កម្ពុជា​បង្ហាញ​ពី​សក្តា​នុ​ពល​នៅ​វេទិកា​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឆ្នាំ2019​

ឯកឧត្តម​ វង្សី​ វិស្សុត​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​កម្រិត​ថ្នាក់ដឹកនាំ​ស្តី​ពី​ “ការ​ពង្រឹង​ភាពជា​ដៃគូ​ ដើម្បី​សម្រេច​ចក្ខុវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំ​តំបន់​អាស៊ី​” នៅក្នុង​ “វេទិកា​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឆ្នាំ2019​” (Asia​ Infrastructure​ Forum​ 2019​) A I F ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហបុរី​។

ឯកឧត្តម​ វង្សី​ វិស្សុត​ អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​វាគ្មិន​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ​បាន​លើកឡើង​ថា​៖“ គោលបំណង​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​អស់​រយៈពេល​ជាង​ 20​ ឆ្នាំ​មកនេះ​ គឺ​ដើម្បី​ជំរុញ​ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​សេដ្ឋកិច្ច​សង្គម​ លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការប្រែប្រួល​អាកាសធាតុ​”។

ឯកឧត្តម​ក៏បាន​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​ និង​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ដែល​សម្រេច​បាន​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម​ប្រមាណ​ 7.6​% នៅ​ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​។ អត្រា​នៃ​ភាព​ក្រីក្រ​ មាន​ប្រមាណ​ 53.5​% ក្នុង​ឆ្នាំ2004​ បាន​ធ្លាក់ចុះ​មក​នៅ​ក្រោម​ 10​%នៅក្នុង​ឆ្នាំ2018​ ។

ចំណែក​ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​កើនឡើង​ពី​ 16,279លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2013​ ដល់​ 25,070​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ2017​ និង​ឡើង​ដល់​ប្រមាណ​ 30,000លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។

សូម​បញ្ជាក់​ថា​ វេទិកា​ឆ្នាំនេះ​ត្រូវ​បាន​រៀបចំឡើង​ក្រោម​ប្រធានបទ​“ភាពជា​ដៃគូ​សម្រាប់​អនាគត​៖ការ​បង្កើន​គុណភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​” ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ វិស័យ​ឯកជន​ ព្រមទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដើម្បី​ពិភាក្សា​លើ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ ការចែក​រំលែក​បទ​ពិសោធ​នៃ​ការអនុវត្ត​កន្លងមក​ និង​ការ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកបដោយ​ចីរភាព​។

ជាមួយគ្នា​នេះ​ដែរ​ នៅក្នុង​វេទិកា​កិច្ចពិភាក្សា​កម្រិត​ថ្នាក់ដឹកនាំ​នេះ​ ក៏បាន​ផ្តល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​បង្ហាញ​ និង​ផ្សព្វផ្សាយ​ពី​បច្ចេកវិទ្យា​ទំនើប​របស់​ខ្លួន​ និង​រចនាសម្ព័ន្ធ​ ហិរញ្ញ​ប្ប​ទាន​ថ្មី​ៗ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​កំពុង​រៀបចំផែនការ​មេ​តាម​វិស័យ​ ដូចជា​ការ​តភ្ជាប់​ផ្នែក​គមនាគមន៍​ ថាមពល​ ឌីជីថល​ និង​ផែនការ​នគរូបនីយកម្ម​សម្រាប់​ទីក្រុង​សំ​ខាន់​ៗ ក៏ដូចជា​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ និង​យន្តការ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ឱ្យ​កាន់តែ​មាំទាំ​ ដែល​ជា​បច្ច័យ​នឹង​នាំមក​នូវ​កាលានុវត្ត​ភាព​ដ៏​ច្រើន​សម្រាប់​ការចូលរួម​វិនិយោគ​ពីសំណាក់​វិស័យ​ឯកជន​ក្នុង​ការ​ជួយ​រៀបចំ​ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ឱ្យ​ឆ្លើយតបទៅនឹង​ការ​អភិវឌ្ឍ​ក្នុង​យុគសម័យ​ថ្មី​។

ឯកឧត្តម​ វង្សី​ វិស្សុត​ ក្នុងនាម​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Xie​ Duo​ ប្រធាន​មូលនិធិ​ផ្លូវ​សូត្រ​ (Silk​ Road​ Fund​ – SRF​) តំណាង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ (Asian​ Infrastructure​ Investment​ Bank​ – AIIB​) តំណាង​សហគ្រាស​សិង្ហបុរី​ (Enterprise​ Singapore​) ដែល​ជា​ស្ថាប័ន​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​សិង្ហបុរី​ និង​តំណាង​ក្រុមហ៊ុន​ InfraCo​ Asia​ ដែល​ជា​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លើ​គម្រោង​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការ​អភិវឌ្ឍ​គម្រោង​ចាប់តាំងពី​ដំណាក់កាល​បឋម​នៃ​ការរៀបចំ​សំណើ​គម្រោង​។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ វង្សី​ វិស្សុត​ ក៏បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ស្ថាប័ន​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (Infrastructure​ Asia​ – IA​)ដើម្បី​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​ជា​ផ្លូវការ​រវាង​ស្ថាប័ន​ទាំង2​ ក្នុង​ការរៀបចំ​ និង​អភិវឌ្ឍន៍​លើ​គម្រោង​ស្តារ​ប្រព័ន្ធ​លូ​ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។ កិច្ចសហការ​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ជំរុញ​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀ​តៗ​ នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ បង្កើន​ភាព​ទាក់ទាញ​ពី​វិស័យ​ឯកជន​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​ក្នុង​តំបន់​ និង​អន្តរជាតិ​៕

Advertisement