កម្ពុជា​-ជប៉ុន​ ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ ជំរុញ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​

ដោយមាន​ការ​សហការ​រវាង​ក្រសួង​ពាណិជ្ជកម្ម​នឹង​មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន​ កម្ពុជា​ និង​ជប៉ុន​ បាន​ចាប់ផ្ដើម​ពង្រឹង​ធនធានមនុស្ស​ និង​យន្ដ​ការបម្រើ​ដល់​យុទ្ធ​សា​ស្ដ្រ ដើម្បី​ជំរុញ​ការនាំចេញ​ និង​ទីផ្សារ​ សម្រាប់​លើកកម្ពស់​សមត្ថភាព​ជូន​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (Micro​, Small​ & Medium​ Enterprises​ ឬ MSME​) នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។

ទាក់ទង​នឹង​កិច្ចការ​នេះ​ សិក្ខាសាលា​ស្តី​ពី​“អត្ថ​ប្រយោជន៍​ពី​ខ្សែ​ចង្វាក់​តម្លៃ​ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (Benefiting​ from​ Value​ Chains​ through​ MSME​ Linkages​)” បាន​បើក​ឡើង​កាលពី​ចុងខែ​មករា​កន្លងទៅ​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

ឯកឧត្តម​ ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​៖“សិក្ខាសាលា​នេះ​រៀបចំឡើង​ ក្នុង​គោលបំណង​ជួយ​រួមចំណែក​គាំទ្រ​កម្មវិធី​ពង្រីកពង្រឹង​ធនធានមនុស្ស​ ដែល​ជា​យន្តការ​បម្រើ​ដល់​យុទ្ធសាស្ត្រ​ជំរុញ​ការនាំចេញ​របស់​អាស៊ាន​ ជាពិសេស​សម្រាប់​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​ផ្តល់​នូវ​ចំណេះដឹង​ និង​ពង្រឹង​សមត្ថភាព​ជូន​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​នៅ​កម្ពុជា​ និង​ពីរ​បៀ​បត្រៀ​មរៀប​ចំ​ខ្សែ​ចង្វាក់​តម្លៃ​របស់​ខ្លួន​ ឱ្យ​ស្របតាម​ស្តង់​ដា​ក្រុមហ៊ុន​ជប៉ុន​ ក៏ដូចជា​ក្រុមហ៊ុន​ដែល​មានកម្រិត​ស្តង់​ដា​របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ទៀត​នៅ​លើ​ពិភពលោក​”។

ឯកឧត្តម​អនុរដ្ឋ​លេខាធិការ​ បាន​លើកឡើង​ពី​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ជា​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ ដើម្បី​ពង្រឹង​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2​(កម្ពុជា​-ជប៉ុន​)ឱ្យ​មានប្រៀបលើ​ការប្រកួត​ប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក​ ដែល​កំពុង​ធ្វើបដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល​ 4.0​។

ឯកឧត្តម​ ប៊ុ​ន ចន្ធី​ ក៏បាន​បន្ថែម​ដែរ​ថា​ ផ្អែក​តាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ គិត​ពីឆ្នាំ1994​ រហូតមកដល់​ត្រីមាស​ទី1​ ឆ្នាំ2019​ គម្រោង​វិនិយោគ​របស់​ជប៉ុន​មាន​ចំនួន​សរុប​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ 2.5ពាន់​លាន​ដុល្លារ​ ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​ផ្គុំ​អគ្គិសនី​ និង​អេឡិចត្រូនិក​គ្រឿង​ផ្គុំ​រថយន្ត​ និង​បរិក្ខារ​បច្ចេក​ទេ​សកសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

ក្រៅពី​គម្រោង​វិនិយោគ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ ក៏​នៅ​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​តូច​-ធំ​ ប្រមាណ​ 1,700​ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ក្នុង​ វិស័យ​ផ្សេង​ទៀត​ ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ និង​ភោជនីយដ្ឋាន​ជាដើម​។

ជាមួយគ្នា​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​កម្ពុជា​នឹង​ជប៉ុន​ នៅ​ឆ្នាំ2018​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ 1,588លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​ទៅ​ជប៉ុន​នូវ​ទំ​និ​ញសក្តា​នុ​ពល​មួយចំនួន​ ដូចជា​សម្លៀកបំពាក់​ ស្បែកជើង​ ខ្សែ​អុីហ្សូ​ឡង់​ និង​បរិក្ខារ​អគ្គិសនី​។ល។

សូម​រំឭក​ដែរ​ថា​ ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​នេះ​ បច្ចុប្បន្ន​រាជ​រដ្ឋ​ភិបាល​បាន​ត្រៀម​រៀបចំ​ដំណើរការ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​ Bank​) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​បាន​ប្រកាស​ជាលើកដំបូង​ដោយ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេទិកា​វិស័យ​ឯកជន​លើក​ទី18​ កាលពី​ឆ្នាំមុន​នោះ​ និង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​៕

Advertisement