អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​បរទេសបាន​ទាក់ទាញ​វិនិយោគិនថ្មីៗជាច្រើន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម។ ការវិនិយោគ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​ម្ចាស់​អាជីវកម្ម​ក្នុង​ទីផ្សារ​សំណង់​គេហដ្ឋាន និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

តែក្នុងចំណោម​អ្នកវិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម​ទាំងអស់នោះ លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ដែលជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​ដែរ​នៅ​ប្រទេស​កម្ពុជាបាន​លើកឡើងថាការចាប់ផ្តើម​អាជីវកម្ម​លើ​វិស័យគ្រឿងសង្ហារិម​តុបតែង​ផ្ទះ​នេះ មិនមែនជា​រឿង​ងាយស្រួល​ពេក​ទេ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ។

លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ ថតរូបជាមួយបុគ្គលិក

លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ  បាន​ចែករំលែក​គន្លឹះសំខាន់ៗចំនួន 6ចំណុច ដែលជា​បទពិសោធ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​អាចឈរជើង​នៅក្នុង​អាជីវកម្ម​គ្រឿងសង្ហារិម​បាន​រហូតមកដល់​សព្វ​ថ្ងៃ ៖

1. ត្រូវ​សិក្សា​ពី​ផែនការ​ឱ្យបាន​ច្បាស់លាស់៖ ត្រង់ចំណុច​នេះ លោក​ថា នៅក្នុង​វិស័យ​គ្រឿងសង្ហារិម មាន​ផ្នែក​ជាច្រើន​ខុសគ្នា ហេតុនេះ​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿងសង្ហារិម ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ចាំបាច់​ត្រូវ​គិត​ឱ្យ​ច្បាស់​ជាមុនសិន គឺ​ត្រូវ​សិក្សា​ផែនការ​ឱ្យបាន​លម្អិត និង​ច្បាស់លាស់ ព្រោះ​កាលណា​យើង​សិក្សា​បានច្បាស់លាស់​ក្នុង​ដំណើរ​ប្រតិបត្តិការ​ការនាំ​ចូល និង​ដំណើការ​លក់​គ្រឿងសង្ហារិម​ហើយ​នោះ វា​នឹង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ ចំពោះ​អតិថិជន។ ហេតុនេះ បើយើង​រកស៊ី​ក្នុង​វិស័យ​គ្រឿងសង្ហារិម យើង​ត្រូវ​គិត និង​សិក្សា​ពី​ផែនការ​ជាមុនសិន​នោះ​ទើប​កសាង​ទំនាក់ទំនង​បានយូរ​អង្វែង​ជាមួយ​គ្រប់​ដៃគូ​អាជីវកម្ម​នានា។

2. ត្រូវ​សិក្សា​អំពី​ទីផ្សារ​នៅក្នុង​ប្រទេស ៖  មុននឹង​ចាប់ផ្ដើម​ប្រឡូក​នៅក្នុង​អាជីវកម្ម​នាំចូល គ្រឿងសង្ហារិម ការសិក្សា​ពី​ទីផ្សារ​ក្នុងប្រទេស ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ព្រោះ​ដើម្បី​ឱ្យដឹងថា តើ​នៅ​កម្ពុជា តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន កំពុង​ប្រតិបត្តិកា​លើ​ការងារ​គ្រឿងសង្ហារិម? តើ​មានការ​ប្រកួតប្រជែង​ទីផ្សារ​កម្រិតណា? ហើយ​ថា តើ​យើង​គួរ​មាន​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​យកឈ្នះ​ទីផ្សារ​នៅក្នុង​ប្រទេស​បាន?។

លោក​បានបញ្ជាក់​ត្រង់ចំណុច​នេះ​បន្តថា អាជីវកម្ម​មួយ​ជោគជ័យ​បាន គឺ​ត្រូវការ​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង។ ការធ្វើ​ទីផ្សារ ឬ​ភាគច្រើន​ត្រូវបាន​គេ​ហៅថា Marketing គឺជា​ដង្ហើម​របស់​អាជីវ​កម្ម។ អាជីវកម្ម​ខ្លះ ត្រូវ​ដួលភ្លាមៗ បន្ទាប់ពី​បើក​ដំណើរការ​មិនបាន​ប៉ុន្មាន​ផង បញ្ហា​ធំ​គឺ​ដោយសារតែ​ខ្សោយ​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ។ ចេញ​រកស៊ី មិនមែន​ថា ឱ្យតែ​មាន​លុយ​បើក​ដំណើរការ​ហើយ មាន​គេ​មក​តម្រង់​ជួរ​ទិញ​នោះទេ យើង​ត្រូវការ​ការធ្វើ​ទីផ្សារ​ដើម្បី​ជំរុញ​ការលក់។

