សិង្ហបុរី ជួយពង្រឹងធនធានមនុស្សលើបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញៈ ប្រទេសសិង្ហបុរីតាមរយៈវិទ្យាស្ថានអប់រំបច្ចេកទេស ហៅកាត់ ITEបានជួយពង្រឹងធនធានមនុស្សផ្នែកបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូបង្គោលនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ឡៅ ហ៊ីម អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីបញ្ចប់សិក្ខាសាលាលើការបណ្តុះបណ្តាលគ្រូបង្គោលថា សិក្ខាសាលាថ្ងៃនេះនឹងធ្វើឲ្យគ្រូបច្ចេកទេសមានឱកាសទទួលបានចំណេះដឹងបន្ថែម ការដកស្រង់បទពិសោធ ការសិក្សាស្វែងយល់ពីបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យបច្ចេកទេសតាមរយៈការបង្រៀន ការធ្វើបទបង្ហាញ និងការយកចិត្តទុកដាក់រៀនសូត្រពីសំណាក់លោកគ្រូអ្នកគ្រូដែលជាសិក្ខាកាម។

ឯកឧត្តមលើកឡើងថា នេះជាផ្នែកមួយនៃការរួមចំណែកអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺការកសាងសមត្ថភាពគ្រូបច្ចេកទេសដែលកំពុងបម្រើការងារនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីទទួលបានការរីកចម្រើននូវចំណេះដឹង ជំនាញ និងបទពិសោធដែលពាក់ព័ន្ធនឹងជំនាញឯកទេសក្នុងគោលបំណងរួមចំណែកដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបណ្តុះបណ្តាលក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត។

យោងតាមរបាយការណ៍របស់ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារបានឲ្យដឹងថា ផ្អែកលើកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល2ឆ្នាំ 2017-2018 រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងវិទ្យាស្ថានអប់រំបច្ចេកទេសនៃប្រទេសសិង្ហបុរី គឺត្រូវបណ្តុះបណ្តាលគ្រូបច្ចេកទេសកម្ពុជាចំនួន80រូបលើមុខជំនាញចំនួន3ដូចជា ព័តមានវិទ្យា អាយស៊ីធី បច្ចេកវិទ្យាអេឡិចត្រូនិក និងបច្ចេកវិទ្យារថយន្ត ដែលចំណុះនាយកដ្ឋានគ្រប់គ្រង គ្រឹះស្ថានសិក្សានៃក្រសួងការងារ៕

Advertisement