​តើប្រទេសណា​ខ្លះ​​ដែល​ប្រើ​ភ្លើង​អគ្គិសនី​ច្រើន​ជាង​គេ​ក្នុង​លោក?

January 15, 2020​ ម៉ោង 10:44 am

ឆ្នាំ2017​ ការប្រើ​ប្រាស់​ភ្លើងអគ្គិសនី​នៅ​ទូទាំង​ពិភពលោក​ បាន​កើន​ 2.5​% ដោយ​ឡើង​ដល់​ 25,721​ តេ​រ៉ា​វ៉ាត់​-ម៉ោង​ (Terawatt​-hour​ (TWh​)ដែល​ស្មើនឹង​ 10ស្វ័យគុណ​ 12វ៉ាត់​-ម៉ោង​។
នៅពេល​និយាយ​ដល់​ការប្រើ​ប្រាស់​អគ្គិសនី​សរុប​នៃ​ដែនដី​នី​មួយ​ៗ ចិន​គឺជា​ប្រទេស​មួយ​ដែល​ប្រើ​ច្រើនជាង​គេ​បង្អស់​ ពោល​គឺ​ 25.9​%(អត្រា​គិត​ទូទាំង​ពិភពលោក​គឺ​ 100​%)។ នៅ​ពីក្រោយ​ចិន​ គឺ​សហរដ្ឋអាមេរិក​ ដោយ​ប្រើប្រាស់​ 17.5​%។
បើសិន​គិតទៅ​លើ​មនុស្ស​ម្នា​ក់ៗ​ ពលរដ្ឋ​ចិន​ និង​អាមេរិក​ មិនមែន​ជា​អ្នកប្រើ​អគ្គិសនី​ច្រើនជាង​គេ​ក្នុង​ពិភពលោក​នោះ​ទេ​ តែ​ពលរដ្ឋ​នៃ​ប្រទេស​ អ៊ីស្លង់​ (Iceland​) ឯណោះ​ទេ​ ដែល​ប្រើ​ច្រើនជាង​គេ​ គឺ​ក្នុង​មនុស្សម្នាក់​ប្រើ​រហូតដល់​ 54.4​ មេ​ហ្គា​វ៉ាត់​/ម៉ោង​(ឆ្នាំ2017​)។ មូលហេតុ​ដែល​នាំ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​អ៊ីស្លង់​ ប្រើ​ភ្លើងអគ្គិសនី​ច្រើនជាង​គេ​ក្នុង​លោក​ គឺ​ដោយសារ​តម្លៃ​អគ្គិសនី​ទាប​ ហើយ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ទាប​ គឺ​មក​ពី​ប្រទេស​នេះ​មាន​ប្រភព​ធនធាន​ធម្មជាតិ​សម្បូរ​បែប​ ដែល​អាច​ទាញ​យក​មក​បង្កើត​ជា​ចរន្ត​អគ្គិសនី​បាន​។ អាកាសធាតុ​ត្រជាក់​ខ្លាំង​ បូករួម​នឹង​ផ្ទៃមេឃ​មិនសូវ​មាន​ពន្លឺថ្ងៃ​ ក៏​នាំ​ឱ្យ​ប្រទេស​មួយ​នេះ​ប្រើ​អគិ្គ​សនី​ច្រើន​ផង​ដែរ​។
ស្ថានភាព​ខាងលើនេះ​ ក៏បាន​កើតឡើង​នៅក្នុង​ប្រទេស​ ន័រវែស​ (Norway​)ដែរ​។ ប្រទេស​នេះ​ឈរ​លំដាប់​ទី2​ បើ​គិតទៅ​លើ​ការប្រើ​ប្រាស់​ភ្លើងអគ្គិសនី​របស់​ពលរដ្ឋ​ម្នា​ក់់ៗ​ ដោយ​ក្នុង​មនុស្សម្នាក់​ ប្រើ​រហូតដល់​ 23.7​% មេ​ហ្គា​វ៉ាត់​/ម៉ោង​។ ឈរ​ក្នុង​លំដាប់​លេខរៀង​បន្តបន្ទាប់​មក​ទៀត​គឺ​ ប្រទេស​បារ៉ែន​ កាតារ​ និង​គុយ​វែ​ត ដោយសារ​ប្រទេស​ទាំងនេះ​ ក៏​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើ​ភ្លើងអគ្គិសនី​ច្រើន​ ព្រោះតែ​អាកាសធាតុ​មិន​អំណោយផល​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​