តើ​ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ចំណេញ​អ្វីខ្លះ​ដល់​កម្ពុជា​?

អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ចាត់ទុកថា​ ការ​អភិរក្ស​អគារ​ចាស់​ៗ ដូចជា​ អគារ​រដ្ឋបាល​ លំនៅឋាន​ បុរី​ និង​ផ្សារ​ ពិសេស​សំណង់​ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង​ ដែល​ស្ថិតនៅ​កណ្ដាល​ទីក្រុង​ គឺជា​ការកំណត់​អត្តសញ្ញាណ​មួយ​ដែល​មិន​គួរ​មើល​រំលង​។ ទន្ទឹមគ្នា​នេះ​ អ្នកជំនាញ​បាន​មើលឃើញ​ថា​ ការ​ថែរក្សា​ទុក​នូវ​សំណង់​អគារ​ចាស់​ៗបុរាណ​ទាំងនោះ​ ក៏​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​លើកឡើង​ថា​ សំណង់​អគារ​ចាស់​ៗ ពិសេស​សំណង់​អគារ​ដែល​បន្សល់ទុក​ពី​សម័យ​បារាំង​ គឺ​សុទ្ធតែ​អាច​ចាត់ទុកជា​សំណង់​ប្រវត្តិសាស្ត្រ​ទាំងអស់​។

ហេតុនេះ​ លោក​ ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បន្ដ​យកចិត្ត​ទុកដាក់​អភិរក្ស​អគារ​ចាស់​ៗទាំងនោះ​ ដើម្បី​រក្សាទុក​ជា​កេរ​មរតក​វប្បធម៌​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរ​ជាតិ​។ ទន្ទឹម​នឹង​អគា​រថ្មីៗ​ និង​ខ្ពស់​ៗជាច្រើន​ដែល​កំពុង​រីក​លូតលាស់​នៅក្នុង​រាជធានី​ភ្នំពេញ​ សំណង់​អគារ​ចាស់​ៗមួយចំនួន​ ក៏​នៅតែ​មាន​ទីផ្សារ​ដែរ​។ជាក់ស្តែង​មាន​អគារ​ និង​ផ្ទះ​ចាស់​ៗមួយចំនួន​ ត្រូវ​បាន​កែប្រែ​ទៅជា​ហាង​លក់ទំនិញ​ ជាទី​ស្នាក់​ការ​ក្រុមហ៊ុន​ និង​ជា​កន្លែង​ស្នាក់នៅ​ ជាដើម​។

កត្តា​នេះ​ គឺជា​ការ​រួមចំណែក​សំខាន់​ ជួយ​លើកស្ទួយ​វប្បធម៌​ និង​សេដ្ឋកិច្ច​ជាតិ​ថែមទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​សំណង់​អគារ​ចាស់​ៗនេះ​ដែរ​ លោក​ ឡុង​ គី​មសួរ​ ប្រធាន​ក្រុមហ៊ុន​ Century​ 21​ Advance​ Property​ និង​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ បាន​ថ្លែង​ថា​ ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ជាផ្នែក​មួយ​ដែល​បង្ហាញ​ពី​វប្បធម៌​ ក៏ដូចជា​ស្នាដៃ​ដ៏​ពិសេស​របស់​ស្ថាបត្យករ​ជំនាន់ដើម​ ដល់​ស្ថាបត្យករ​ជំ​នាន់​ក្រោយ​ៗ ក៏​ដូច​ជា​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​ពី​ស្ថាបត្យកម្ម​ពី​សម័យកាល​នី​មួយ​ៗផង​ដែរ​។

ហេតុនេះ​ ការ​អភិរក្ស​នូវ​សំណង់​អគារ​ចាស់​ទាំងនោះ​ មិន​ត្រឹមតែ​អាច​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​ តែ​វា​ថែមទាំង​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ទេសចរ​បាន​មួយ​កម្រិត​ទៀតផង​។

បើ​តាម​ អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្ដម​ ឃួង​ ស្រេង​ ដែល​បាន​លើកឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​ផែនការ​ច្បាស់លាស់​ ក្នុង​ការ​អភិរក្ស​អគារ​បេតិកភណ្ឌ​វប្បធម៌​សល់​ពី​សម័យ​បារាំង​ ដើម្បី​រក្សា​បាន​នូវ​អត្តសញ្ញាណ​របស់​ទីក្រុង​ភ្នំពេញ​ ដោយ​ហាម​វាយកម្ទេច​អគារ​ទាំងនោះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​តម្រូវ​ឱ្យ​សាងសង់​ដោយ​គោរព​តាម​រចនាប័ទ្ម​ដើម​ នៅពេល​ចង់​សាងសង់​ឡើង​ថ្មី​។

ប៉ុន្តែ​ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា​ ក្នុងករណី​អគារ​ទាំងឡាយ​ណា​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុខ​សុវត្ថិភាព​ និង​អាយុជីវិត​មនុស្ស​ ព្រោះ​ ភាព​ចាស់​ទ្រុឌទ្រោម​របស់​អគារ​មួយចំនួន​ អាច​នឹង​បាក់​ស្រុត​ បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ទាំងនោះ​បាន​។

លោក​បន្ត​ថា​ ក្នុងករណី​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ គឺ​បាន​តម្រូវ​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង14​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចេញ​លិខិត​ជូនដំណឹង​មួយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ឬស្នាក់នៅ​ក្នុង​សំណង់​អគារ​ទ្រុឌទ្រោម​ក្នុង​រាជធានី​ភ្នំពេញ​ទាំងនោះ​។

ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្ដម​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​លើកឡើង​ ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សៀវភៅ​ “Architectural​ Guide​ Phnom​ Penh​” កាលពី​ពេល​ថ្មី​ៗនេះ​បាន​លើកឡើង​ថា​ ក្នុងនាម​ក្រសួង​រៀបចំ​ដែនដី​ គឺ​មានឱកាស​បាន​រៀបចំ​តាក់តែង​នូវ​ច្បាប់​ស្តី​ពី​សំណង់​ ហើយ​លោក​អះអាង​ថា​ ច្បាប់​នេះ​ គឺ​បាន​ផ្តល់​ឱកាស​ឱ្យ​មានការ​ជួសជុល​លើ​សំណង់​អគារ​ចាស់​ៗ ពិសេស​សំណង់​ស្ថាបត្យកម្ម​បេតិកភណ្ឌ​នានា​ ប៉ុន្តែ​ត្រូវ​រក្សា​ទម្រង់​ដើម​។

បើ​និយាយ​ពី​សំណង់​អគារ​សម័យ​អាណានិគម​បារាំងសែស​ អ្នកជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ​ បាន​លើកឡើង​ថា​ យើង​ចាំបាច់​ត្រូវតែ​អភិរក្ស​ ពីព្រោះ​ស្ថាបត្យកម្ម​សំណង់​អគារ​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​មរតក​ប្រវត្ដិសាស្ដ្រ​។ ដោយឡែក​សំណង់​អគារ​ដែល​បន្សល់​ពី​សម័យ​អាណានិគម​និយម​បារាំងសែស​ មាននៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ ខេ​ត្ដ​បាត់ដំបង​ ក្រចេះ​ និង​កំពត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំពុងធ្វើការ​រៀបចំ​ដាក់​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។

សំណង់​អគារ​សម័យ​បារាំង​មួយចំនួន​ដែល​នៅសល់​ហូត​ដល់​សព្វថ្ងៃ​ និង​ត្រូវ​បាន​ចាត់ទុកថា​ ជារ​តនភ​ណ្ឌ​នៃ​រាជធានី​ រួមមាន​ អគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) អគារ​តុលាការ​កំពូល​ វិមានឯករាជ្យ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បណ្ណាល័យជាតិ​ សារមន្ទីរ​ជាតិ​ រតនាគារជាតិ​ សាលា​រាជធានី​ភ្នំពេញ​ ព្រះបរមរាជវាំង​ រមណីយដ្ឋាន​វត្តភ្នំ​ អគារ​អង្គការ​យូ​ណេស្កូ​ ផ្សារ​ធំ​ថ្មី​ គេហដ្ឋាន​ឯកជន​ និង​អគារ​ផ្សេង​ៗមួយចំនួន​ទៀត​។

ដោយឡែក​ យោង​តាម​ទីផ្សារ​អចលនទ្រព្យ​ បានឱ្យ​ដឹង​ថា​ តំបន់​ដែល​មានការ​អភិវឌ្ឍ​ហើយ​ និង​មានតម្លៃ​ដី​ខ្ពស់​ស្ថិត​ក្នុង​ខណ្ឌ​ចំនួន4​ គឺ​ខណ្ឌដូនពេញ​ ខណ្ឌ7មករា​ ខណ្ឌចំការមន​ និង​ខណ្ឌទួលគោក​ ដែល​ជា​តំបន់​ពាណិជ្ជកម្ម​។ ក្នុង​នោះ​ដែរ​ អ្នកជំនាញ​ផ្នែក​ទីផ្សារ​អចលនវត្ថុ​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​សំណង់​អគារ​ចាស់​ៗ មាន​តម្រូវការ​លើ​ការជួល​ខ្លាំង​ជាងគេ​ គឺ​នៅក្នុង​ខណ្ឌ​ចំនួន2​ គឺ​ខណ្ឌដូនពេញ​ និង​ខណ្ឌ​ស្ទឹងមានជ័យ​។ ខណ្ឌដូនពេញ​ ភាគច្រើន​ជា​តម្រូវការ​ជួល​អគារ​ប្រភេទ​នេះ​សម្រាប់​ប្រកប​អាជីវកម្ម​ ខណៈ​ខណ្ឌ​ស្ទឹងមានជ័យ​ ភាគច្រើន​មាន​តម្រូវការ​ជួល​សម្រាប់​ស្នាក់នៅ​របស់​ប្រជាជន​នៅក្នុង​តំបន់​។

ភាគច្រើន​ តម្រូវការ​ជួល​មាន​ច្រើនតែ​នៅ​កណ្តាល​ក្រុង​ ដោយឡែក​សម្រាប់​ជាយក្រុង​វិញ​ មិនសូវ​មាន​តម្រូវការ​ជួល​ច្រើន​ប៉ុន្មាន​ទេ​ ដោយសារតែ​ទីតាំងនៅ​ឆ្ងាយ​ បើ​ទោះជា​សំណង់​អគារ​ទើបតែ​សាងសង់​ថ្មី​ក៏ដោយ​។ ដោយឡែក​ចំពោះ​តម្លៃ​លើ​ការជួល​សំណង់​អគារ​ចាស់​វិញ​ គឺ​មាន​ចន្លោះ​ចាប់ពី​ 1,700ដុល្លារ​ទៅ​ជាង​ 3,000ដុល្លារ​ឯណោះ​។

យ៉ាងណាក៏ដោយ​ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ នៅ​ចង់​ឃើញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​អភិរក្ស​សំណង់​អគារ​ចាស់​ៗ ព្រោះ​អគារ​ទាំងនោះ​ គឺ​ពិត​បាន​ផ្តល់​ផល​ចំណេញ​ទាំង​វប្បធម៌​ និង​សេ​ដ្ខ​កិច្ច​ដល់​កម្ពុជា​៕

 

Advertisement