ក្រសួងកសិកម្ម៖ ក្រោយ​កាត់បន្ថយ​កូតា​នាំចូល​មាន់​ពី​បរទេស តម្លៃ​មាន់​ក្នុងស្រុក​ស្ទុះ​ឡើង

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពីពេលថ្មីៗនេះ(ថ្ងៃទី9 ខែមករា ឆ្នាំ2020)ដោយបាន​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ក្នុងការ​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មកកាន់​កម្ពុជា។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់ថា ចាប់ពី​ដើមឆ្នាំ2019 អគ្គនាយកដ្ឋាន​
សុខភាព​សត្វ បាន​ពិនិត្យឃើញថា កសិករ សហគមន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់ចុះ​តម្លៃ​មាន់​រស់​យ៉ាងគំហុក ពោលគឺ​ថ្លៃដើម​ផលិត​ក្នុង1គីឡូក្រាម ត្រូវ​ចំណាយ​អស់ 5,000រៀល តែ​ចំពោះ​ការលក់​ចេញ​មាន់​រស់បាន​តម្លៃ​ត្រឹមតែ 4,800រៀល​ប៉ុណ្ណោះ​ក្នុង 1គីឡូក្រាម។

អគ្គនាយកដ្ឋាន​នេះ​បាន​បន្តថា ដោយ​មើលឃើញ​ពី​សភាពការណ៍​នេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស មកកាន់​កម្ពុជា​ពី​ចំនួន 13ក្រុមហ៊ុន មក​នៅត្រឹម​ចំនួន 7ក្រុមហ៊ុន​វិញ និង​ចំនួន​នាំចូល​ពីមុន 44,000ក្បាល​ក្នុង 1ថ្ងៃ មក​នៅត្រឹមតែ 1,7000ក្បាល​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានបញ្ជាក់​ទៀតថា លទ្ធផល​ដែល ទទួលបាន​ក្រោយពី​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​បក្សី​ពី​បរទេស មាន​ជាអាទិ៍៖
* តម្លៃ​មាន់​រស់ បាន​កើន​ឡើងវិញ​ល្អប្រសើរ ពី 6,900 -7,400រៀល​ក្នុង 1គីឡូក្រាម។

* អ្នក​ចិញ្ចឹម​បក្សី ប្រជាជន ក្រុមហ៊ុន​ចិញ្ចឹម​បក្សី និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​គាំទ្រ និង​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មក​កម្ពុជា​នេះ។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​សូម​គាំទ្រ និង​កោតសរសើរ​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​កូតា​មាន់​សាច់​រស់​នាំចូល​ពី​បរទេស ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​មាន់​ក្នុងស្រុក​គ្រប់​រូបភាព ក្នុងការ​រក្សាបាន​តុល្យភាព​តម្លៃ មិន​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម និង​ជួយ​រក្សា​កម្លាំង​ពលកម្ម និង​កាត់បន្ថយ​ការ​ចំណាកស្រុក។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​មានប្រសាសន៍ថា៖“ការកាត់បន្ថយ​មាន់​សាច់​រស់​នាំចូល​ពី​បរទេស ជាការ​ត្រឹមត្រូវ​ហើយ ព្រោះ​ផលិតកម្ម​ចិញ្ចឹមសត្វ​មាន់ និង​ជ្រូក​ក្នុងស្រុក កំពុងតែ​ជួប​នូវ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកថ្មីៗនេះ បាន​ខាតបង់ កសិករ​ក៏​ងាក​មក​ចិញ្ចឹម​មាន់​វិញ​ម្ដង។

ដូច្នេះ​ក្រសួង​បានគិត​គូរ​ដល់​កសិក​រហើយ ប៉ុន្តែ​សាច់មាន់​ឡើងថ្លៃ មិនមែន​ដោយសារតែ​ការកាត់បន្ថយ​ការនាំ​ចូល​ទេ គឺមាន់​ប្រទេសជិតខាង​ក៏​ឡើងថ្លៃ​ដែរ តែបើ​យើង​មិន​កាត់បន្ថយ​ទេ ពេល​ចុះថ្លៃ គេ​នឹង​នាំ​ចូលមក​គំហុក ដើម្បី​សម្លាប់​កសិករ​យើង”។

លោក​ប្រធាន​សមាគម ដែលមាន​គំនិត​គាំពារ​និយម ចូលចិត្ត​លើកស្ទួយ​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បានបញ្ជាក់​ថា នេះ​ក៏​ជា​សំណូមពរ​របស់​សមាគម​មួយ​ដែរ​សម្រាប់​ទីផ្សារ​តម្លៃ​មាន់​បច្ចុប្បន្ន​បើ​យើង​ឱ្យ​តម្លៃ​ថ្លៃ​ពេក វា​ក៏​ប៉ះពាល់​ដល់​អ្នក​ហូប អ្នកទិញ​ដែរ។ កត្តា​សំខាន់​ឱ្យ​ចំណេញ​ទាំងអស់គ្នា ចំណេញ​ទាំង​អ្នក​ចិញ្ចឹម ទាំង​អ្នក​ហូប។

លោក ស្រ៊ុន ពៅ ក៏បាន​បន្តទៀត​ដែរ​ថា ចំណុច​មួយទៀត​នោះ គឺ​ការចិញ្ចឹម​មាន់​របស់​ក​សិ​ករ​បាន​ដំណើរ​ការល្អ តែ​យើង​ខ្វះ​ពូជ​មាន់​ឱ្យ​កសិករ​យើង នេះ​ក៏​ជា​បញ្ហា​មួយ​ដែរ។

