បទដ្ឋាន​នៃ​ការសាងសង់​ត្រូវតែ​គិត​ពី​ភាព​វិជ្ជមាន​នៃ​សុវត្ថិភាព​

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អំពាវនាវ​ដល់​ស្ថាបត្យករ​ និង​វិស្វករ​ ព្រមទាំង​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​ ត្រូវ​មានការ​ត្រួតពិនិត្យ​លើ​ការរចនា​ និង​ការងារ​សំណង់​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​រឹងមាំ​ ទាំង​ផ្នែក​គុណភាព​ និង​ការ​កសាង​ជំនឿ​ទុកចិត្ត​ពីសា​ធារ​ណជន​។ នេះ​បើ​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ច្បាប់​សាងសង់​ដល់​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នេះ​កាលពី​ពេល​ថ្មី​ៗនេះ​។

ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​មានប្រសាសន៍​ថា​៖“ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មានគុណ​វុឌ្ឍិ​ទាំងនោះ​ ដែល​ចុះឈ្មោះ​នៅ​ក្រសួង​ និង​មាន​ជំនាញ​ក្នុង​ការរចនា​ និង​ការងារ​សាងសង់​ ដើម្បី​ចេញ​វិញ្ញាបនបត្រ​នៅក្នុង​តំបន់​របស់​ពួកគេ​ ព្រោះ​ដល់ពេលហើយដែល​ក្រុមហ៊ុន​ត្រូវ​មាន​ភារកិច្ច​ត្រួតពិនិត្យ​ការសាងសង់​សំណង់​ និង​គម្រោង​ដែល​ត្រូវ​បាន​បញ្ជាក់​ មុន​ពេល​គម្រោង​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ទទួល​បានការ​យល់ព្រម​”។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​គិត​ត្រឹម​ឆ្នាំ2019​ មាន​ក្រុមហ៊ុន​សរុប​ចំនួន​ 1,132​ក្រុមហ៊ុន​ ដែល​មាន​សុពលភាព​ក្នុង​វិស័យ​រចនា​និង​សំណង់​។ ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​ចេញ​វិញ្ញាបនបត្រ​ដោយ​ក្រសួង​ ដើម្បី​ដំណើរការ​នៅក្នុង​វិស័យ​សំណង់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ James​ Hodge​ នាយក​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​ CBRE​ Cambodia​ បាន​ថ្លែង​ថា​ តម្រូវការ​សម្រាប់​អ្នកអង្កេត​តាមលំដាប់​ ទំនងជា​មាន​ការ​កើនឡើង​ដោយសារ​ចំនួន​អ្នកកាន់កាប់​កាន់តែ​ច្រើន​ ដែល​ត្រូវ​ព្យាយាម​ពិនិត្យមើល​ភាព​ត្រឹមត្រូវ​នៃ​អគារ​មុន​ពេល​ប្រតិបត្តិ​ការ​កើតឡើង​ ហើយ​យើង​អាច​នឹង​ឃើញ​សម្ពាធ​ សម្រាប់​ការ​កែតម្រូវ​ច្បាប់​ដើម្បី​ធានា​ថា​ អ្នកកាន់កាប់​ត្រូវ​បានការ​ពារ​ប្រសើរ​ជាង​មុន​ពី​អ្នក​អភិវឌ្ឍន៍​ទាំងឡាយ​។

លោក​បាន​បញ្ជាក់​ថា​៖“វិនិយោគិន​ និង​អ្នកទិញ​ច្បាស់ជា​នឹង​យក​សុវត្ថិភាព​ និង​គុណភាព​ សំណង់​ទៅ​ធ្វើជា​ការពិចារណា​កាន់តែ​ខ្លាំង​ឡើង​ ដែល​ជា​លទ្ធផល​នៃ​ការ​ដួល​រលំ​នៃ​អគា​រថ្មីៗ​នេះ​ តែ​នៅទីបំផុត​ ទីផ្សារ​វា​មិន​មានផល​ប៉ះពាល់​អ្វី​ទេ​ ពីព្រោះ​ស្តង់​ដា​នៃ​សំណង់​អគារ​ខ្ពស់​ៗ ភាគច្រើន​ត្រូវ​នឹង​ស្តង់​ដា​អន្តរជាតិ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ ខ្មែរ​ហ្វោ​នដេ​សិន​ អឹ​ព្រេហ្សល​ ខូ​អិល​ធី​ឌី​ (Khmer​ Foundation​ Appraisal​ Co​.,Ltd​.) បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ដោយ​យោង​ទៅ​អ្វី​ដែល​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ពង្រឹង​នា​ពេល​ថ្មី​ៗនេះ​ បើ​និយាយទៅ​ គឺ​ពាក់ព័ន្ធ​នឹង​សំណង់​ និង​ដីធ្លី​ វា​មាន​ភាព​ចែក​ដាច់​ពីគ្នា​រវាង​បច្ចេកទេស​។ មានន័យថា​ ក្រសួង​គាត់​ពង្រឹង​ទៅលើ​បច្ចេកទេស​សាងសង់​ និង​គុណភាព​។ ដូច្នេះ​វា​អត់​ទាក់ទងគ្នា​ ឬជះឥទ្ធិពល​អ្វី​ដល់​វិស័យ​ដីធ្លី​យើង​ទេ​គឺ​វា​មានផល​ប្រយោជន៍​ដល់​អ្នកប្រើ​ប្រាស់​ និង​អ្នក​ទទួលយក​សំណង់​ទៅវិញ​ទេ​”។

លោក​បាន​ពន្យល់​ថា​ កន្លងមក​អ្នកសាង​សង់​ គាត់​ទទួល​សិទ្ធិ​ពី​គេ​ជា​អ្នកម៉ៅការ​ ឯអ្នក​វិនិយោគិន​គាត់​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​នេះ​។ នៅពេល​គាត់​(អ្នកមាន​គម្រោង​)បង្ហាញ​គ្រឿង​ផ្គុំ​ជា​ប្រភេទA​ ប៉ុន្តែ​អ្នកម៉ៅការ​សាងសង់​ គាត់​ធ្វើជា​ប្រភេទE​ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​មានការ​បាក់​រលំ​កន្លងមក​ ឬមានការ​បាក់​ស្រុត​ ប្រេះស្រាំ​ ជាហេតុ​ធ្វើ​ឱ្យ​មានការ​ខាតបង់​ពី​គម្រោង​ដែល​គាត់​វិនិយោគ​ដែរ​នោះ​។ នេះ​យើង​និយាយចំ​ពោះ​មុខ​រឿង​បច្ចេកទេស​។ ប៉ុន្តែ​វា​មិន​មាន​ជា​សញ្ញា​ណាមួយ​ពាក់ព័ន្ធ​ ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ​។

លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​៖“ជា​ការ​ពង្រឹង​សុវត្ថិភាព​នេះ​ វា​ដល់ពេល​វេលា​ហើយ​ ពីព្រោះ​បច្ចុប្បន្ន​យើង​កំពុងតែ​ឈាន​ដល់​សកល​ភាវូបនីយកម្ម​នៅ​លើ​ពិភពលោក​នេះ​ យើង​ត្រូវតែ​កែតម្រូវ​និង​ទទួលយក​ស្តង់​ដា​។ ព្រោះថា​ យើង​ធ្លាប់​មាន​ស្តង់​ដា​ដែរ​ មុន​សម័យ​សង្គ្រាម​ តែ​ក្រោយមក​ពេល​សម័យ​ ប៉ុល​ ពត​ យើង​បាន​បាត់បង់​អស់​។ ដូច្នេះ​ទម្រាំ​តែ​យើង​កសាង​ និង​រដ្ឋាភិបាល​បាន​ធ្វើការ​ដឹកនាំ​កន្លងមក​ នៅ​មានការ​យល់យោគ​ច្រើន​។ ពេល​ដែល​មាន​បញ្ហា​កើតឡើង​ ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​មានកម្រិត​ទាប​ពី​បញ្ហា​ច្បាប់ទម្លាប់​ផង​ ធ្វើ​ឱ្យ​ងាយ​មានផល​ប៉ះពាល់​កើតមានឡើង​”។

