សហគមន៍​កសិកម្ម​ខេត្តកោះកុង​ កំពុង​ប្រមូល​ផល​ផ្លែទៀប​បារាំង​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​

ផ្លែទៀប​បារាំង​ ឬឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា​ Annona​ muricataL​ គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​សម្បូរ​ជាតិកា​កសរសៃ​ និង​វីតាមីន​ C។ ផ្លែទៀប​បារាំង​ ជា​រុក្ខជាតិ​មានត្រកូល​ជាមួយនឹង​ទៀបខ្មែរ​យើង​ដែរ​ ដោយ​ផ្លែ​មាន​សម្បក​ពណ៌បៃតង​ស្រាល​មាន​សណ្ឋាន​ដូច​បន្លា​ស្រួច​ទន់​ៗ ហើយ​មានសាច់​ខាង​ក្នុង​ស្រដៀងនឹង​សាច់​ផ្លែទៀប​ខ្មែរយើង​ដែរ​ និង​មាន​រសជាតិ​ជូរអែម​។ ប្រជាជន​ខ្មែរយើង​និយម​បរិភោគ​ផ្លែទៀប​បារាំង​ទុំ​ដើម​ និង​ចូលចិត្ត​ដាំ​នៅ​ក្បែរ​ផ្ទះ​ ខណៈ​ដែល​ប្រទេស​មួយចំនួន​បាន​ដាំ​ធ្វើជា​ដំណាំ​ឧស្សាហកម្ម​យក​ផ្លែ​។

លោក​ ឡាក់​ ហាក់​ សមាជិក​សហគមន៍​កសិកម្ម​ខេត្តកោះកុង​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ថា​ សហគមន៍​របស់​លោក​ ក្រៅពី​ដំណាំ​ទៀប​បារាំង​ដែល​ជាដំណាំ​ហូប​ផ្លែ​ចម្បង​ដែល​សហគមន៍​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 10ហិ​កតា​ហើយ​នោះ​យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ។

លោក​ ឡាក់​ ហាក់​ បានឱ្យ​ដឹង​ថា​៖“ដើម្បី​ឱ្យ​ដើម​ទៀបបារាំង​ផ្តល់​ទិន្នផល​ខ្ពស់​ គេ​អាច​ដាំ​ដោយ​ការ​ជ្រើសរើស​ពូ​ជល្អ​ៗ គឺ​ត្រូវ​រក​ពូជ​ណា​ដែល​មាន​ផ្លែ​ច្រើន​ ធំ​ ទម្ងន់​ពី​ 1 ទៅ​ 2គីឡូក្រាម​ក្នុង​ 1ផ្លែ​ និង​មាន​គ្រាប់​តិច​ ផ្លែ​មាន​រាង​មូលទ្រវែង​ល្អ​ ហើយ​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ ដែល​អាច​ធន់ទ្រាំ​ នឹង​ជំងឺ​ និង​សត្វល្អិត​ចង្រៃ​បាន​”។ការ​ដាំ​ដើម​ទៀបបារាំង​ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ការ​បណ្តុះ​ពី​គ្រាប់​របស់​ផ្លែទៀប​បារាំង​ដែលគេ​ទុក​ពូជ​ គឺ​ក្រោយពេល​យកចេញ​ពី​ផ្លែ​ គ្រាប់​ត្រូវ​លាង​ទឹក​ឱ្យ​ស្អាត​ រួច​ហាលថ្ងៃ​ទុក​។ នៅពេល​ដាំ​ គេ​ត្រូវ​ដាក់​បណ្តុះ​ក្នុង​រន្ធ​នី​មួយ​ៗដែល​មាន​គ្រាប់ពូជ​ 1គ្រាប់​ក្នុង​ចម្ងាយ​ពីគ្នា​ប្រហែល​ពី​ 3ទៅ5សង់ទីម៉ែត្រ​ និង​ជម្រៅ​ 1សង់ទីម៉ែត្រ​ និង​ត្រូវ​ស្រោចទឹក​ឱ្យ​បាន​ជាប់​ជាប្រចាំ​។

លោក​បានឱ្យ​ដឹង​ថា​ ការរៀបចំ​ដី​សម្រាប់​ដាំ​ទៀបបារាំង​ គឺ​ត្រូវ​ភ្ជួរ​ និង​រាស់​ដី​ឱ្យ​បាន​ជ្រៅ​ រាស់​ដី​ឱ្យ​បាន​ម៉ដ្ឋ​ល្អ​ រួចហើយ​កាប់​ជា​រណ្តៅ​ដែល​មាន​ទំហំ​ និង​ជម្រៅ​ដូចគ្នា​ គឺ​ 50សង់ទីម៉ែត្រ​។ ចម្ងាយ​ ពី​ណ្តៅ1​ ទៅ​រណ្តៅ​ 1ទៀត​ពី​ 4ទៅ​ 7ម៉ែត្រ​។ ការ​ដាំដុះ​អាច​ធ្វើឡើង​នៅពេល​ណា​ក៏បាន​ តែ​ពេលវេលា​ដែល​ល្អ​ គឺ​ក្នុង​រដូវវស្សា​ ដើម្បី​បន្ថយ​ការស្រោចស្រព​ទឹក​ហ្នឹងឯង​។លោក​បានឱ្យ​ដឹង​ទៀត​ថា​ ដើម​ទៀបបារាំង​ ទាមទារ​ឱ្យ​មានការ​ដាក់ជី​ ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់​។

កម្រិត​ជី​(អា​មុយ​ញូ៉ម​សុ៊ល​ផា​ត)ដែល​ត្រូវ​ប្រើ​គឺ​ ពី​100​ ទៅ​ 150ក្រាម​ ត្រូវ​ដាក់​ក្រោយពេល​ដាំ​បាន​រយៈពេល​ 1ខែ​ និង​ត្រូវ​ដាក់​ម្តង​ទៀត​រយៈពេល​ 6ខែ​បន្ទាប់មក​។ កម្រិត​ជី​ត្រូវ​កើនឡើង​ពី250​ ទៅ​ 300ក្រាម​រៀងរាល់​ឆ្នាំ​ រហូតដល់​ដំណាំ​នេះ​ចាប់ផ្តើម​ចេញ​ផ្លែ​។

ចំពោះ​ការ​ស្រោចទឹក​វិញ​ គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ដើម​ទៀបបារាំង​នេះ​។ ការ​ស្រោចទឹក​មិន​គ្រប់គ្រាន់​ នឹង​ធ្វើ​ឱ្យ​ទៀបបារាំង​ផ្តល់​ផ្លែ​តិច​ និង​ផ្លែ​មាន​ទំហំ​តូច​ រី​ឯការ​ប្រមូល​ផល​វិញ​ ដំណាំ​ទៀបបារាំង​នឹង​ផ្តល់​ផល​ក្នុងរយៈពេល​ 3ឆ្នាំក្រោយ​ពេល​ដាំ​។ ដើម​ទៀបបារាំង​ចេញផ្កា​ស្ទើរតែ​រាល់​ខែ​ ប៉ុន្តែ​សំខាន់​ ផ្កា​ដែល​នឹង​មា​នក្ដិប​ផ្លែ​ គឺ​នឹង​ចេញ​នៅ​ខែឧសភា​ និង​ខែមិថុនា​ ហើយនឹង​ទុំ​នៅ​ខែវិច្ឆិកា​ និង​ខែធ្នូ​ជាបន្តបន្ទាប់​។

ទៀបបារាំង​ គេ​នឹង​បេះ​វា​នៅពេល​ដែល​វា​ចាស់​ល្អ​ គឺ​សម្បក​ក្រៅ​របស់​វា​នឹង​រីក​ក្រឡា​ សម្បុរ​ឡើងពណ៌​បៃតង​ស្រាល​ ហើយ​វា​នឹង​ទុំ​ រយៈពេល3​ ទៅ​ 5ថ្ងៃក្រោយ​ការ​បេះ​។ ការ​ប្រមូល​ផល​ ឬការ​បេះ​នេះ​គឺ​គេ​ត្រូវ​ធ្វើ​ដោយដៃ​ផ្ទាល់​ និង​ចៀសវាង​ការ​ធ្វើ​ឱ្យ​ធ្លាក់​ឬធ្វើ​ឱ្យ​ផ្លែ​ទ្រុឌ​ជាំ​ដែល​បណ្តាល​ឱ្យ​រលួយ​នៅពេល​ដែល​វា​ទុំ​។ នេះ​បើ​តាម​លោក​ហាក់​បាន​បញ្ជាក់​។

ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ ឡាក់​ ហាក់​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​“ទៀបបារាំង​ គឺជា​ផ្លែឈើ​ ដែល​មានតម្លៃ​ មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​តម្លៃនៅលើទីផ្សារ​យើង​អាច​លក់​បាន​ត្រឹមតែ2,500​ ទៅ3,000រៀល​ប៉ុណ្ណោះ​ក្នុង​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​តម្លៃ​ល្អជា​ឆ្នាំ​មុន​ៗ គឺ​យើង​អាច​លក់​បាន​ដល់ទៅ​ 3,500​ ទៅ​ 4,000រៀល​ក្នុង​ 1គីឡូក្រាម​”។

បើ​តាម​ប្រសាសន៍​របស់​លោក​ ឡាក់​ ហាក់​ បាន​ឱ្យ​ដឹង​ថា​៖ “នៅ​លើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​ យើង​អាច​ប្រមូល​ផល​ផ្លែទៀប​បារាំង​បាន​ប្រមាណ​ជាជាង​ 1តោន​ដែរ​ក្នុង​ 1ថ្ងៃ​លើ​ផ្ទៃដី​ដាំដុះ​1ហិ​កតា​ បើស​រុ​បទាំង​ 10ហិ​កតា​ដែល​យើង​ដាំ​នោះ​ យើង​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​ជា​ 40លាន​រៀល​ដែរ​និង​ អាច​ប្រមូល​ផល​បាន​ជាបន្តបន្ទាប់​”។

លោក​ ឡាក់​ ហាក់​ បានឱ្យ​ដឹង​ទៀត​ថា​៖“បច្ចុប្បន្ន​ ផ្លែទៀប​បារាំង​របស់​សហគមន៍​យើង​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​ នៅ​ភ្នំពេញ​តាមរយៈ​ឈ្មួញ​កណ្តាល​ និង​ផ្សារ​ទំនើប​នៅ​ខេត្តកោះកុង​ដែល​ទទួលយក​ផលិតផល​កសិកម្ម​របស់​សហគមន៍​យើង​ទៅ​លក់​”។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ទៀត​ថា​ នា​ថ្មី​ៗនេះ​មានការ​សម្ពោធ​ផ្សារ​ទំនើប​ថ្មី​ៗបន្ថែម​ទៀត​ជាច្រើន​នៅក្នុង​ខេត្ត​ ដូច្នេះ​ធ្វើ​ឱ្យ​សហគមន៍​លោក​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​ផ្លែទៀប​បារាំង​នេះ​ឱ្យ​កាន់តែ​ធំឡើង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​នេះ​។

លោក​ ឡាក់​ ហាក់​ បាន​ប្រាប់​អំពី​គោលបំណង​ក្នុង​ការពង្រីក​សហគមន៍​របស់​លោក​ថា​ សហគមន៍​នឹង​បង្កើន​ការ​ដាំដុះ​ដំណាំ​ផ្លែទៀប​បារាំង​ធម្មជាតិ​ ឬផ្លែឈើ​សរីរាង្គ​ឱ្យ​បាន​សម្បូរ​បែប​ និង​ច្រើនឡើង​ ដើម្បី​បំពេញ​តម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ ក៏​ដូចជា​តម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា​ ប្រសិនបើ​មានការ​បញ្ជាទិញ​ពី​ក្រុមហ៊ុន​ ឬសហគ្រាស​ផលិ​តភេ​ស្ជ​ជៈ​ណាមួយ​ជាក់លាក់​នោះ​ លោក​ក៏​មាន​មហិច្ឆតា​ក្នុង​ការពង្រីក​ផលិតកម្ម​ដំណាំ​ផ្លែទៀប​បារាំង​នា​ពេល​ខាងមុខ​បន្ថែម​ទៀត​ដែរ​៕

Advertisement