តើ​វិស័យ​សំណង់​នៅ​តំបន់​ភាគ​ត្បូង​រាជធានី​ភ្នំពេញ នឹង​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាងដូចម្តេច?

អ្នកជំនាញ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា បាន​លើកឡើងថា តំបន់​ភាគខាងត្បូង រាជធានី​ភ្នំពេញ នឹង​កាន់តែ​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​មួយទៀត​សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ជាពិសេស​នឹង​ផ្ទុះ​កក្រើក​ខ្លាំង​ខាង​ការវិនិយោគ​លើ​ការសាងសង់ ខណៈ​បច្ចុប្បន្ន​លំនៅឋាន បុរី និង​សំណង់​ផ្ទះល្វែង ជាច្រើន​កំពុង​វាយលុក និង​ធ្វើការ​សាងសង់​ក្នុង​តំបន់​នេះ កើនឡើង​ពី 1ឆ្នាំទៅ 1ឆ្នាំ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia និង​ជា​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេ​ត បាន​លើកឡើងថា តំបន់​ភាគខាងត្បូង ប​ច្ច​ប្បន្ន​កំពុង​រីកចម្រើន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​គួរឱ្យកត់សម្គាល់​ខ្លាំង ខណៈ​តំបន់​នេះ​កំពុង​ទទួលបាន​ការចាប់​ពី​អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ខ្លាំង។

លោក​បាន​បន្តថា៖“ការទទួលបាន​ការចាប់-​អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​នេះ ក៏​ព្រោះតែ​តំបន់​ភាគខាងត្បូង ស្ថិត​នៅក្បែ​គម្រោង​ផ្សារ​ទំនើប​អុីអន​ម៉​ល​ទី3 ជាពិសេស​គម្រោង​បុរី​លំនៅឋានល្បីៗជាច្រើន​ទៀត ដែល​កំពុង​អភិវឌ្ឍ ក៏​សម្រុក​ទៅ​ទី​នោះដែរ។

ទន្ទឹមគ្នានេះ ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ក៏​បណ្តាលមកពី​តំបន់​នេះ​ត្រូវបាន​ជ្រើសរើស​ជា​តំបន់​ដែល​ត្រូវ​សាងសង់​ព្រលានយន្ដហោះ​ភ្នំពេញ​ថ្មី ដែលមាន​ស្ថិតនៅក្នុង​ខេត្តកណ្តាល ក្នុងស្រុកកណ្តាលស្ទឹង ផងដែរ”។

ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​តំបន់​ភាគខាងត្បូង ដែលមាន​ទីក្រុង​តាខ្មៅ ព្រមទាំង​មាន​គម្រោង​វិយោគធំៗជាច្រើន​នោះ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូបនេះ បាន​វាយតម្លៃថា តំបន់​ភាគ​ត្បូងនៅ​ម្តុំ​ផ្លូវ 60ម៉ែត្រ ព្រមទាំង​ក្រុង​តាខ្មៅ នឹង​ក្លាយជា​តំបន់​ដែលមាន​ការវិនិយោគ​វិស័យ​ខុន​ដូ​ច្រើនជាងគេ ក្នុង​រយៈពេល 3ឆ្នាំ​ខាងមុខ។

លោក​បញ្ជាក់ថា ក្នុង 1ឆ្នាំៗ ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​រស់នៅក្នុង​ទីក្រុង​កើន​ដល់​ជាង 10ម៉ឺន​នាក់ ហេតុនេះ​វិស័យ​ខុន​ដូ​ក្នុង​តំបន់​ភាគខាងត្បូង ដែលមាន​ក្រុង​តាខ្មៅ គឺជា​ទីតាំង​ល្អ​សម្រាប់​ការរស់នៅ​របស់​ប្រជាជន ព្រោះ​ជា​តំបន់​ដែល​ស្ថិត​នៅក្បែរ​រាជធានី​ភ្នំពេញ​ស្រាប់។

ទន្ទឹមគ្នានេះ អគ្គនាយក​ក្រុមហ៊ុន Estate Xchange Cambodia លោក រស់ សុវណ្ណ​ថា ក៏បាន​លើកឡើង​ដែរ​ថា តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ចន្លោះ​ពី​ផ្លូវ 60ម៉ែត្រ​ដល់​តំបន់​រង្វង់​មូល​កួរស្រូវ កំពុង​ទទួលបាន​គម្រោង វិនិយោគធំៗជាច្រើន ហើយ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ភាគខាងត្បូង ក៏មាន​ការរីកចម្រើន​គួរឱ្យ​កត់​ស​ម្គាល់​ផងដែរ។

លោក​បន្តថា គម្រោង​លំនៅឋាន នឹងមាន​សម្ទុះ​ខ្លាំងជាងគេ ដោយសារ​តំបន់​ភាគ​ត្បូង​រាជធានី​នេះ ម្ដុំ AEON MALL ទី3 នៅមាន​ចន្លោះ​ដី​ធំ​ទូលាយ និង​នៅ​ទំនេរ​ច្រើន ហើយ​លោក​យល់ថា​ តំបន់​នោះ​នឹងមាន​ការវិវឌ្ឍ​លើ​ផ្នែក​លំនៅឋាន​ពី​សំណាក់​
គម្រោងធំៗដូច​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលមាន​ផ្សារ​ទំនើប AEON MALL ទី2 ដែរ។

លោក​បាន​បន្ថែមថា តម្លៃ​ដី​ក្នុង​តំបន់​នេះ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ដែរ ពោលគឺ​នៅតាម​បណ្ដោយ​ផ្លូវធំ អាចមាន​តម្លៃ​ចាប់ពី 700ដុល្លារ ដល់ 1,000ដុល្លារ​ក្នុង 1ម៉ែត្រការ៉េ ខណៈដែល​ដី​នៅ​ផ្លូវ 60ម៉ែត្រ​វិញ មានតម្លៃ​ចាប់ពី 1,500ដុល្លារ ក្នុង 1ម៉ែត្រការ៉េ​ឡើងទៅ។

ដីនៅម្តុំផ្លូវ60មែ៉ត្រ

ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ក៏បាន​បញ្ជាក់ដែរថា៖“តម្លៃ​អចលនទ្រព្យ​នៅ​តំបន់ AEON MALLទី3 មិនសូវមាន​ការប្រែប្រួល​ខ្លាំង​ប៉ុន្មាន​ទេ” ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ក្រៅពី​ផ្ទុះ​កក្រើក​ខ្លាំង​ខាង​ការវិនិយោគ​លើ​ការសាងសង់​បុរី​លំនៅឋាន​ហើយ​នោះ គម្រោង​ខុន​ដូ​ក្នុងតម្លៃ​សមរម្យ នៅតាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ ក៏​នឹងមាន​ការវិនិយោគ​ខ្លាំង​ជាង​មុន​ផងដែរ។

បើតាម​ផែនការមេ (2015-2035) របស់​សាលា​រាជធានី​ភ្នំពេញ បានកំណត់​យក​ទីតាំង​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ពោលគឺ ត្រឹម​រយៈពេល 15ឆ្នាំ​ទៅមុខទៀត តំបន់​នេះ​នឹង​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​បៃតង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់​រាជ​ធានី​ភ្នំពេញ។ នេះ​បើតាម​ការអះអាង​របស់ Prince Real Estate។

