តើអាសន្នរោគនៅចិន បង្កផលវិបាកយ៉ាងណាដល់តម្លៃប្រេងពិភពលោក ខណៈមានបម្រាមគោចរនៅតំបន់មួយចំនួន

January 24, 2020​ ម៉ោង 12:07 pm

មកដល់ពេលបច្ចុប្បន្ន ប្រទេសចិនបានដាក់បម្រាមគោចរទៅលើរាល់សកម្មភាពចេញ-ចូលតំបន់ Wuhan ជាកន្លែងដែលមេរោគបង្កជំងឺរលាកសួត corona ដែលបានរកឃើញកាលពីខែមុន ហើយដែលក្រោយមកវាបាននិងកំពុងឆ្លងរាលដាលទៅតំបន់ផ្សេងៗក្នុងពិភពលោក។

ការជួញដូរក្នុងផ្សារមូលបត្រកាលពីថ្ងៃទី23 តម្លៃប្រេងបានធ្លាក់ថ្លៃជាលើកទី3។ តម្លៃមូលបត្រប្រេងនៅអាមេរិកបានធ្លាក់ថ្លៃក្នុងកម្រិតទាបបំផុតរាប់ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ2019 ដោយសារមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងនឹងទទួលរងឥទ្ធិពលអាក្រក់ពីបញ្ហាអាសន្នរោគ Wuhan ឬហៅថា មេរោគរលាកសួត corona ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន។

ហានិភ័យទាក់ទិននឹងប្រភពផ្គត់ផ្គង់កើនឡើងខ្លាំង បើទោះជាការផលិតប្រេងរបស់លីប៊ី កំពុងអាក់ខានក៏ដោយ។ បញ្ហានេះក៏បានបង្កការបារម្ភកាន់តែច្រើនឡើងចំពោះអ្នកវិនិយោគដែរ។ បិទទ្វារក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃប្រេងឆៅសម្រាប់ខែមិនា ឆ្នាំ2020 បានធ្លាក់ថ្លៃ 1.15ដុល្លារ/បារ៉ែល (ប្រហែល2%) ចុះមកនៅ 55.59ដុល្លារ/បារ៉ែល ជាតម្លៃទាបបំផុត បើគិតចាប់ពីថ្ងៃទី29 វិច្ឆិកា2019។ នេះបើយោងតាមការគណនាលើតារាងសន្ទស្សន៍មូលបត្រ Dow Jones Market Data។

តម្លៃប្រេង Brent សម្រាប់ខែមិនា ឆ្នាំ2020 ធ្លាក់ថ្លៃ 1.17ដុល្លារ/បារ៉ែល(ប្រហែល1.9%) មកនៅត្រឹម 62.04ដុល្លារ/បារ៉ែល។ នេះជាតម្លៃទាបបំផុត គិតចាប់ពីថ្ងៃទី3 ធ្នូ ឆ្នាំ2019។

និយាយអំពីបញ្ហាអាសន្នរោគ corona នៅប្រទេសចិនដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងនេះ បច្ចុប្បន្នចិនបានដាក់បម្រាមគោចរ ហាមមិនឱ្យមានសកម្មភាពចេញ-ចូលក្នុងតំបន់ Wuhan ជាកន្លែងដែលមេរោគរលាកសួត corona កំពុងឆ្លងរាលដាលខ្លាំង។ ប្រទេសសិង្ហបុរី កាលពីម្សិលមិញ (23 មករា 2020) ក៏បានបញ្ជាក់ថា ប្រទេសនេះមានករណីឆ្លងរោគ corona ជាលើកដំបូងផងដែរ។

គិតមកដល់បច្ចុប្បន្ន មេរោគរលាកសួត corona បានសម្លាប់មនុស្សយ៉ាងតិច17នាក់ និងជាង600នាក់ផ្សេងទៀតកំពុងផ្ទុកមេរោគនេះ។ ទីផ្សារហិរញ្ញវត្ថុនៃបណ្ដាប្រទេសធំៗក្នុងលោក កំពុងទទួលរងផលប៉ះពាល់ពីអាសន្នរោគ corona ក្នុងនោះផ្សារមូលបត្រចិន បានដាំក្បាលចុះកាលពីម្សិលមិញ នៅពេលអាសន្នរោគនេះកំពុងគ្រប់គ្រងបរិយាកាសបុណ្យចូលឆ្នាំចិននៅអាស៊ី។

ប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិ Velandera Energy លោក Manish Raj បានវាយតម្លៃថា ៖ “មកទល់នឹងពេលនេះ អាសន្នរោគ corona មិនទាន់ធ្វើឱ្យមានការប្រែប្រួលណាមួយទៅលើតម្រូវការប្រេង។ ប៉ុន្តែ នៅពេលអាជ្ញាធរចិនដាក់បម្រាមគោចរក្នុងក្រុងមួយចំនួន រួមទាំងតំបន់ Wuhan និងទីក្រុងចំនួន 2ផ្សេងទៀតនៅក្បែរនោះ។ សកម្មភាពធ្វើដំណើរ ប្រាកដជាថយចុះ ជើងហោះហើរនានានឹងត្រូវលុបចោលខ្លះ ហើយសកម្មភាពសេដ្ឋកិច្ចនៅចិនក៏នឹងត្រូវរួមតូចដែរ៕

ប្រភព៖ សារព័ត៌មានបរទេស