ក្រុម​អ្នកមាន​នៅ​អាមេរិក​ដណ្ដើមគ្នា​ទិញ​មូលបត្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​

ជាមួយនឹង​សន្ទស្សន៍​ភាគហ៊ុន​ដែល​បាន​កើនឡើង​ខ្ពស់​បំផុត​ចំនួន​ 6លើក​ក្នុងរយៈពេល​12​ថ្ងៃ​ដំបូង​នៃ​ដើមឆ្នាំ​នេះ​ S&​;P 500​ បាន​កើន​តម្លៃ​ឡើង​ជិត​3% ចាប់ពី​ឈាន​ចូលឆ្នាំ​2020​ ភ្លាម​។

ការស្ទង់មតិ​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​បង្ហាញថា​ ពលរដ្ឋ​អាមេរិក​ដែល​មាន​ប្រាក់​យ៉ាងតិច​1លាន​ដុល្លារ​ក្នុង​គណនី​ជំនួញ​ជើងសា​ និង​ការ​ជួញដូរ​មូលបត្រ​ដោយខ្លួនឯង​ មាន​ជំនឿ​ទៅលើ​សេដ្ឋកិច្ច​ និង​មូលបត្រ​អាមេរិក​។ កាលពី​ត្រីមាស​ចុងឆ្នាំ2019​ ប្រការ​នេះ​មិនបាន​កើតមានឡើង​ទេ​។

កាលណោះ​ សូម្បីតែ​មូលបត្រ​បាន​កើន​តម្លៃ​ឡើង​ក៏ដោយ​ ក៏​ក្រុម​អ្នកមាន​ប្រាក់​នៅតែ​មានការ​ប្រុងប្រយ័ត្ន​ និង​បារម្ភ​ពី​ការ​ដាំ​ក្បាល​ចុះ​នៃ​តម្លៃ​មូលបត្រ​។ ប៉ុន្តែ​បច្ចុប្បន្ន​ យោង​តាម​ការស្ទង់មតិ​របស់​ E-Trade​ Financial​ ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា​ សេដ្ឋី​ និង​អ្នកមាន​ប្រាក់​នៅ​អាមេរិក​ដល់ទៅ​76​% វាយតម្លៃ​ខ្ពស់ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ក្រុម​វិនិយោគិន​អាមេរិក​យល់ថា​ ទីផ្សារ​នឹង​កើនឡើង​បន្ថែម​ 5% ទៀត​ក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​ ហើយ​វា​ក៏​នឹង​មាន​កំណើន​បន្ថែម​16​% ទៀត​នៅក្នុង​ត្រីមាស​បន្ទាប់​។

ការ​ព្រួយបារម្ភ​អំពី​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ ពេលនេះ​លែង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​វិនិយោគ​ទៀតហើយ​។

អគ្គនាយករង​នៃ​ក្រុមហ៊ុន​ E-Trade​ លោក​ Mike​ Loewengart​ បានឱ្យ​ដឹង​ថា​៖ “ក្រុម​អ្នក​វិនិយោគ​កំពុង​មាន​ជំនឿ​ចិត្ត​ក្នុងអំឡុងពេល​នេះ​។ ក្រុម​អ្នក​វិនិយោគ​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​រីកចម្រើន​ដែល​កំពុង​កើតឡើង​នេះ​ដែរ​”។

