ឥណ្ឌូ​នេ​ស៊ី​ជិត​ “ផ្ដួល​” ថៃ​ ដើម្បី​ក្លាយជា​ទីផ្សារ​មូលបត្រ​ធំជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

យោង​តាម​ទំព័រ​សារព័ត៌មាន​ Bloomberg​ ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ កំពុងតែ​ត្រៀមខ្លួន​ក្លាយជា​ទីផ្សារ​មូលបត្រ​ធំជាង​គេ​នៅក្នុង​តំបន់​។ តម្លៃ​មូលធន​ទីផ្សារ​មូលបត្រ​របស់​ប្រទេស​នេះ​ បច្ចុប្បន្ន​ឡើង​ដល់​ 529​ពាន់​លាន​ដុល្លារ​ ជិត​យកឈ្នះ​លើ​ប្រទេស​ថៃ​ដែល​កំពុង​ធ្លាក់​កូដ​។

កាលពី​ខែឧសភា​ ឆ្នាំ​2019​ ថៃ​បាន​ “វ៉ា​ដាច់​” សិង្ហបុរី​ ហើយ​ឡើង​កាន់កាប់​តំណែង​នាំមុខ​ទាក់ទិន​នឹង​ទំហំ​មូលធន​ក្នុង​ផ្សារហ៊ុន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​។ ប៉ុន្តែ​ ដោយសារតែ​តម្លៃ​ប្រាក់​បាត​ធ្លាក់ចុះ​ និង​កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​ថមថយកម្លាំង​នោះ​ ដូច្នេះ​ SET​ Index​ របស់​ផ្សារ​មូលបត្រ​ថៃ​ គឺជា​សន្ទស្សន៍​មូលបត្រ​តែ​ 1គត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ស្គាល់​ពី​ឱនភាព​ក្នុងរយៈពេល​ 3ខែ​កន្លងមក​នេះ​។

ផ្ទុយ​មកវិញ​ សន្ទស្សន៍​នៃ​ផ្សារហ៊ុន​ Jakarta​ Composite​ Index​ បាន​កើន​ 5.5​% គិត​ក្នុងអំឡុងពេល​ដូចគ្នា​នៃ​ផ្សារហ៊ុន​នៅ​ថៃ​។ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ កំពុងតែ​អនុវត្ត​នូវ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ៗជាច្រើន​ និង​កំពុង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជា​គេ​បង្អស់​លំដាប់​លេខ4​ លើ​ពិភពលោក​មួយ​នេះ​។

យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​ Bloomberg​ ទីផ្សារ​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លំដាប់​ទី​21​ លើ​ពិភពលោក​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement