គម្រោង​ដី​ឡូត៍​ពុះ​លក់​នៅតែ​ពង្រីក​ខ្លួន​ និង​មាន​សក្ដានុពល​ឥត​ឈប់ឈរ​

បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ​កំពុង​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​លក់​ និង​ទិញ​ដី​ឡូ​ត៍​តូច​ៗសម្រាប់​សង់​លំនៅឋាន​យ៉ាងសកម្ម​ឥត​ឈប់ឈរ​ ទោះជា​ស្ថិតនៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​ក៏ដោយ​ ក៏​សកម្មភាព​នៃ​ការ​លក់​-ទិញ​នៅតែ​មាន​សកម្មភាព​នៅ​តាម​គម្រោង​របស់​ក្រុមហ៊ុន​មួយចំនួន​ ខណៈ​ដែល​អ្នកទិញ​ភាគ​ច្រើន​យល់ឃើញ​ថា​ ការទិញ​ដី​ឡូត៍​ទុក​លក់​ នៅតែ​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ក្រោយពី​ការ​វិនិយោគ​រួច​។

ប្រធាន​ផ្នែក​ទីផ្សារ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ Sanny​ Group​ លោក​ វិន​ ឈុន​ហ៊ា​ត ដែល​បាន​និង​កំពុង​ទទួល​គម្រោង​លក់​ដី​ឡូត៍​នៅ​តាម​តំបន់​ផ្លូវជាតិ​មួយចំនួន​ ជាពិសេស​នៅ​តាមផ្លូវ​ជាតិ​លេខ4​ បានឱ្យ​ដឹង​ថា​៖ “ការ​ពុះ​ដី​ឡូត៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4​ ពិតជា​មាន​សកម្មភាព​ខ្លាំង​ឡើង​ៗក្នុង​មួយ​រយៈ​កន្លងមក​នេះ​ប្រាកដ​មែន​ ខណៈ​ដែល​រដ្ឋាភិបាល​ទទួល​បាន​ជំនួយ​ 110លាន​ដុល្លារ​ពី​ធនាគារ​ពិភពលោក​ ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ4ឡើងវិញ​”។

លោក​បាន​បន្ត​ថា​៖“ខណៈ​សកម្មភាព​ពុះ​ដី​ឡូត៍​ កំពុង​មាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ​ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​និង​កំពុង​សម្រុក​ទិញ​ដី​ឡូត៍​កាន់តែ​ច្រើន​ឡើង​ៗដែរ​។ ទន្ទឹមគ្នា​នោះ​ អ្នក​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ និង​កម្មករ​-កម្មការិនី​រោងចក្រ​ភាគច្រើន​ក៏បាន​នាំគ្នា​ទិញទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ជា​របស់​ខ្លួនឯង​ផ្ទាល់​ជាជាង​ជួលផ្ទះ​គេ​នៅ​តទៅទៀត​”។

លោក​បាន​បញ្ជាក់​ថា​៖ “សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មក​ទិញ​ដី​ឡូត៍​ ភាគច្រើន​គឺ​ទិញទុក​លក់​បន្ត​ ឬទុក​សង់​ជា​ផ្ទះ​សម្រាប់​រស់នៅ​ខ្លួនឯង​ ដោយ​អ្នកខ្លះ​ទិញ1​ ទៅ​ 2ឡូត៍​ ខ្លះទៀត​នាំ​បងប្អូន​មក​ទិញ​ 2 ទៅ​ 6ឡូត៍​ក្នុង​ម្នា​ក់ៗ​ និង​ខ្លះទៀត​ទិញ​រហូត​ដល់​ 12ឡូត៍​ម្នាក់ឯង​ក៏​មាន​ ហើយ​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​លក់​អស់​ នៅសល់​ប្រមាណ​មិនដល់​ 10​%ទេ​ ដោយ​ដី​ឡូត៍​ទាំងនោះ​មាន​ទំហំ​ 5 X 20m​ ក្នុង​តម្លៃ​ប្រមាណ​ជា​ 6,000​-7,000​ ដុល្លារ​ ក្នុង1ឡូត៍​”។