លោក ស្រ៊ុន ពៅ ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា៖“បើ​គិតពី​តម្លៃ​របស់​មាន់​ស្រែ នៅពេល​មាន​រដូវ​បុណ្យទាន ឬ​ចូលឆ្នាំ​ចិន​ជាដើម ជាការ​ពិត វា​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា នេះ​ជា​ប្រពៃណី​ទៅហើយ។

សម្រាប់​មាន់​ស្រែ​ថ្លៃ 25,000៛/1kg ឬ​ខ្ពស់ជាង​នេះ តែ​ការចិញ្ចឹម​របស់​វា ត្រូវ​ប្រើ​រយៈពេល​វែង​រហូតដល់​ទៅ 6 – 7ខែ​ឯណោះ។ សម្រាប់​មាន់​សាច់​រស់​វិញ ថ្លៃ​ជាង 6,400៛/1kg គឺ​ចុះ​បន្តិច​ហើយ(ប្រែប្រួល​តាម​ប្រទេស
ជិតខាង)តែ​ការចិញ្ចឹម​ត្រូវការ​រយៈពេល​តែ​ជាង 40ថ្ងៃ​ទេ។ ឯ​សម្រាប់​មាន់ 3សាសន៍​វិញ ចិញ្ចឹម​ដល់​ទៅ​ជាង 3ខែ។ តម្លៃ​ប៉ុណ្ណឹង​នៅលើ​ទីផ្សារ គឺ​ល្អ”។

លោក ពៅ ក៏បាន​ថ្លែង​បន្តទៀតថា៖“បច្ចុប្បន្ន យើង​មាន​តម្រូវការ​សត្វ​មាន់នៅ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល​មាន​ប្រមាណ 12-13ម៉ឺន​ក្បាល​ក្នុង 1ថ្ងៃ ហើយ​ការ​នាំចូល​សព្វថ្ងៃ​មាន​ប្រមាណ​ពី 4-5ម៉ឺន​ក្បាល។ ដូច្នេះ​បានន័យថា ការផ្គត់ផ្គង់​ក្នុងស្រុក​បាន​ជាង 6-7ម៉ឺន​ក្បាល​ដែរ។ តែបើ​ឱ្យ​នាំចូល​ច្រើន វា​ធ្វើឱ្យប៉ះពាល់​ដល់​កសិករ​យើង”។

លោក​ប្រធាន​សមាគម បាន​លើកឡើងថា៖“បើសិនណា​ជា​យើង​កាត់បន្ថយ​ទាំងអស់​បាន លុះត្រា​ណា​តែ​ក្នុងស្រុក យើង​ចិញ្ចឹម និង​អាច​ផ្គត់ផ្គង់​បាន។

បើ​យើង​គិត 4ម៉ឺន​ក្បាល​ក្នុង 1ថ្ងៃ ហើយមាន់1ក្បាលមានតម្លៃ 5ដុល្លារនោះ​យើង​នឹង​ទទួលបាន 20ម៉ឺន​ដុល្លារ​ក្នុង 1ថ្ងៃ ហើយ​យើង​អាច​រកឃើញ​តួលេខ​ក្នុង 1ខែ ហើយ​យើង​រកឃើញផលចំណេញ​ជារួម​ដល់​ឆ្នាំ​ទៀតផង។ ដូច្នេះ​បើ​យើង​អាច​ជំរុញ​ឱ្យ​កសិករ​ចិញ្ចឹម​បាន នោះ​យើង​នឹង​ទទួលបាន​ផលចំណេញ និង​កាត់បន្ថយ​បាន​នូវ​ការចំណាកស្រុក​ផងដែរ”។

តែ​ទោះជា​យ៉ាងណាក្តី លោក​ប្រធាន​សមាគម បាន​បញ្ជាក់ថា៖ “តួលេខ​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​នៅពេល​រដូវ​បុណ្យទាន ដូចជា​ចូលឆ្នាំ​ចិន-វៀតណាម មាន​តម្រូវការ​មាន់​ច្រើន និង​មាន់​ស្រែ​អាចមាន​តម្រូវការ​ច្រើនជាង តែ​វា​បន្ថយ​ចំនួន​មាន់​សាច់​ទៅវិញ។ ពោលគឺ ការផ្គត់ផ្គង់​តម្រូវការ​ប្រជាជន អាច​គ្រប់គ្រាន់ ព្រោះ​អ្នក​ចិញ្ចឹម​គេ​បាន​ត្រៀម​សម្រាប់​តម្រូវការ​នេះ​ជាមុន​រួចរាល់។ ចំនួន​មាន​តួលេខ​ដដែល គឺ​ប្រមាណ​ជាង 13ម៉ឺន​ក្បាល (ដោយ​កើន​ចំនួន​មាន់​ស្រែ តែ​ថយ​តម្រូវការ​មាន់​សាច់)”។ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏បាន​អំពាវនាវ​ផងដែរ​ចំពោះ​អ្នក​ដែល​ចិញ្ចឹម​ជ្រូក និង​ចិញ្ចឹម​មាន់ ដែល​ធ្វើការ​

ផ្គត់ផ្គង់​សាច់​ក្នុង​ទីផ្សារ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ក្នុងពេល​កន្លងមក ធ្លាប់​កើតមាន និង​ជំងឺផ្តាសាយបក្សី ត្រូវតែ​ធ្វើ​ជីវៈ​សុវត្ថិភាព​ជាប្រចាំ​នៅ​ទីតាំង និង​កន្លែង​ចិញ្ចឹម ដើម្បី​ការគ្រប់គ្រង​បានល្អ​ប្រសើរ ចៀស​ផុតពី​ស្ថានភាព​នៃ​ការ​រាលដាល​នៃ​ជំងឺឆ្លង​បក្សី និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ៕

Advertisement