CVEA​ នឹង​ចុះ MOU​ ជាមួយ​សមាគម​អចលនទ្រព្យ​អាមេរិក​ចំនួន3​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ឬCVEA​ គ្រោង​នឹង​ចុះ​កិច្ច​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​អចលនទ្រព្យ​ចំនួន​ 3ស្ថាប័ន​ផ្សេងគ្នា​នៅក្នុង​ឱកាស​នៃ​ការចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​សន្និសីទ​ និង​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​រយៈពេល​ 4ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​បន្ថែម​ទៀត​។នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​។

នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ដឹកនាំ​សមាជិក​ចំនួន​23នាក់​ដើម្បី​ទៅ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​( THE​ REALTOR​® CONFERENCE​ &​; EXPO​ – 2019​ ) ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​៖“ព្រឹត្តិ​ការណ៍​សន្និសីទ​ និង​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​របស់​សមាគម​ជាតិ​អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាមេរិក​ ឬហៅ​កាត់​ (NAR​) មាន​រយៈពេល​ 4ថ្ងៃ​ ដោយធ្វើ​ឡើង​កាលពី​ថ្ងៃទី8​-11​ ខែ​វិច្ឆិកា​ ឆ្នាំ2019​ នៅ​ទីក្រុង​សាន​ហ្វ្រាន​ស៊ី​ស្កូ​ (San​Francisco​) រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​ (California​) សហរដ្ឋអាមេរិក​”។

លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖“យើង​មាន​ផែនការ​ចុះ​ MOU​ ចំនួន3​ ក្នុង​នោះ​មាន​សមាគម​នៅ​សហរដ្ឋអាមេរិក​ចំនួន2​ និង​សមាគម​នៅ​អឺរ៉ុប​ចំនួន1​ ដែល​យើង​កំពុងធ្វើការ​ងារ​ហ្នឹង​ ដោយ​យើង​ផ្ដោត​លើ​ការ​សហការ​គ្នា​។ ភ្ជាប់​ទៅ​នឹង​គម្រោង​នៃ​ការ​ចុះ​កិច្ច​អនុស្សរណៈ​យោគយល់​រវាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ជាមួយនឹង​សមាគម​អចលនទ្រព្យ​ចំនួន3​ ផ្សេងគ្នា​នោះ​ កម្ពុជា​យើង​អត់​ទាន់​បើកចំហ​ជើងមេឃ​ទៅ​ខាង​អឺរ៉ុប​ទេ​ តែ​ឥឡូវ​យើង​កំពុង​ពង្រីក​ទីផ្សារ​ទៅ​ផ្នែក​អឺរ៉ុប​ អ៊ីចឹង​យើង​អាច​នាំ​ភ្ញៀវ​របស់​យើង​ មិន​ត្រឹមតែ​អាច​ទៅ​សហរដ្ឋអាមេរិក​ទេ​ គឺ​អាច​ទៅ​អឺរ៉ុប​ថែមទៀត​ នេះ​គឺជា​ទិសដៅ​ធំ​របស់​យើង​ ដែល​ចង់​ពង្រីក​សក្ដានុពល​លើ​ពិភពលោក​”។

លោក​បាន​បន្ត​ទៀត​ថា​៖ “នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​នោះ​ មាន​បណ្តា​សមាគម​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ចូលរួម​ជាច្រើន​ ដើម្បី​ធ្វើការ​ស្វែងយល់​ពី​បរិ​កាស​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ជាពិសេស​ គឺ​ការផ្លាស់ប្ដូរ​នូវ​បទ​ពិសោធ​ក្នុង​វិស័យ​អចលនទ្រព្យ​ ភាព​ជំនាញ​ទៅលើ​ការវាយតម្លៃ​ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ​ក្នុងនាម​ជាស​មា​ជិ​ករបស់​សមាគម​ជាតិ​ អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាមេរិក​(NAR​)”។

លោក​ប្រធាន​សមាគម​ក៏បាន​បញ្ជាក់​ដែរ​ថា​ការចូលរួម​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ សមាគម​ផ្ដោត​លើ​គោលបំណង​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ការសិក្សា​បន្ថែម​លើ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​វិស័យ​អចលនទ្រព្យ​ ផ្នែក​វាយតម្លៃ​ និង​ការ​ពង្រឹង​ទំនាក់ទំនង​អន្ដរ​ជាតិ​ក្នុងនាម​សមាជិក​របស់​ NAR​ ក៏ដូចជា​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​ប្រទេស​ជាដើម​។ លើស​ពីនេះ​ CVEA​ ក៏​ត្រៀម​បើក​ជើងមេឃ​ថ្មី​ តាមរយៈ​ការ​ចុះ​ MOU​ ជាមួយ​សមាគម​អចលនទ្រព្យ​អឺរ៉ុប​មួយ​ នា​ឱកាស​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ កម្មវិធី​សន្និសីទ​ និង​ពិព័រណ៍​ប្រចាំ​ឆ្នាំ​របស់​ NAR​ តែង​រៀបចំ​ជា​រៀងរាល់​ចុងឆ្នាំ​ ដោយ​មាន​បណ្ដា​ប្រទេស​ជាស​មា​ជិ​កលើ​ពិភពលោក​ជាច្រើន​ចូលរួម​ ក្នុង​នោះ​ក៏​មាន​តំណាង​សមាគម​CVEA​ របស់​កម្ពុជា​ចូលរួម​ផង​ដែរ​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិ​សោ​ធថ្មី​ៗ ពិសេស​ការ​បង្ហាញ​នូវ​វឌ្ឍនភាព​ និង​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ពិភពលោក​ ក៏ដូចជា​ការ​កៀងគរ​វិនិយោគិន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ​។

លោក​ ច្រឹក​ សុ​ខនីម​ បាន​លើកឡើង​ថា​៖“តាមរយៈ​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ រួម​ជាមួយ​នឹង​ការ​បង្ហាញ​ពី​កាលានុវត្ត​ភាព​ ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ យើង​នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគិន​ពី​បណ្តា​ប្រទេស​ដទៃទៀត​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ជាមិនខាន​”៕

Advertisement