ការធ្វើ Marketing បានល្អ នឹង​ជំរុញ​ឱ្យ​ផលិតផល ឬ​សេវាកម្ម​របស់​យើង​អាច​ចូលទៅក្នុង​ទៅ​ផ្សារ​បាន និង​មានការ​ទទួលស្គាល់​ពី​អតិថិជន​បាន​យ៉ាង​លឿន។

3. សិក្សា​ពី​អ្នកប្រើប្រាស់៖ ទម្លាប់​របស់​ប្រជាជន​កម្ពុជា 1ចំណុច​ដែល​ធ្វើឱ្យ​អាជីវកម្ម​ខ្លះ​ដួល ហើយ​អាជីវកម្ម​ខ្លះទៀត​ជោគជ័យ​នោះ គឺ​ការចូល​ចិត្ត​អ្វីដែល​ថ្មី។ ទំនោរ​ចិត្ត​នេះ មិនមែន​តែ​អតិថិជន​នៅ​កម្ពុជា​នោះទេ គឺ​នៅ​ទូទាំង​ពិភពលោក​តែម្តង តែ​អ្វីដែល​ប្លែក​នោះ គឺ​អតិថិជន​កម្ពុជា​ឆាប់​ណាយ ហើយ​ចូលចិត្ត​អ្វី​តែមួយឆាវៗទេ។ ឧទាហរណ៍​ដូចជា ផ្សា​រាត្រី ផ្សារ​កុង​តឹ​ន័​រ គុយទាវ​ទូក​ជាដើម ដែលមាន​ភ្ញៀវ​កកកុញ​ពេល​ចូល​ទីផ្សារ​ដំបូង តែយូរៗទៅ​ក៏​អស់​ភ្ញៀវ​ស្ងាត់​សូន្យ​តែម្តង។ អាជីវកម្ម​ទាំងឡាយ ត្រូវតែ​ត្រៀម​គ្រប់ពេល ដើម្បី​ផ្លាស់ប្តូរ​នូវ​អ្វីដែល​ថ្មី​សម្រាប់ការបត់បែន​របស់​អតិថិជន។

4. រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ៖ ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ លោក​ថា ក្រោយពី​យើង​បានរៀបចំ​ផែនការ​ទុក​មុន​រួចរាល់​ហើយ។ នៅក្នុង​អាជីវកម្មនីមួយៗ មាន​យុទ្ធសាស្ត្រ​គ្រប់គ្រងខុសៗគ្នា និង​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​នៃ​អាជីវកម្ម។ ការ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ អាចធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​មិនសូវ​ឈឺក្បាល ហើយ​អាជីវកម្ម​នឹង​ដំណើរការ​ទៅបាន​ដោយ​រលូន។

ការ​រចនា​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម គឺ​រៀបចំ​ដោយ​ម្ចាស់​អាជីវកម្ម ឬ​សហ​ស្ថាបនិក​ដែល​យល់ច្បាស់​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន។ ដូចនេះ ការរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​ដែរ ព្រោះ​វា​នឹង​ជួយ​យើង​ឱ្យបំពេញ​ភារកិច្ច​បាន​តា​ម​ផែនការ ដាក់​បុគ្គលិក​ត្រូវ​ជំនាញ ត្រូវ​កន្លែង ដែលជា​សមត្ថភាព​ពិត​របស់​ពួកគេ​ផ្ទាល់ ដើម្បី​ងាយ​បំពេញការងារ​បាន​ជោគជ័យ។

5. ត្រូវមាន​ភាពក្លាហាន និង​ហ៊ាន​ប្រថុយ៖ តាំងពី​ចាប់ផ្តើម​អាជីវកម្ម លោក​ប្រឈម​បញ្ហា​ជាច្រើន​លើ​ការបោកប្រាស់ នៅពេលដែល​គ្រឿងសង្ហារិម​បាន​កុម្ម៉ង់ និង​កក់​ប្រាក់​រួចហើយ តែ​ត្រូវគេ​មិន​ផ្តល់ឱ្យ។ តែ​ចំណុច​នេះ លោក​មិន​រារែក​ទេ និង​តែង​ប្រាប់​ខ្លួនឯង​ថា បើ​ហ៊ាន​ប្រឡូក​ក្នុង​អាជីវ​កម្មនេះ ត្រូវតែ​ហ៊ាន​ខាតបង់​ខ្លះ ទុកជា​មេរៀន​ថ្ងៃក្រោយ ព្រោះ​ការខាតបង់ មិនមែន​មាន​រហូត​នោះទេ។

លោក​បន្តថា បើ​យើង​មិន​ក្លាហាន យើង​មិនអាច​ចេញ​រកស៊ី​បានទេ ហើយ​បើ​យើង​មិនចេះ​ស៊ូ​នៅក្នុង​ការរកស៊ី​អាជីវកម្ម យើង​ក៏​មិនអាច​មាន​ភាព​រីកចម្រើន​បានដែរ ហេតុនេះហើយ​យើង​ត្រូវតែ​ដាក់ចិត្ត​មួយ​ថា ទៅឱ្យ​ដល់ មុជ​ឱ្យ​ជ្រៅ ព្រោះ​កាលណា​បើ​យើង​ដាក់ចិត្ត​ខំប្រឹង​ហើយ​នោះ ច្បាស់​ជា​អាច​ទទួលបាន​ផ្លែផ្កា​នៅពេល​ណាមួយ​ជាក់​ជាមិនខាន។

6. ភាពជឿ​ទុកចិត្ត​ខ្ពស់៖ មុខរបរ​បម្រើសេវា​ក​ម្ម​លើ​គ្រឿងសង្ហារិម​នេះ លោក​ថា មាន​ភាពផុយស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត និង​ចិត្ត គេ​ចង់បាន​អីយើង​បម្រើ​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន ថែរក្សា​អតិថិជន កុំឱ្យ​ថ្នាំងថ្នាក់​ចិត្ត បម្រើ​ឱ្យមាន​ប្រសិទ្ធភាព។ បើ​និយាយ​ពី​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណា​ក៏មាន​ការប្រកួតប្រជែង​គ្នា​ដែរ ប៉ុន្តែ​មុខ​ជំនួញ​គ្រឿងសង្ហារិម លោក​គិតថា មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំងជាងគេ។

លោក​បន្តថា ដោយសារ​យើង​រកស៊ី​ក្នុង​វិស័យនេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែលមាន​លុយ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម។ ពួកគាត់​ទាំងនោះ ចង់បាន​អ្វីដែល​ល្អ មានគុណ​ភាព  ដូច្នេះ យើង​ចាំបាច់​ត្រូវ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន។

សូមបញ្ជាក់​ជូន​ដែរ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ជា​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

មាន​វត្តមាន​ត្រឹមតែ​ជិត 10ឆ្នាំ​ក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះតែ​ក្រុមហ៊ុន​ទទួលបាន​ការបញ្ជាទិញ​កើនឡើង​យ៉ាងច្រើន ដោយ​ការលក់ បាន​កើនឡើង​ពី20% ក្នុង​ឆ្នាំ​ដំបូង រហូតដល់ 80% ក្នុង​ឆ្នាំ​បន្ទាប់ ដោយ​ក្នុង 1ឆ្នាំការលក់​អាច​កើនឡើង​ប្រហែលជា4ដង។

បើ​និយាយ​ពី​ការកកើត​ក្រុមហ៊ុន​នេះ​វិញ ពីដំបូង​មានតែ​បុគ្គលិក​តែ 2នាក់​ប៉ុណ្ណោះ តែ​រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​វិ​វ​ឌ្ឍ​ខ្លួន រហូតដល់​មាន​បុគ្គលិក​ជាង 40នាក់ និង​មាន 3សាខា​នៅ​កម្ពុជា។ សម្រាប់​ឆ្នាំ2020នេះ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សាខា​នៅ​ទីតាំង5 បន្ថែមទៀត ដើម្បី​ឆ្លើយ​នឹង​តម្រូវការ​ទីផ្សារ​គ្រឿងសង្ហារិម នៅ​កម្ពុជា​ដែល​កំពុងមាន​សម្ទុះ​ខ្លាំង។

ជារួម​មក បើសិនជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​គ្រឿងសង្ហារិម ប្រកាន់ខ្ជាប់​នូវ​គន្លឹះ​ទាំង 6ចំណុច​ខាងលើ​នោះ នឹង​ទាក់ទាញ​បាន​ប្រជាប្រិយភាព ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​អតិថិជន ដែល​ធ្វើឱ្យ​ជំនួញ​ប្រភេទ​នេះ​ជោគជ័យ​មិន​ខាន៕

Advertisement