ទោះ​យ៉ាងណា​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“ប្រសិនបើ​យើង​មើលទៅ​លើ​តួលេខ​មិនមែន​មានន័យថា​ នៅ​ទូទាំង​ប្រទេស​យើង​សុទ្ធតែ​អត់មាន​គុណភាព​នៃ​សំណង់​នោះ​ទេ​ គេ​បាន​សាងសង់​អគារ​រាប់​សិប​ជាន់​ តើ​គេ​មាន​បញ្ហា​អ្វី​ទេ​? ព្រោះ​ដោយសារតែ​គេ​បាន​គោរព​បទដ្ឋាន​សំណង់​បាន​ត្រឹមត្រូវ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ថា​៖“នៅក្នុង​សង្គម​ហ្វេ​សប៊ុ​ក ក៏បាន​បង្ហាញ​ដែរ​ថា​ មិនមែន​មាននៅ​តែ​កម្ពុជា​ទេ​ នៅ​ប្រទេស​ខ្លះ​ក៏​កើតមាន​ដែរ​រឿង​គុណភាព​នេះ​ គឺ​មាន​ឆក​ល្វែង​មួយ​។ នៅ​កម្ពុជា​យើង​តំបន់​ខ្លះ​ការ​អភិវឌ្ឍ​មានការ​រីក​លូតលាស់​លឿន​ហួសពី​ការស្មាន​របស់​យើង​ ធ្វើ​ឱ្យ​មានការ​ឆក​ល្វែង​នៅកន្លែង​ខ្លះ​ ខ្វះចន្លោះ​ក្នុង​ការ​ត្រួតពិនិត្យ​ ទើប​យើង​ឃើញ​មាន​បញ្ហា​កើតឡើង​បាន​ ព្រោះ​យើង​មាន​ក្រុម​ត្រួតពិនិត្យ​ ខ្វះ​អ្នកជំនាញ​ និង​មាន​ចំនួន​តិច​ មិនបាន​មើល​អស់​ តែ​ពុំ​មាន​នរណា​ចង់ឱ្យ​រឿង​អកុសល​កើតមានឡើង​នោះ​ទេ​ ហើយ​សុំ​កុំ​គិតថា​ បញ្ហា​នេះ​ជា​បញ្ហា​ចោទ​ធំ​ ជា​ចំណោទ​នៅក្នុង​វិស័យ​របស់​យើង​ឱ្យ​សោះ​”។

ក៏ប៉ុន្តែ​ ទោះ​យ៉ាងណាក៏ដោយ​បើ​យោង​តាមច្បាប់​ ជា​ធម្មតា​ ត្រូវ​ចំណាយពេល​ប្រហែល​ 6ខែ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញលេញ​។ បែបនេះ​សំដៅ​ទៅលើ​ករណី​អគារ​ដែល​កំពុង​សាងសង់​ 7ជាន់​ដែល​បាន​ដួល​រលំ​នៅក្នុង​ក្រុងកែប​កាលពីដើម​ខែ​នេះ​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ 36នាក់​ និង​របួស​ 23នាក់​ ដែល​សោកនាដកម្ម​នេះ​បាន​កើតឡើង​ប្រហែល​ 7ខែ​ បន្ទាប់ពី​អគារ​ 7ជាន់​ដែល​គ្មាន​អាជ្ញាប័ណ្ណ​របស់​ជនជាតិ​ចិន​បាន​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ 28នាក់​ និង​រង​របួស​ 26នាក់​។

ជាមួយនឹង​ច្បាប់​ថ្មី​ដែល​នឹង​ត្រូវ​បាន​អនុវត្តយ៉ាង​ពេញលេញ​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្តេជ្ញា​ថា​ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​សោកនាដកម្ម​បែបនេះ​កើតឡើង​ម្តង​ទៀត​ឡើយ​។

ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បាន​មានប្រសាសន៍​ថា​៖“ការសាងសង់​នៅតែ​បន្ត​កើនឡើង​ ហើយ​យើង​ត្រូវតែ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ ដើម្បី​ចៀសវាង​សោកនាដកម្ម​នេះ​ ពីព្រោះ​យើង​មាន​អារម្មណ៍​ឈឺចាប់​នៅពេល​ដែល​រឿង​បែប​នោះ​កើតឡើង​”។

ឯកឧត្ដម​បាន​បញ្ជាក់​ថា​ កាលពីមុន​យើង​មិន​មានច្បាប់​ទេ​ ឥឡូវនេះ​យើង​មានច្បាប់​នេះ​ ពីព្រោះ​យើង​ចាំបាច់​ត្រូវ​ខិតខំ​ធ្វើការ​ប្រឆាំង​នឹង​សំណង់​ខុសច្បាប់​ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ធានា​គុណភាព​សំណង់​ សន្តិសុខ​ និង​សុវត្ថិភាព​ហើយនឹង​បន្ត​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តទៅទៀត​៕

 

Advertisement