ជាមួយគ្នា​នេះ​ លោក​ប្រធាន​ផ្នែក​ទីផ្សារ​លក់​ដី​ឡូត៍​ក៏បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់​ និង​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ ចាប់ពី​រង្វង់​មូល​ចោមចៅ​ រហូតដល់​គីឡូម៉ែត្រ​ទី13​ ឬហួសពី​ហ្នឹង​ទៅមុខ​ប្រហែលជា​ 5គីឡូម៉ែត្រ​ទៀត​ កំពុងតែ​មាន​សកម្មភាព​សស្រោកសស្រាំ​ខ្លាំង​ឡើង​ៗ ទន្ទឹម​នឹង​ការ​ជួសជុល​ និង​ស្ថាបនា​ផ្លូវជាតិ​លេខ3​ ឆ្ពោះទៅ​កំពង់ផែ​ទឹកជ្រៅ​ខេត្តកំពត​ដែរ​ ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា​ ក៏​កំពុង​រំ​កឹល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទៅ​រក​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ និង​លេខ4​ នេះ​ដែរ​។

លោក​ វិន​ ឈុន​ហ៊ា​ត បាន​ទទួលស្គាល់​ថា​៖“បច្ចុប្បន្ន​នេះ​ដោយសារតែ​រដូវភ្លៀង​ ការទិញ​-លក់​ដី​ឡូត៍​មានការ​រយាល​បន្តិច​ តែ​វា​មិន​ថមថយ​ចុះ​ទេ​និង​អាច​បន្ត​ទៅ​បាន​ 2-3ឆ្នាំទៅ​មុខ​ទៀត​ដោយ​មិន​មាន​បញ្ហា​ ដោយ​សកម្មភាព​នេះ​នឹង​មាន​បន្ត​នៅ​តាម​តំបន់​ជាយក្រុង​ តំបន់​ផ្លូវ41​ ផ្លូវ51​ (ផ្លូវថ្នល់​ទទឹង​)នៅ​តែ​មាន​តម្រូវការ​ ដោយសារ​រដ្ឋាភិបាល​មាន​គម្រោង​រើ​ឃ្លាំង​ស្តុក​ទំ​និញ​ធំៗ​ ក្រុមហ៊ុន​ និង​រោងចក្រ​មួយ​ចំនួន​ទៅ​នៅ​ជាយក្រុង​វិញ​។ ដូច្នេះ​ការ​ពុះ​ដី​ឡូត៍​វា​កំពុងតែ​មាន​វិសាលភាព​ និង​បាន​ពង្រីក​ខ្លួន​នៅ​តាម​តំបន់​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​”។

លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Amatak​ Property​ Service​ បាន​ទទួលស្គាល់​ថា​៖“ការ​ពុះ​ដី​ឡូត៍​លក់​នៅ​តំបន់​ជាយ​-ក្រុង​ ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​មាន​អចលន​-ទ្រព្យ​នៅក្នុង​ដៃ​នឹងគេ​ ដែល​នឹង​អំណោយផល​ដល់​ពួកគាត់​ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ សម្រាប់​បំពេញ​ការ​ងារ​ផ្សេង​ៗ មិន​លំបាក​ជួល​គេ​រស់នៅ​តទៅទៀត​”។

លោកស្រី​បន្ត​ថា​៖“សម្រាប់​អ្នកមាន​ចំណូល​ទាប​ និង​មធ្យម​ អ្នកធ្វើការ​ក្រុមហ៊ុន​ សហគ្រាស​ ឬនៅ​តាម​រោងចក្រ​ ក៏អាច​មានឱកាស​ទិញ​ដី​ឡូត៍​ទុក​សម្រាប់​សាងសង់​ផ្ទះនៅ​ដោយខ្លួនឯង​បាន​ដែរ​។ បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ក្ដី​ ឱ្យ​តែ​មាន​លុយ​ទិញ​ដី​ គឺ​អាចយ​កប្លង់ដី​ទៅ​ដាក់​ធនាគារ​ រួច​យក​លុយ​មក​សង់ផ្ទះ​រស់នៅ​ខ្លួនឯង​បាន​ ទោះជា​អស់​ការប្រាក់​បន្តិច​ក្ដី​ ប៉ុន្តែ​ប្រសើរ​ជាង​ជួលផ្ទះ​គេ​នៅ​ដែរ​ និង​ដោយសារ​បច្ចុប្បន្ន​ការ​ផ្តល់​កម្ចី​ទិញ​ដី​ ឬសង់ផ្ទះ​មាន​ភាព​ងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ឬធ​នា​គារ​ផង​”។

លោកស្រី​ តាំង​ ហួរ​ បាន​បញ្ជាក់​ថា​៖“ ដោយសារ​មាន​បញ្ហា​ខ្លះ​ ដែល​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​លក់​មួយ​ចំនួន​បាន​ធ្វើកន្លង​មក​ បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ និង​ការ​មិន​អាច​ទទួល​បាន​ប្លង់​រឹង​ភា្លមៗ​ ធ្វើ​ឱ្យ​ការ​ជួញដូរ​ដី​ឡូត៍​ពុះ​លក់​នេះ​ធ្លាក់ចុះ​បន្តិច​ ហើយ​ម្យ៉ាងទៀត​នោះ​ ការ​ពុះ​ដី​ឡូត៍​លក់​កន្លងមក​ ក៏​មាន​ទំ​ហំ​តូច​ៗ គឺ​5 X 20m​ ដូច្នេះ​ក្រុមហ៊ុន​ដែល​មាន​ដី​ធំៗ​ និង​កំពុង​ពុះបំបែក​ជា​ឡូត៍​លក់​នោះ​ គួរតែ​ពុះ​ក្នុង​ទំហំ​ 10​ X 20m​ ឬទំហំ​ 20​ X 30m​ ក្រែង​វា​អាច​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​លំនៅឋាន​ និង​ដី​ឡូត៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ទាំង​អ្នកទិញ​ និង​អ្នកលក់​”។

តែ​ទោះជាយ៉ាងណា​ លោកស្រី​ តាំង​ ហួរ​ ក៏​មើល​ឃើញ​ដែរ​ថា​ គម្រោង​លក់​ដី​ឡូ​ត៍​តូច​ៗសម្រាប់​សាងសង់​លំនៅឋាន​នៅតែ​មាន​សក្តា​នុ​ពល​នៅក្នុង​តំបន់​អភិវឌ្ឍ​ន៍​ថ្មី​ៗ និង​បាន​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​អ្នកមាន​ចំណូល​ទាប​ និង​ចំណូល​មធ្យម​ដែល​អាច​សន្សំ​បាន​នូវ​ទុន​របស់​ខ្លួន​នា​ពេល​អនាគត​ ដោយសារ​ទីតាំងនៅ​ក្នុង​គម្រោង​ទាំងអស់​នោះ​ សុទ្ធតែ​ជាទី​តាំង​ដែល​កំពុង​មានការ​រីកចម្រើន​និង​កាន់តែ​រីកចម្រើន​ខ្ពស់​ឡើង​នា​ពេល​អនាគត​។

ជាមួយនឹង​ទីតាំង​ដែល​មានការ​រីកចម្រើន​ទាំងអស់​នោះ​ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​អ្នកទិញ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែរ​ ព្រោះ​នៅពេល​មាន​ទីប្រជុំ​ជន​ធំៗ​ មាន​មនុស្ស​រស់នៅ​ច្រើន​ វា​នឹង​មាន​ផ្សារ​ មាន​សាលារៀន​ មន្ទីរពេទ្យ​ និង​វត្តអារាម​ ពិសេស​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ ប្រព័ន្ធ​អគ្គិសនី​ ប្រព័ន្ធ​លូ​ ប្រកបដោយ​ស្តង់​ដា​យ៉ាង​ពិតប្រាកដ​៕

Advertisement