តំបន់សេដ្ឋកិច្ចកំពូលរបស់ចិន “ជាប់គាំង” ក្រុមហ៊ុននានាត្រូវខាតបង់ ខណៈមេរោគ Corona កំពុងដំឡើងឫទ្ធិ

អាសន្នរោគ Wuhan (Corona) ប្រទេសចិន កំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មនៃប្រទេសនេះ។

រដ្ឋាភិបាលចិនថ្មីៗនេះ បានបង្ខំចិត្តប្រកាសដាក់ចេញនូវវិធានការមិនធម្មតាមួយ ដើម្បីជួយទប់ស្កាត់ការរាល ដាល​នៃមេរោគរលាកសួតនេះ ដោយហាមមិនឱ្យក្រុមហ៊ុនទាំងឡាយធ្វើសកម្មភាពឡើងវិញនៅមុនថ្ងៃទី22 កុម្ភៈ ឆ្នាំ2020 ដូច្នេះ បុគ្គលិកនៃក្រុមហ៊ុនទាំងអស់នឹងបានឈប់សម្រាកបន្ថែម3ថ្ងៃទៀត ក្រោយពិធីបុណ្យចូលឆ្នាំ​ចិន។

លើសពីនេះ អាជ្ញាធរនៃតំបន់មួយចំនួន ថែមទាំងបានដាក់បទបញ្ជាឱ្យក្រុមហ៊ុនទាំងអស់ ផ្អាកដំណើររហូតដល់ថ្ងៃទី9កុម្ភៈ ឆ្នាំ2020 លើកលែងតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសំខាន់ៗ ដូចជាក្រុមហ៊ុនទឹក ភ្លើង ឬផ្សារទំនើប។

ផ្នែក​​មួយ​នៃ​តំបន់​​ Suzhou ក្នុង​ក្រុង​សៀង​ហៃ

បទបញ្ជាខាងលើ មិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុកនោះទេ តែវាប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនបរទេសដែលរកស៊ីជាមួយចិន ពិសេសគឺនៅក្រុងសៀងហៃ។

តំបន់ Suzhou នៃប្រទេសចិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ស្ថិតនៅភាគពាយព្យនៃក្រុងសៀងហៃ កាលពីថ្ងៃចន្ទកន្លងទៅបានចេញបទបញ្ជា ហាមមិនឱ្យក្រុមហ៊ុនទាំងអស់ ធ្វើសកម្មភាពឡើងវិញនៅមុនថ្ងៃទី​8មិនា ឆ្នាំ2020 នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិចិន។ នៅតំបន់នេះ មានក្រុមហ៊ុនយ៉ាងតិច 1,500 ក្នុងនោះក៏មានក្រុមហ៊ុនធំៗរបស់ជប៉ុន ដូចជា Panasonic និង Kobe Steel ផងដែរ។

ទន្ទឹមនិងនេះ អាជ្ញាធរនៃតំបន់ផ្សេងៗមួយចំនួនទៀតក៏បានចេញបទបញ្ជាប្រហាក់ប្រហែលគ្នានេះដែរ។ អាជ្ញាធរខេត្ត Shandong និង Shanxi ក៏បានហាមបុគ្គលិកបម្រើការឱ្យក្រុមហ៊ុនទាំងឡាយក្នុងខេត្តទាំងពីរនេះ ត្រឡប់​មកធ្វើការវិញ ដោយរង់ចាំបទបញ្ជាថ្មី។

Foxconn ដែលជារោងចក្រផលិតទូរស័ព្ទឆ្លាតវៃក្នុងខេត្ត Shandong បានសម្រេចឱ្យបុគ្គលិកឈប់សម្រាកបន្ថែម​3ថ្ងៃពីលើថ្ងៃសម្រាករដូវចូលឆ្នាំចិន ពោលគឺបានសម្រេករហូតដល់ថ្ងៃទី3កុម្ភៈ ឆ្នាំ2020 យូរជាងជិតមួយសប្ដាហ៍ បើធៀបនឹងគម្រោងដំបូង។

ចំណែកនៅឯក្រុង Wuhan វិញ អាជ្ញាធរបានសម្រេចចិត្តដាក់បម្រាមគោចរ ហើយមធ្យោបាយធ្វើដំណើរសាធារណៈ​ភាគច្រើនត្រូវផ្អាកដំណើរការ។ រីឯក្រុមហ៊ុនផលិតរថយន្តនានាវិញ ក៏ត្រូវកែសម្រួលសង្វាក់ផលិតកម្ម ដើម្បីសម្របខ្លួនទៅនឹងបម្រាមគោចរនេះផងដែរ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement