ងាយៗក្នុងការដាំដើមស្រកានាគក្នុងផើងមិនលំបាកថែទាំ និងឆាប់ទទួលបានផល

មុននឹងចាប់ផ្តើមដាំដើមស្រកានាគ កសិករភាគច្រើនតែងគិតថា លុះត្រាតែមានដីធំទូលាយទើបអាចដាំបាន ប៉ុន្តែសូមជម្រាបថា ទោះជាមិនមានដីធំទូលាយក៍គេអាចដាំបានដែរ គឺដាំនៅក្នុងផើងដែលមិនលំបាកថែទាំហើយថែមទាំងឆាប់ទទួលបានផលទៀតផង។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការរដ្ឋាភិបាលដែលគេស្គាល់ថាជាអ្នកជំនាញកសិកម្មបានចែករំលែកបទពិសោធនៃការដាំដើមស្រកានាគក្នុងផើងនេះថា ទោះជាយើងមិនមានដីធំ ទូលាយក៍ដោយ ក៍យើងអាចដាំដើមស្រកានាគនៅក្នុងផើងបានដែរ ហើយថែមទាំងងាយស្រួលថែទាំ និងឆាប់ទទួលបានផលទៀតផង ត្រឹមតែរយៈពេលមួយឆ្នាំវានឹងចេញផ្លែ ខណៈការដាំនៅលើដីផ្ទាល់ ត្រូវប្រើរយៈពេលដល់ទៅពីរឆ្នាំទើបស្រកានាគឱ្យផល។

ដើម្បីដាំដើមស្រកានាគបាន គេត្រូវយកផើងទំហំមាត់លើ6តឹក និងជម្រៅ6តឹកដូចគ្នា ហើយមុននឹងដាំយើងត្រូវចេះលាយដីឱ្យមានជីជាតិ ក្នុងនោះមានដូចជាលាមកសត្វស្ងូត 20% ដីស្រទាប់លើ 20% ដីខ្សាច់ 20% ធ្បូងអង្កាម 20%ភាគ ទឹកជីកំប៉ុស ហើយលាយវត្ដុធាតុដើមទាំងនោះបញ្ជូលគ្នាឱ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុសជាមួយទឹកធម្មតា ស្រោចឱ្យមានសំណើមប្រហែល 70%ដើម្បីឱ្យល្បាយឆាប់កាច់បញ្ជូលគ្នា ក្លាយជាដីដែលមានជីជាតិល្អ។

លោកបន្តថា ក្រោយពីលាយដីហើយគេត្រូវកាត់ដើមស្រកានាគប្រវែងប្រមាណ 2តឹក 2កង់ ចងភ្ជាប់គ្នា ហើយចិតសម្បកនៅផ្នែកខាងក្រោមប្រមាណ 2សង់ទីម៉ែត្រ ដោយទុកស្នូលកណ្តាលហើយទុកចោលរយៈពេល1ថ្ងៃ រួចយកវាទៅដោតចូលដីក្នុងថ្នាលផ្សាំ នៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ ដោយត្រូវស្រោចទឹកមួយថ្ងៃតែម្ដងប៉ុណ្ណោះ។ ពេលស្រកានាគលូតលាស់មានកម្លាំងហើយ ត្រូវយកមកដាក់ដាំចំកណ្តាលផើងជម្រៅប្រហែល 2តឹក ដោយត្រូវចោះរន្ធជាមុននិងដោតឈើចងខ្សែកុំឱ្យវាដួល និងទុកឱ្យវាតោងឡើង បន្ទាប់មកយើងត្រូវស្រោចទឹករៀងរាល់3ថ្ងៃម្តង និងត្រូវដាក់ជីលាមកមាន់ ឬលាមកគោ៣ក្តាប់ដៃក្នុងមួយខែ នោះវានឹងលូតលាស់ល្អ ត្រឹមរយៈពេលមួយឆ្នាំស្រកានាគនឹងចាប់ផ្តើមចេញផ្កា និងផ្លែមិនខាន៕

Advertisement