ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ កើនឡើង​ក្នុង​ទំហំ​ 2ប៊ី​លាន​ដុល្លារ​អាមេរិក​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ក្រោយពី​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​ ទំនាក់ទំនង​ប្រជាជន​នឹង​ប្រជាជន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ចូលរួម​ចំណែក​ដល់​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​។ នេះ​បើ​តាម​ព័ត៌មាន​ក្រោយពី​ជំនួប​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាមួយ​ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

ឯកឧត្តម​ កេត​ សោ​ផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បានឱ្យ​ដឹង​ថា​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ស្វាគមន៍​ និង​អបអរសាទរ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​កម្ពុជា​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ និង​ជប៉ុន​តាមរយៈ​បទ​ពិសោធ​ការងារ​របស់​ ឯកឧត្តម​ MIKAMI​ Masahiro​ នៅ​កម្ពុជា​។

ក្នុង​ជំនួប​នេះ​ដែរ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​រំឭក​ថា​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ បាន​ជម្រាប​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ ប្រទេស​ជប៉ុន​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ និង​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ការស្វែងរក​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​ សេដ្ឋកិច្ច​ និង​នយោបាយ​របស់​កម្ពុជា​។ ឯកឧត្ដម​មាន​ប្រសាសន៍​ថា​៖ “មានតែ​ប្រជាជន​ជប៉ុន​ទេ​ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដូចគ្នា​ ទើបបាន​ដឹងពី​ការ​លំបាក​របស់​កម្ពុជា​”។

ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​ថា​ ពេលនេះ​ប្រជាជន​កម្ពុជា​ទទួល​បាន​សន្តិភាព​យ៉ាង​ពិតប្រាកដ​តាមរយៈ​ការ​បោះឆ្នោត​កាលពី​ឆ្នាំមុន​ ដោយមាន​ប្រជាពលរដ្ឋ​83.02​%បាន​ចេញទៅ​បោះឆ្នោត​ ហើយ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ 77​%បាន​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដឹកនាំ​អំណាច​។

ឯកឧត្តម​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កំណើន​សេដ្ឋកិច្ច​ទ្វេដង​រវាង​ប្រទេស​ទាំង2ដែល​មាន​ចំនួន​ជាង​ 2ប៊ី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2019​ នេះ​។

កំណើន​នេះ​បាន​មក​ពី​ការ​តភ្ជាប់​ជើង​ ហោះ​ ហើរ​ត្រង់​ពីជ​ប៉ុន​មក​កម្ពុជា​ ហើយ​វា​មិន​ត្រឹមតែ​កំណើន​ទេសចរ​ប៉ុណ្ណោះទេ​ តែ​នៅ​មាន​កំណើន​ពាណិជ្ជកម្ម​ផង​ដែរ​ ។

ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ជប៉ុន​តែងតាំង​ថ្មី​មានប្រសាសន៍​ថា​ ឯកឧត្តម​បាន​មើលឃើញ​ថា​ កាលពី​ 7ឆ្នាំមុន​ និង​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់​ រហ័ស​។ ឯកឧត្តម​បន្ត​ទៀត​ថា​ “ខ្ញុំ​សូម​កោត​សរសើ​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ដែល​បាន​ឆ្លងកាត់​ការ​លំបាក​ ដោយ​បាន​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​នយោបាយ​យ៉ាង​ឆាប់រហ័ស​”។ឯកអគ្គ​រាជទូត​ជប៉ុន​ថ្មី​បាន​បញ្ជាក់​ថា​ ជប៉ុន​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។

ឯកឧត្តម​បន្ត​ថា​៖ “សម្រាប់​វិស័យ​សេដ្ឋកិច្ច​វិញ​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា​ មាន​ការ​កើនឡើង​ជាបន្តបន្ទាប់​។ យើងខ្ញុំ​នឹង​បន្ត​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​កាន់តែ​ច្រើន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​ និង​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ខ្ញុំ​យល់ឃើញ​ថា​ ការយល់​ដឹង​របស់​ក្រុមហ៊ុន​ជប៉ុន​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ ដូច្នេះហើយ​ ការរៀបចំ​បទ​បង្ហាញ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ អំពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ដល់​វិនិយោគិន​ជប៉ុន​ដោយ​ផ្ទាល់​ អំឡុង​ពេល​ទស្សនកិច្ច​នៅ​ជប៉ុន​កាលពី​ខែឧសភា​កន្លងទៅ​ គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ ហើយ​ក៏​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ចូលរួម​ស្តាប់​”។

ឯកឧត្តម​បន្ថែម​ថា​៖“ខ្ញុំ​ផ្ទាល់​ក៏​នឹង​ព្យាយាម​ធ្វើការ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ និង​ប្រជាជន​ជប៉ុន​ ស្គាល់​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ ខ្ញុំ​សង្ឃឹមថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ការ​លើកស្ទួយ​ជីវភាព​រស់​-នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​ផ្នែក​ឧស្សាហកម្ម​ ព្រមទាំង​ការ​បង្កើន​ការងារ​ដល់​ប្រជាជន​កម្ពុជា​”។

ឯកឧត្តម​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​ក្រុមហ៊ុន​ជប៉ុន​ដែល​ជាស​មា​ជិ​ករបស់​សមាគមពាណិជ្ជ​កម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ កើនឡើង​ដល់​ 269ក្រុមហ៊ុន​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ដូចជា​ ផ្សារ​ទំនើប​ អុី​អន​ បាន​នាំ​ឱ្យ​មានការ​ប្រែប្រួល​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​ អាច​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ កម្ពុជា​ គឺ​មិន​ត្រឹមតែ​ការបង្កើត​ការងារ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​សង្គម​ ព្រមទាំង​ការគោរព​ច្បាប់​ផ្សេង​ៗទៀតផង​។

សូម​បញ្ជាក់​ថា​ ឯកឧត្តម​ MIKAMI​ Masahiro​ កាលពី​ 17ឆ្នាំមុន​ធ្លាប់​បាន​មក​កម្ពុជា​ម្ដង​ ហើយ​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ឆ្នាំ2002​ ហើយ​ឯកឧត្តម​ធ្លាប់​បាន​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ថៃ​។ ពេលនេះ​ឯកឧត្តម​ បាន​មក​ធ្វើជា​ឯកអគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​។

ឯកឧត្តម​ថ្លែង​ថា​៖ “ពេលនេះ​ ទីក្រុង​ភ្នំពេញ​ប្រែក្លាយ​ជាទី​ក្រុង​មួយ​ដ៏​មមាញឹក​ ដែល​មាន​អគារ​ខ្ពស់​ស្កឹមស្កៃ​ និង​ចរាចរណ៍​មមាញឹក​ខ្លាំង​។ ​; ខ្ញុំ​សប្បាយ​រីករាយ​ ដែល​បាន​ជួប​ប្រជាជន​កម្ពុជា​ម្តង​ទៀត​ និង​បានឃើញ​ទឹកមុខ​ញញឹម​របស់​ប្រជាជន​កម្ពុជា​មិន​ប្រែប្រួល​ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo​-pacific​ របស់​ជប៉ុន​ និង​ការ​គាំទ្រ​របស់​កម្ពុជា​នៅក្នុង​វេទិកា​អន្តរ​ជា​តិ​ផ្សេង​ៗទៀតផង​ដែរ​”៕

Advertisement