កសិករសោកស្តាយដំណាំម្ទេសធ្លាក់ថ្លៃខ្លាំង ហើយត្រូវភ្លៀងបង្កឱ្យងាប់ដើមទៀត

ទឹកភ្លៀងដែលធ្លាក់មកច្រើនបណ្តាលឱ្យដំណាំម្ទេសខូច ធ្វើឱ្យកសិករបង្ខំចិត្តបេះលក់ទាំងផ្លែនៅខ្ចីបើទោះជាធ្លាក់ថ្លៃជាងឆ្នាំកន្លងទៅជាងពាក់កណ្តាល និងបង្កឱ្យខាតបង់និយាយលែងចេញក៏ដោយ។

អ្នកស្រី ផេង ទី កសិករដាំម្ទេសនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តា លបានត្អូញត្អែរថា ឆ្នាំនេះអ្នកដាំម្ទេសគឺនិយាយលែងចេញហើយ ដោយសារតែទឺកភ្លៀងដើមរដូវធ្លាក់ខ្លាំងពេក ចំពេលដែលម្ទេសកំពុងប្រមូលផល ធ្វើឱ្យដើមម្ទេសស្លោក ខូចផ្លែស្ទើរតែទាំងស្រុង។ អ្នកស្រីបន្តថាដោយសារកាលពីឆ្នាំទៅតម្លៃម្ទេសបានថ្លៃក្នុង1គីឡូក្រាមចន្លោះ 6,000 ទៅ 10,000រៀលនោះ ទើបកសិករនាំគ្នាប្តូរពីដាំដំណាំផ្សេងៗមកដាំម្ទេសវិញ ដោយសង្ឃឹមថា នឹងទទួលបានកម្រៃគ្រាន់បើជាងដំណាំផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែដោយសារមានអ្នកដាំច្រើនពេក ធ្វើឱ្យតម្លៃម្ទេសមិនត្រឹមតែធ្លាក់ថ្លៃប៉ុណ្ណោះទេ តែឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនទៀតនៅដើមរដូវ ធ្វើឱ្យម្ទេសស្លោកខូចគ្រប់ចម្ការ ជាហេតុធ្វើឱ្យអ្នកដាំត្រូវបង្ខំចិត្តបេះលក់ទាំងម្ទេសនៅខ្ចីបើទោះជាបានថោកក៏ដោយដើម្បីកុំឱ្យខាតបង់ច្រើនពេក។

ឈ្មួញកណ្តាលដែលចុះទៅទទួលទិញម្ទេសម្នាក់ក្នុងចំណោមជាច្រើននាក់ គឺលោក សុខ ពេជ្រ ក៏បាននិយាយដែរថា ឆ្នាំនេះអ្នកស្រុកពិតជាដាំម្ទេសច្រើនជាងឆ្នាំមុនៗមែន ប៉ុន្តែទទួលបានផលតិចណាស់ ហើយតម្លៃក៏ទាបជាងឆ្នាំកន្លងទៅដែរ។ ព្រោះកាលពីឆ្នាំទៅម្ទេសក្នុង1គីឡូក្រាម 10,000រៀល ហើយទោះធ្លាក់ថ្លៃថោកក៏នៅបាន 6,000រៀលដែរ ប៉ុន្តែឆ្នាំនេះ1គីឡូក្រាមបានតែ 1,600 ទៅ 1,700រៀលប៉ុណ្ណោះ ហើយដោយសារចុងដៃនេះម្ទេសខូចដោយសារទឹកភ្លៀងផងនោះ ទើបលក់បានត្រឹមតម្លៃ 4,000 ទៅ 4,500រៀលប៉ុណ្ណោះសម្រាប់ម្ទេសទុំ ប៉ុន្តែមិនសូវទិញបានម្ទេសទុំច្រើនទេ ព្រោះកសិករនាំគ្នាបេះទាំងម្ទេសនៅខ្ចីលក់ ដោយក្នុង1គីឡូក្រាមតម្លៃតែជាង 1,000រៀលប៉ុណ្ណោះ ព្រោះមិនអាចទុកយូរទៀតបាន។ លោកបន្តថា កាលពីឆ្នាំទៅ ក្នុង1ថ្ងៃលោកអាចប្រមូលទិញបានជាង 2តោន ប៉ុន្តែពេលនេះ1ថ្ងៃបានត្រឹម 500ទៅ 600គីឡូក្រាមប៉ុណ្ណោះ ហើយដឹកយកទៅបោះឱ្យម៉ូយនៅផ្សារនាគមាស។

ចំណែកឯកសិករម្នាក់ទៀតគឺលោក ថន ចាន់ឌី បានប្រាប់ឱ្យដឹងដែរថា ម្ទេសដៃនាងនេះ នៅពេលដែលផ្លែជិតទុំមានភ្លៀងច្រើន ឬក៏ទឹកសន្សើមធ្លាក់ច្រើននោះ គឺត្រូវស្លោកខូច ព្រោះទឹកភ្លៀង និងសន្សើមមានជាតិប្រៃ។ លោកក៏បានឱ្យដឹងដែរថា ម្ទេសគឺជាដំណាំមួយប្រភេទដែលអ្នកភូមិរបស់គាត់និយមដាំនៅរដូវទឹកសម្រក ពិសេសគឺម្ទេសដៃនាងតែម្តង ហើយដំណាំម្ទេសចាប់តាំងពីដាំរហូតដល់ប្រមូលផលគឺត្រូវប្រើរយៈពេល3ខែ ប៉ុន្តែត្រូវថែទាំបន្តិច និងត្រូវស្រោចទឹកពី1ទៅ2ដងក្នុងមួយអាទិត្យ ដើម្បីឱ្យបានផ្លែច្រើន និងល្អ។ កសិករដដែលបានបន្តថា ក្រោយពីផ្លែម្ទេសទុំគឺយើងអាចបេះវាបានរហូតដល់វាងាប់ដើមនៅពេលទឹកជំនន់ចូលមក។ ប៉ុន្តែម្ទេសឆ្នាំនេះថោកហើយមិនសូវបានផល និងខូចច្រើនទៀត ហើយបើម្ទេសបានផលល្អ និងបានថ្លៃផងនោះ មិនត្រឹមតែជួយឱ្យអ្នកដាំមានជីវភាពធូរធារប៉ុណ្ណោះទេ សូម្បីតែអ្នកដែលគ្មានដីដាំដុះក៏អាចរកកម្រៃបានពីការស៊ីឈ្នួលបេះម្ទេសនេះឱ្យគេដែរ ដោយ1ព្រឹកក៏អាចរកកម្រៃបាន 20,000 ទៅ 25,000រៀលដែរ។

កសិករដាំម្ទេសបានសម្តែងការសោកស្តាយ ដោយសារការប្រមូលផលរបស់គាត់មិនទាន់ពាក់កណ្តាលរដូវផងក៏ត្រូវភ្លៀងធ្លាក់ខ្លាំង បង្កឱ្យស្លោកផ្លែងាប់ទាំងដើម បើមិនដូច្នេះទេម្ទេសនឹងឱ្យផលរហូតដល់ទឹកទន្លេជន់លិចនៅរដូវទឹកតម្លើងឯណោះទើបងាប់ដើមតែម្តង៕

Advertisement