ធនាគារជាតិ បើកសិក្ខាសាលាស្តីពីកម្មវិធីរក្សាសុវត្ថិភាពសម្រាប់អតិថិជន

ភ្នំពេញ៖ ដើម្បីផ្តល់សុវត្ថិភាពដល់អតិថិជនក្នុងគ្រឹះស្ថានធនាគារក៏ដួចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរនោះ ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយក្រុមហ៊ុន SWIFT បើកសិក្ខាសាលាស្តីពី “កម្មវិធីរក្សាសុវត្ថិភាពសម្រាប់អតិថិជន” (Customer Security Program)។

លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានេះបានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងចែករំលែកអំពីក្របខ័ណ្ឌរក្សាសុវត្ថិភាព ការពិនិត្យលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងផ្នែកផ្សេងទៀតពាក់ព័ន្ធនឹងការរក្សាសុវត្ថិភាពសម្រាប់អតិថិជន។

លោកជំទាវបានបញ្ជាក់ថា ការផ្តោតការយកចិត្តទុកដាក់លើ Cybersecurity ពិតជាមានសារៈសំខាន់ណាស់ ដោយកម្មវិធីនេះបានផ្តល់ប្រយោជន៍ជាច្រើនក្នុងនោះមានៈ 1.Cybersecurity គឺជាការទទួលខុសត្រូវរបស់គ្រឹះស្ថានផ្ទាល់ ពីព្រោះគ្រឹះស្ថានតូចឬធំអាចត្រូវរងគ្រោះដោយការរុករកទិន្នន័យ(Hack)ពីខាងក្រៅគ្រប់ពេល។ 2.ការគំរាមកំហែងពីខាងក្រៅ គឺជាហានិភ័យដែលអាចបង្កឱ្យមានចំណាយប្រតិបត្តិការ និងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថាន និង 3.រក្សាកេរ្តិ៍ឈ្មោះប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថា Cybersecurity បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុសកល ដោយសារតែមានបញ្ហាជាច្រើនបានកើតមានឡើងកាលពីឆ្នាំកន្លងទៅដែលតម្រូវឱ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវមានការយកចិត្តទុកដាក់ជាសំខាន់ក្នុងការការពារសុវត្ថិភាពរបស់ខ្លួនក៏ដូចជាអតិថិជនរបស់ខ្លួនដែរ៕

Advertisement