ឆ្នាំ 2017 នេះ ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ និង​ស្បែកជើង ទទួលបាន​ចាប់ពី 170ដល់ 181 ដុល្លារ

រដ្ឋមន្ត្រី​លើកឡើងថា សម្រាប់​ឆ្នាំ 2017នេះ ប្រាក់​ឈ្នួល​កម្មករនិយោជិតម្នាក់ៗទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី 170ដុល្លារ​អាមេរិក ទៅ 181 ដុល្លារ​អាមេរិក ក្នុង​មួយខែ ដោយ​បូក​រួមទាំង​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ និង​ប្រាក់​អតីតភាព​ផងដែរ។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សួ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ប្រាក់​ឈ្នួល​អប្បបរមា គិត​ចាប់ពី​ឆ្នាំ 1997 ដល់​ឆ្នាំ 2017 រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍ផ្សេងៗជូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង បាន​ចំនួន 13លើក ដោយ​កើន​ដល់ 30ដុល្លារ​អាមេរិក។

ក្នុងន័យនេះ ឯកឧត្តម​ថា សម្រាប់​ឆ្នាំ 2017 ដោយ​បូក​រួមទាំង​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ និង​ប្រាក់​អតីតភាព​កម្មករនិយោជិតម្នាក់ៗទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី 170ដុល្លារ​អាមេរិក ទៅ 181 ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ផងដែរ។

បរិបទ​មួយ​ដែល​ប្រទេស​ក្នុង​តំបន់​កំពុងមាន​ការប្រកួតប្រជែង ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ការគ្រប់គ្រង​លើ​តម្លៃ​ពលកម្ម​ដ៏​សមស្រប​មួយ​គឺជា​ចំណុច អាទិភាព​មួយ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​គិតគូរ​ជា​ចាំបាច់។ ដូច្នេះ ការពង្រឹង​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម។

ឯកឧត្តម​រដ្ឋមន្ត្រី​ថា ដើម្បី​ធានា​នូវ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា មាន​ប្រយោជន៍​យ៉ាងខ្លាំង ក្នុង​ការធានា​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​ការលើកកម្ពស់​កម្រិតជីវភាព​កម្មក​រ​និយោជិត ព្រមទាំង​ធានា​ស្ថិរភាព និរន្តរភាព នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្រសួង​បានរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា 36 វាក្យខណ្ឌ​ទី 2បញ្ញត្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់ស្មើៗគ្នា ចំពោះ​ការងារ​ដូចគ្នា៕

Advertisement