ការ​ដាំដុះ​សម្រាប់​ការនាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ ក្រោយ​ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​

ក្រុមហ៊ុន​ស៊ី​ភី​ (CP​) របស់​ថៃ​ បាន​ចាប់អារម្មណ៍​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ខណៈ​បច្ចុប្បន្ន​តម្រូវការ​គ្រាប់​កាហ្វេ​ កំពុង​មានកម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​ថៃ​ ដែល​ទំហំ​នៃ​ការផលិត​មិនទាន់​អាច​ផ្គត់ផ្គង់​គ្រប់​ក្នុង​ប្រទេស​។

ការ​លើកឡើង​នេះ​ ត្រូវ​បាន​តំណាង​ភាគី​របស់​ក្រុមហ៊ុន​ CP​ បញ្ជាក់​នៅក្នុង​ជំនួប​ប្រជុំ​រវាង​ធុរជន​ថៃ​របស់​ក្រុមហ៊ុន​នេះ​ ជាមួយ​ឯកឧត្ដម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី​ បាន​ជម្រាប​ជូន​ឯកឧត្ដម​រដ្ឋមន្ត្រី​ អំពី​គោលបំណង​ក្នុង​ការពិនិត្យ​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ដែល​ បច្ចុប្បន្ន​តម្រូវការ​គ្រាប់​កាហ្វេ​ គឺ​មានកម្រិត​ខ្ពស់​ ដែល​ទំហំ​នៃ​ការផលិត​នៅ​ប្រទេស​ថៃ​ មិន​អាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​នោះ​ទេ​។

ជា​ការ​ឆ្លើយតប​នឹង​បំណង​នេះ​ ឯកឧត្ដម​ ប៉ាន​សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​ថា​ការ​ដាំដុះ​ដំណាំ​កាហ្វេ​ គឺ​មាន​ច្រើន​នៅ​ខេត្តមណ្ឌលគិរី​និង​រតនគិរី​របស់​កម្ពុជា​ ហើយ​ឯកឧត្ដម​បាន​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ភី​ ចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ​ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​។បន្ថែម​ពីនេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ភី​ បង្កើន​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ លើស​ពី​ការ​វិនិយោគ​បច្ចុប្បន្ន​បន្ថែម​ទៀត​ ជាពិសេស​ការកែច្នៃ​អង្ករ​ ដំឡូងមី​ពោត​ និង​ផលិតផល​ដទៃទៀត​ ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​នាំចេញ​។

ក្រោយ​ទទួល​បាន​ដំណឹង​ថា​ ក្រុមហ៊ុន​ CP​ ប្រកាស​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កាហ្វេ​ នេះ​ដែរ​ លោក​ចាន់​ សុ​ណាត​ ដែល​កសិករ​ដាំ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ បាន​លើកឡើង​ថា​ ដំណាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី​ បច្ចុប្បន្ន​គឺ​មាន​ទីផ្សារ​ល្អ​ធម្មតា​។ លោក​បន្ត​ថា​ ដី​ក្នុង​ខេត្តមណ្ឌលគិរី​ មាន​ជីវជាតិ​ល្អ​ និង​អំណោយផល​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​កាហ្វេ​ ធ្វើ​ឱ្យ​ដំណាំ​ប្រភេទ​នេះ​ លូតលាស់​បាន​ល្អ​ មិន​ចាំបាច់​ថែទាំ​ដិតដល់​ខ្លាំង​ ក៏អាច​ទទួល​បាន​ទិន្នផល​ល្អ​សមរម្យ​ដែរ​។ជាមួយគ្នា​នោះ​ កសិករ​ដាំ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​រូប​នេះ​ ក៏បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ CP​ របស់​ថៃ​ ដែល​បាន​ចាប់អារម្មណ៍​លើ​ផលិតកម្ម​គ្រាប់​កាហ្វេ​នៅ​កម្ពុជា​ ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​ ជាពិសេស​នៅ​ក្នុង​ខេត្ត​លោក​តែម្ដង​។

គួរ​រំឭក​ឱ្យ​បាន​ជ្រាប​ដែរ​ កាលពី​ឆ្នាំ2015​ កម្ពុជា​បាន​នាំចូល​កាហ្វេ​ដែល​មានតម្លៃ​សរុប​ជាង​ 8លាន​ដុល្លារ​ ដែល​ធ្លាក់ចុះ​ពី​ជាង​ 10លាន​ដុល្លារ​កាលពី​ឆ្នាំ​2014​ ខណៈ​ដែល​ការនាំចេញ​មានតម្លៃ​តែ​ជាង​ 70,000​ ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ2015​ ដែល​កើន​ឡើង​ពី​ជាង​ 2,000ដុល្លារ​កាលពី​ឆ្នាំ2014​។ នេះ​បើ​តាម​តួលេខ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ ហើយ​នៅក្នុង​រយៈពេល​ 6ខែ​ឆ្នាំ​កន្លងទៅ​ កម្ពុជា​នាំចូល​កាហ្វេ​មាន​តម្លៃ​ត្រឹមតែ​ជាង​ 3លាន​ដុល្លារ​ប៉ុណ្ណោះ​។

យ៉ាងណា​ ក្នុង​ជំនួប​ប្រជុំ​រវាង​ធុរជន​ថៃ​របស់​ក្រុមហ៊ុន​ស៊ី​ភី​ (CP​) នឹង​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ដែរ​ថា​ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​កាហ្វេ​កម្ពុជា​ នឹង​កាន់តែ​មាន​សក្ដានុពល​ទៅកាន់​ទី​ផ្សា​អន្តរជាតិ​ ជាពិសេស​ប្រទេស​ថៃ​ ក្រោយ​មាន​ការ​វិយោគ​លើ​ដំណាំ​នេះ​។ ដើម្បី​សម្រេច​នៅ​គោលដៅ​នេះ​ ភាគី​ទាំង2​ ក៏បាន​ប្តេជ្ញា​ បន្ត​កិច្ចសហការ​ និង​ខិតខំ​ប្រឹងប្រែង​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ និង​ការ​វិនិយោគ​របស់​វិ​និ​យោ​គគិន​ថៃ​និង​កម្ពុជា​ និង​ដើម្បី​ឱ្យ​ការនាំចេញ​-នាំចូល​ផលិតផល​របស់​ប្រទេស​ទាំង2​ កាន់តែ​មានការ​កើនឡើង​។

គួរ​បញ្ជាក់​ថា​ បើ​គិត​ត្រឹមតែ​ឆមាស​ទី1​ ក្នុង​ឆ្នាំ​2019​ កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-ថៃ​ មាន​ប្រមាណ​ជាង​ 4ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ចំនួន​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ឈរ​នៅ​លំដាប់​ទី4​ ក្នុងចំណោម​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ថៃ​ ដោយ​ក្នុង​នោះ​ ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ​ ភាគច្រើន​គឺ​ ពោត​ និង​ដំឡូងមី​ ជាដើម​ ខណៈ​ដែល​ប្រទេស​ថៃ​ នាំចូល​មក​កម្ពុជា​វិញ​ រួមមាន​ឧបករណ៍​អេឡិចត្រូនិក​ ប្រេងឥន្ធនៈ​ គ្រឿងសម្អាង​ និង​សម្ភារ​សំណង់​ជាដើម​៕

Advertisement