ឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជិត​ 3,000លាន​ដុល្លារ​ចូលក្នុង​ថវិកាជាតិ​

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​ប្រមូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​ក្នុងរយៈពេល12ខែ​ នៃ​ឆ្នាំ2019​ កន្លងទៅ​នេះ​ ដោយ​សម្រេច​បាន​ទឹកប្រាក់​ប្រមាណ​ជិត 3,000លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​ផ្អែក​តាម​ការប្រកាស​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​ធ្នូ​ និង​ប្រចាំឆ្នាំ2019​ ព្រមទាំង​ដាក់​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នៅ​ថ្ងៃទី21​ ខែមករា​ ឆ្នាំ2020​ នៅ​សាលា​ជាតិ​ពន្ធដារ​។

តាមរយៈ​ការ​ចុះផ្សាយ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បង្ហាញថា​ សម្រាប់​រយៈពេល​ 12ខែ​នៃ​ឆ្នាំ2019​ កន្លងមក​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ប្រមូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​(តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) មាន​ចំនួន​ 11,277.32ប៊ី​លាន​រៀល​ (ប្រមាណ​ 2819,33​ លាន​ដុល្លារ​) ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ2018​ ឃើញថា​ ទទួល​បាន​លទ្ធផល​លើស​ផែនការ​ប្រមាណ​ 23.20​% ឬត្រូវជា​ប្រមាណ​2,123.69ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ 530,92​លាន​ដុល្លារ​អាមេរិក​។

ទំហំ​ទឹកប្រាក់​ដែល​ទទួល​បាន​នៅក្នុង​ឆ្នាំ2019​ ខាងលើ​នេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​ ឃើញថា​ ចំណូល​ពន្ធ​-អាករ​សម្រាប់​រយៈពេល​ 12ខែ​ នៃ​ឆ្នាំ2019​ កើនឡើង​ចំនួន​ 2,485.92​ប៊ី​លាន​រៀល​ (ប្រមាណ​ជា​ 621.48លាន​ដុល្លារ​អាមេរិក​)ស្មើនឹង28.28​%។

ឯកឧត្តម​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​ធ្នូ​ និង​ប្រចាំឆ្នាំ2019​ កាលពី​ថ្ងៃទី21​ ខែមករា​ ឆ្នាំ2020​ កន្លងមក​ថា​៖“ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​ និង​យកចិត្ត​ទុកដាក់​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ និង​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ជាច្រើន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ជាក់ស្តែង​ការ​ប្រមូល​ពន្ធ​ក្នុងរយៈពេល​ 12ខែ​ក្នុង​ឆ្នាំ2019​ កន្លងមក​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ជាង​ 11,277.32​ ប៊ី​លាន​រៀល​ ត្រូវជា​ប្រមាណ​ជាង​ 2,819.33លាន​ដុល្លារ​អាមេរិក​”។

ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​ផ្តល់​មូល​វា​ចា​រណ៍​ដ៏​ថ្លៃថ្លា​ ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុងនាម​ជា​ស្ថាប័ន​ប្រមូល​ចំណូល​ សម្រេច​បាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាបន្តបន្ទាប់​ ហើយ​ជាពិសេស​សម្រាប់​ឆ្នាំ​2019​ ដែល​ផ្តល់​មោទនភាព​ ចំពោះ​រាជរដ្ឋាភិបាល​ និង​ចំពោះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ឯកឧត្តម​ គង់​ វិបុល​ បាន​មានប្រសាសន៍​ថា​៖“ក្នុង​ឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ការ​ស្នើសុំ​ការ​បង្វិល​សង​ និង​ការប្រើ​ប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម​តាម​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (E-VAT​ Refund​) ដោយ​បាន​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​ និង​បាន​ទប់ស្កាត់​ការ​គេចវេះ​កេងបន្លំ​ប្រាក់​ពន្ធ​ផង​ដែរ​”។

ឯកឧត្តម​ គង់​ វិបុល​ បាន​បញ្ជាក់​ថា​ “ជា​លទ្ធផល​ក្នុងរយៈពេល​ 12ខែ​នៃ​ឆ្នាំ2019​ ចំណូល​អាករ​លើ​តម្លៃបន្ថែម​បាន​កើនឡើង​ 31.05​% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​ ហើយ​តាមរយៈ​វិធានការ​ E-VAT​ រួម​ជាមួយ​វិធានការ​ពន្ធដារ​សំ​ខាន់​ផ្សេង​ៗទៀត​ បាន​ជំរុញ​កំណើន​ពន្ធ​លើ​ប្រាក់ចំណូល​ប្រមាណ​28.47​%, អាករ​ពិសេស​ 30.72​%, ពន្ធ​ប្រថាប់ត្រា​43.73​%, ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ 18.21​% និង​ពន្ធ​លើ​ឈ្នួល​ដី​ និង​ផ្ទះ​ 68.20​% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។

ឯកឧត្តម​ គង់​ វិបុល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​សម្រាប់​ឆ្នាំ2019​ គឺ​បាន​ឆ្លុះបញ្ចាំង​នូវ​ការ​វិនិយោគ​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ជាបន្តបន្ទាប់​ ដែល​ជាស​មិទ្ធ​ផល​មិន​អាច​កាត់​ថ្លៃ​បាន​ និង​បាន​អរគុណ​ចំពោះ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ដែល​ជួយ​សម្រេច​នូវ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ​។ ក្នុង​ឆ្នាំ2019​ គឺ​ឆ្លុះបញ្ចាំង​អំពី​ជោគជ័យ​នៃ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល2019​-2020​ ដែល​ជា​នវានុវត្តន៍​ប្រកបដោយ​និរន្តរភាព​នៃ​ការ​បន្ត​អនុវត្ត​ប្រកបដោយ​ភាព​ជោគជ័យ​នូវ​កិច្ច​កំណែ​ទម្រង់​គោលនយោបាយ​រដ្ឋបាល​សារពើពន្ធ​ និង​ទំនើបកម្ម​ពន្ធដារ​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (PFMRP​)៕

Advertisement