ជាងនេះទៀត នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ផ្លូវ 60ម៉ែត្រ ឬ​ហៅថា “មហាវិថី​សម្តេច តេ​ជោ​ ហ៊ុន សែន” ដែលមាន​ទទឹង 60ម៉ែត្រ និង​បណ្តោយ​ជិត 10គីឡូម៉ែត្រ​ដែលជា​ផ្លូវធំ​ជាងគេ និង​ជា​ផ្លូវ​ត​ភ្ជាប់​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ។ មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ផែនការអភិវឌ្ឍន៍​ទីក្រុង​ឆ្នាំ2035 របស់​សាលាក្រុង​ភ្នំពេញ ក្នុង​គោលបំណង​ជួយ​ពង្រឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅពេល​ទីក្រុង​ភ្នំពេញ​បន្ត​ពង្រីក​កាន់តែ​ធំ និង​អភិវឌ្ឍ​កាន់តែខ្លាំង​ឡើង។

ដោយសារតែ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​បៃតង ទំនើប និង​ស្រស់ស្អាត​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​អនាគត ទើប​បានជា​ទីតាំងនៅ​ទីនោះ តម្លៃ​ដី​បាន​ហក់​ឡើង​ខ្លាំងពិសេស​តំបន់​ផ្លូវ 60ម៉ែត្រ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​ហក់​ខ្ពស់​ឡើង​តាម​នោះដែរ។ នេះ​បើតាម​ការលើកឡើង​ពី លោក ម៉េ​ត មាស​ភក្តី មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់ដែរថា កាល​ចុងខែ​ធ្នូ ឆ្នាំ2019 កន្លងទៅ យោងតាម​ការចេញផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC ) បានឱ្យដឹងថា គម្រោង​សាងសង់​ផ្សារ​ទំនើប AEON MALL ទី3 បានចេញ​គម្រោង​ជា​ផ្លូវការ​ហើយ គឺ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 289.6លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 47កន្លែង។ ផ្សារ​ទំនើប AEON MALL3 នេះ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅ
ក្នុង​ឆ្នាំ2020 នេះហើយ។

គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ផ្សារ​ទំនើប​ទី3 របស់​ក្រុមហ៊ុន ​AEON នឹងមាន​ផ្ទៃក្រឡា​សរុប រហូតដល់​ទៅ 174,000ម៉ែត្រការ៉េ ដែល​ទំហំ​នេះ គឺ​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​របស់​ផ្សារ​ទំនើប​AEON ទី1 (68,000ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប​AEON 2 សែន​សុខ (100,000ម៉ែត្រការ៉េ) ដែល​ទំហំ​សរុប​មាន​ត្រឹមតែ 168,000ម៉ែត្រការ៉េ។

ទន្ទឹមនឹង​នេះដែរ ផ្សារ​ទំនើប​ទី3 របស់ AEON ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ 60ម៉ែត្រ​ឬ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​មួយ​នេះ គឺ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ2023 ខាងមុខនេះ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​នេះ កាលពីពេល​កន្លងទៅ។

ជា​សរុប ដោយសារ​វត្តមាន​ផ្សារ​ទំនើប​ទី3 របស់​ក្រុមហ៊ុន​AEON និង​គម្រោង​វិនិយោគធំៗនៅ​តំបន់​នោះ ដែល​ទើបបាន​ប្រកាស​ជា​ផ្លូវការ និង​បន្ត​រីកចម្រើន​ឥតឈប់ឈរ​នោះ ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា វិស័យ​សំណង់​នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ទៅ​ថ្ងៃ​អនាគត នឹង​កាន់តែ​មានការ​អភិវឌ្ឍ​លឿន​លើ​គម្រោង​សាងសង់​នានា ខ្លាំង​ជាង​តំបន់​ដទៃទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ព្រោះ​តំបន់​នេះ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន ស្ថានភាព​ដីធ្លី​ខ្ពស់មិនសូវ​ប្រឈម​នឹង​ការ​លិច​ទឹក ជាទី​តាំង​ដែល​នៅ​ជិត​ទីក្រុង​ជាងគេ និង​ជា​តំបន់​ដែល​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​អាច​អនុញ្ញាតឱ្យ​ការកសាង​ផ្លូវ ធ្វើបាន​ល្អ​ជាង​តំបន់​ដែល​បាន​អភិវឌ្ឍន៍​រួច៕

Advertisement