បញ្ជាក់​ថា​ ជា​ធម្មតា​ ទាល់តែ​គេស​ម្លឹង​ឃើញ​ពី​ឱកាស​ទទួល​បាន​ប្រយោជន៍​ និង​ចំណេញ​ ទើប​គេ​បណ្តាក់​ទុន​វិនិយោគ​។

លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ទៀត​ថា​៖ “ខ្ញុំ​មើលឃើញ​ថា​ ទីផ្សារ​លំនៅឋាន​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ដោយសារ​ប្រជាជន​ស្រទាប់​កណ្តាល​ ពិសេស​អ្នកមាន​ជីវភាព​មធ្យម​ជាច្រើន​នៅ​មាន​កង្វះខាត​លំនៅឋាន​នៅឡើយ​។ ទីផ្សារ​លំនៅឋាន​ ពេលនេះ​កំពុង​មាន​សម្ទុះ​ខ្លាំង​ សម្រាប់់​ផ្ទះ​តម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​”។

លោក​បាន​បន្ត​ទៀត​ថា​ ដូចជា​នៅ​តំបន់​ផ្លូវជាតិ​លេខ3​ ពេលនេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ជាពិសេស​ក្រោយពេល​រដ្ឋាភិបាល​បាន​កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​តំបន់​ដែល​មាន​ចម្ងាយ​ប្រមាណ​ 20​ ទៅ​ 30គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ នៅតែ​មាន​ភាពល្អ​ប្រសើរ​លើ​ការ​វិនិយោគ​ទាំងអស់​។

លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖ “ហេតុផល​ដែល​អ្នក​វិនិយោគ​សម្រុក​ទៅ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ ក៏ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ល្អ​ វិសាលភាព​ដី​នៅ​ទូលាយ​ច្រើន​ ហើយ​តម្លៃ​ដី​នៅ​មានកម្រិត​ទាប​ដែល​អំណោយផល​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​។ ពិសេស​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​បំផុត​នៅក្នុង​ប្រទេស​យើង​ មានការ​កើន​ឡើង​ខ្លាំង​ក៏​ពិតមែន​ ប៉ុន្តែ​នៅតែ​មានកម្រិត​ទាប​នៅ​ឡើយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​អចលនទ្រព្យ​ដូចគ្នា​នៅក្នុង​ប្រទេសជិតខាង​”។

ជាមួយនឹង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដែល​កំពុង​ងាក​មករ​កកា​រវិ​និ​យោគ​លំនៅឋាន​នេះ​លោក​ឧកញ៉ា​ លី​ ហួរ​ ក៏​មាន​គម្រោង​ថ្មី​មួយ​ មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ5​ ដែល​មាន​ចម្ងាយ​ប្រមាណ​20គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ដែរ​។ ការ​វិនិយោគ​គម្រោង​នេះ​នឹង​ធ្វើឡើង​នា​ពេល​ខាងមុខ​ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ និង​ទុន​វិ​និ​យោ​គម្រោង​ដ៏​ធំ​នេះ​ថា​ មាន​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​អាមេរិក​នៅឡើយ​ទេ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“គម្រោង​ខ្ញុំ​នេះ​មានផ្ទៃ​ដី​ 150ហិ​កតា​ ជា​គម្រោង​ធំ​មួយ​ ដែល​នឹង​ទាក់ទាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ហើយ​អ្នក​រស់នៅ​ក្នុង​គម្រោង​នេះ​នឹង​មាន​ភាព​ស៊ីវិល័យ​ និង​មាន​អារម្មណ៍​មិន​ចង់​ចាកចេញ​ ដោយសារ​យើង​នឹង​រៀបចំ​សម្រាប់​ផ្តល់​ភាព​ស៊ីវិល័យ​ និង​ងាយស្រួល​ដល់​ការរស់នៅ​។ មាន​ប្រមូលផ្ដុំ​នូវ​អ្វី​ៗគ្រប់យ៉ាង​ និង​មានការ​ដាំ​ដើមឈើ​ ការរៀបចំ​ជា​បឹង​សិប្បនិម្មិត​ និង​គម្រោង​ជាច្រើន​ទៀត​ដែល​ផ្តល់​ផាសុកភាព​ដល់​អ្នក​រស់នៅ​ និង​ជួយ​ដល់​ការ​លើក​កម្ពស់​បរិស្ថាន​ទៀតផង​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖“សម្រាប់​អ្នក​វិ​និ​យោគ​លើ​សំណង់​លំនៅឋាន​ ការសង្កេត​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ និង​ក្នុង​តំបន់​ដែល​ចង់​វិនិយោគ​ គឺ​ត្រូវ​វិភាគ​ទៅលើ​កត្តា​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ ដើម្បី​ចៀសវាង​ការទិញ​ផ្ទះ​ ហើយ​ទុកចោល​គ្មាន​តម្រូវការ​។ ការទិញ​លំនៅឋាន​ដោយ​កម្ចី​ពី​ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​ជម្រើស​ដ៏​ល្អ​ ដែល​អាច​ជួយ​សម្រួល​ដល់​អ្នក​ដែល​មាន​ចំណូល​មធ្យម​ អាច​មានលទ្ធភាព​ទិញ​លំនៅឋាន​ស្នាក់នៅ​ផ្ទាល់ខ្លួន​បាន​ ដោយ​បង់​ត្រឡប់ទៅ​ធនាគារ​វិញ​ក្នុងរយៈពេល​រហូតដល់​ 20ឆ្នាំ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“ហើយ​មិនថា​ទិញ​ដោយ​ការខ្ចី​កម្ចី​ពី​ធនាគារ​ ឬដោយ​ថវិកា​ផ្ទាល់ខ្លួន​សុទ្ធ​ក៏ដោយ​ និង​ដើម្បី​ទុក​លក់​យកចំណេញ​បន្ត​ ឬជួល​ក្ដី​ គឺ​សុទ្ធតែ​ជា​ជម្រើស​ល្អ​ សំខាន់​បុគ្គល​ដែល​វិនិយោគ​នោះ​ត្រូវ​ចេះ​រៀបចំ​ និង​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ គឺ​ត្រូវ​ចេះ​សិក្សា​ និង​ចេះ​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”៕

Advertisement