មាន​មូលហេតុ​ជាច្រើន​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មានការ​សប្បាយចិត្ត​ និង​ធូរស្រាល​ក្នុង​អារម្មណ៍​។ ឆ្នាំនេះ​ ជា​ឆ្នាំ​ដែល​អាមេរិក​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ វា​អាច​មានការ​ប្រែប្រួល​ច្រើន​ ប៉ុន្តែ​ប្រការ​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​នាយកដ្ឋាន​បម្រុង​នៃ​សហរដ្ឋអាមេរិក​ (Fed​) ប្រឹងប្រែង​ដើម្បី​ឈរ​នៅ​ក្រៅ​ឆាកនយោបាយ​ ដូច្នេះ​ Fed​ នឹង​មាន​សកម្មភាព​សមស្រប​ក្នុង​ឆ្នាំនេះ​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ថយកម្ដៅ​ចុះ​ច្រើន​។ ក្រៅពី​នេះ​ ស្ថានភាព​ទីផ្សារ​ការងារ​ក៏​ល្អ​ ហើយ​តួលេខ​នៃ​ការប្រើ​ប្រាស់​ផលិតផល​ក៏​ប្រសើរ​ជាង​មុន​។ ទាំងអស់​នេះ​បាន​និង​កំពុង​បើកឱកាស​ល្អ​សម្រាប់​ទីផ្សារ​មូលបត្រ​។

តែ​យ៉ាងណាក៏ដោយ​ គេ​ក៏​មើលឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ដែរ​។ មហាសេដ្ឋី​ Tepper​ បាន​ប្រាប់​សារព័ត៌មាន​ CNBC​ ថា​ ទីផ្សារ​នឹង​ប្រែប្រួល​ខ្លាំង​ រហូត​សូម្បីតែ​ខ្ញុំ​ក៏​ត្រូវ​បន្ថយល្បឿន​ និង​ចាកចេញ​ដែរ​។ S&​;P 500​ មិន​ត្រូវ​បាន​គេ​កំណត់​តម្លៃ​ថ្លៃ​បែបនេះ​ ចាប់តាំងពី​ឆ្នាំ​ 2002​មក​។ កាលពីឆ្នាំទៅ​ ការ​កើន​តម្លៃ​របស់​វា​ គឺ​ដោយសារ​ការកំណត់​តម្លៃ​ខ្ពស់​ ពោល​គឺ​មិនមែន​ប្រសិទ្ធភាព​នៃ​ជំនួញ​ត្រូវ​បាន​កែ​លម្អ​នោះ​ឡើយ​។

សាស្ត្រា​ចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​ លោក​ Jeremy​ Siegel​ បាន​ថ្លែង​ថា​៖ “ក្នុងអំឡុងពេល​នេះ​ ខ្ញុំ​មិនទាន់​បានឃើញ​អ្នកណាមួយ​មាន​ចំណូល​ប្រកបដោយ​អត្ថន័យ​ដូច​ខាងលើ​នៅឡើយ​”។ លោក​បន្ត​ថា​ ទីផ្សារ​កំពុង​ធ្វើដំណើរ​នៅ​លើ​ផ្លូវ​ដែល​ងាយ​រង​របួស​ បើសិន​គេ​លក់​ចេញ​ 10​% នៃ​មូលបត្រ​ដែល​កំពុង​កាន់កាប់​។

យោង​តាម​អ្នកវិភាគ​ បច្ចុប្បន្ន​បច្ចេកវិទ្យា​ និង​ការថែទាំ​ផ្នែក​សុខាភិបាល​ នៅតែ​ជា​វិស័យ​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ មាន​សក្ដានុពល​ជាងគេ​។ តាម​ការស្ទង់មតិ​របស់​ E-Trade​ ក៏បាន​បង្ហាញ​ដែរ​ថា​ អ្នក​វិនិយោគ​ក៏​មានការ​ជឿជាក់​ជាង​មុន​ទៅលើ​មូលបត្រ​អន្តរជាតិ​ ដែល​កាលពីឆ្នាំទៅ​ វា​មិន​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​ឡើយ​។ សេដ្ឋី​អាមេរិក​ជាច្រើន​នាក់​បានឱ្យ​ដឹង​ថា​ មូលបត្រ​បរទេស​ បាន​ទាក់ទាញ​ពួកគេ​ក្នុង​ត្រីមាស​នេះ​ បន្ទាប់ពី​វា​បាន​កើនឡើង​ 29​% ក្នុង​ត្រីមាស​ទី​4 ឆ្នាំ​2019​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement