អ្នកជំនាញខ្មែរ កំពុងបង្ហាញស្នាដៃជួសជុលប្រាសាទអង្គរវត្ត

ក្រោយពី​បានចុះ​អនុវត្ត​ដោយ​ផ្ទាល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ជាមួយ​ក្រុម​អ្នកជំនាញការ​​អន្តរជាតិ​លើ​ផ្នែក​ជួសជុល អភិរក្ស​ និង​ការពារ​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាបរួចមក បច្ចុប្បន្ន ​អ្នកបច្ចេកទេសខ្មែរ​បានបង្ហាញ​សមត្ថភាព​​​ក្នុងការ​ជួសជុល រៀបចំ​ផ្គុំ​ចូល​វិញ​នូវ​បំណែក​ថ្ម​បុរាណ ដើម្បី​អភិរក្ស ថែរក្សា​តាម​លក្ខណៈ​ទ្រង់ទ្រាយ​ដើម ក្នុង​បំណង​ដើម្បី ការពារ​ និង​លើក​សម្រស់​ទី​បុរាណ​ស្ថាន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ​វត្ត ខេត្តសៀមរាបឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ជួយ​ទប់​លំនឹង​ស្ពាន​ហាល​ដើរចូល​ទៅកាន់​គោ​បុ​រៈ​ នៃ​ប្រាសាទអង្គរវត្ត ប្រកបដោយ​ចីរភាព​។

បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​ជាមួយ​អ្នកជំនាញ​ជួសជុល​ប្រាសាទ​ នៃ​អង្គការ​អន្តរជាតិ​នានា​ ដែលជា​ដៃគូ​ក្នុង​ការ​អភិរក្ស​ប្រាសាទ ​ក្រោម​ការ​ជ្រោមជ្រែង​ពី​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​(​អាស៊ី​ស៊ី​)កាលពីពេលកន្លងមក បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​ មាន​អ្នកជំនាញ​ជួសជុល​ប្រាសាទ​ជាច្រើនរូប ដែល​មាន​សមត្ថភាព​អាច​ជួសជុល​ប្រាសាទ​នានា​បាន​ដោយ​ខ្លួនឯង​។ជាក់ស្ដែង​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​នៅខាងមុខ​ប្រវែង​ 160​ម៉ែត្រ ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងធ្វើការ​ជួសជុល​ឡើងវិញ​ជា​បន្តបន្ទាប់​ ក្នុង​គោលបំណង ដើម្បី​លើក​សោភណភាព​ទេសភាព​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ពង្រឹង​ច្រាំង​​មាន​រូបរាង​ឡើង​វិញ​ និង​ទប់​លំនឹង​ស្ពាន​ហាល​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ផងដែរ​។​

មន្ត្រី​ជំនាញ​បង្ហាញថា​ ច្រាំង​ និង​ជណ្តើរថ្ម​បុរាណ​នៅ​ព័ទ្ធ​ជុំវិញ​គូទឹក​ នៃ​ប្រាសាទអង្គរវត្ត ដែល​ធ្លាប់​បាន​ទទួល​រងគ្រោះ​ដោយ​សារពេលវេលាផង ធម្មជាតិ​ផង ដោយសារ​សង្គ្រាម និង​ដោយសារ​មនុស្ស​ផង បាន​​ធ្វើឱ្យ​ជណ្តើរ​ព័ទ្ធ​ជុំវិញ​គូ​ទឹក​ នៃ​ប្រាសាទអង្គរវត្ត ស្រុតធ្លាក់ចុះ​រប៉ាត់រប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់ បាត់បង់​ទ្រង់​ទ្រាយ​ដើម បើទោះបីជា​អ្នកជំនាញការ​ជាតិ​ និង​អន្តរជាតិ​ បាន​រើ​ជួស​ជុល​រៀបចំ​ឡើងវិញ​តាំងពី​ទសវត្សរ៍​ទី​60 ​រហូតមក​ក្តី​។​បច្ចុប្បន្ននេះ ច្រាំង​ក​សិ​ន្ឋុ និង​ជណ្តើរ​ថ្ម​ នៃ​គូ​ទឹក​ប៉ែក​ខាងលិច​ឆៀង​ខាងជើង ​នៃ​ប្រាសាទអង្គរវត្ត បាន​និង​កំពុង​រើ​រៀប​ជួសជុល​សាឡើងវិញ ដោយ​មន្ត្រី​ជំនាញជនជាតិខ្មែរ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​ជាង​ 40​នាក់ ចែក​ជា​ក្រុម​តូចៗ មាន​ក្រុម​កាយ​ថ្ម ក្រុម​ចាំង​ថ្ម ក្រុម​បិទ​ និង​ត​បំណែក​ថ្ម ក្រុម​រៀប​ថ្ម ក្រុម​បង្ហាប់​ដី ជា​ដើម ជាទូទៅ​យើង​ប្រើ​បច្ចេកទេស​បែប​បុរាណ សាមញ្ញៗ ក្នុង​គម្រោង​ទាំងមូល​យើង​ទទួល​បាន​ថវិកា​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល តិច​ច្រើន​ទៅតាម​ទំហំ ​នៃ​គម្រោង​នីមួយៗ។ នេះ​បើតាម​លោក ម៉ៅ សុខ​នី មន្ត្រី​បច្ចេកទេស​ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ របស់​អាជ្ញាធរ​អប្សរា បាន​ឱ្យ​ដឹង កាលពី​ថ្ងៃទី​7​ ខែកុម្ភៈ ​ឆ្នាំ​2020 នៅ​ឯការដ្ឋាន​ផ្ទាល់​។

បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា​ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការ​អភិរក្ស និង​ជួសជុល​ទាំង​ប្រាសាទ ទាំង​ក​សិន្ធុ ដើម្បី​ឲ្យ​នៅ​រឹងមាំ​យូរ​អង្វែង និង​លើក​តម្លៃ​សោភ័ណភាព​សំណង់​បេតិកភណ្ឌ​ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរមក​ទស្សនា​កាន់តែច្រើន​បន្ថែមទៀត​៕​

Advertisement