ឆ្នាំ2019 កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត 30ម៉ឺន​តោន ខណៈ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម គ្រោង​មក​ពង្រីក​ផលិតកម្ម​នៅ​កម្ពុជា

រយៈពេល​ពេញ 1ឆ្នាំ2019 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត 30ម៉ឺន​តោន ដែល​ចំនួន​នេះ​កើនឡើង30% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018។នេះ​បើតាម​របាយការណ៍​ផ្លូវការ របស់​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ។

របាយការណ៍​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា រយៈពេល​ពេញ 1ឆ្នាំ2019 កន្លងទៅ កម្ពុជា​ផលិត​ជ័រកៅស៊ូ​សម្រេចបាន 287,638តោន កើនឡើង​ចំនួន67,538តោន ស្មើនឹង 30% ធៀប​នឹង​ឆ្នាំ2018។ បរិមាណ​ជ័រកៅស៊ូ​នាំចេញ​នៅ​ឆ្នាំ2019 សម្រេចបាន​ចំនួន 282,071តោន កើនឡើង 64,570តោន ស្មើនឹង 30% ធៀប​នឹង​ឆ្នាំ2018។

គួរកត់សម្គាល់​ដែរ​ថា ក្នុង​ឆ្នាំ2019 តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​គឺ 1,336ដុល្លារ​ក្នុង 1តោន តម្លៃ​នេះ​កើនឡើង 19ដុល្លារ​ក្នុង1 តោន កាលពី​ឆ្នាំមុន ធៀប​នឹង​ឆ្នាំ2018 ខណៈ​កាលពី​ខែធ្នូ​កន្លងទៅ តម្លៃ​ជា​មធ្យម1,371ដុល្លារ​ក្នុង 1តោន​កើនឡើង 44ដុល្លារ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ2018។

ក្នុងរបាយការណ៍​បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ចំនួន 406,142ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន 247,113ហិកតា ស្មើនឹង 61%។ ចិន​គឺជា​ទីផ្សារ​ធំជាងគេ​របស់​កៅស៊ូ​កម្ពុជា​នៅពេលនេះ។

សូមបញ្ជាក់ថា រយៈពេល​ពេញ​មួយឆ្នាំ2018 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង 21ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត 300លាន​ដុល្លារ​អាមេរិក។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី។

នៅ​ខណៈពេលដែល​កៅស៊ូ​កម្ពុជា​កំពុង​តែមាន​បញ្ហា និង​ស្វែងរក​ការពង្រីក​វិស័យ​កៅស៊ូ​នេះ ក្រុមហ៊ុន VRG ដែលជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ នៅ​ប្រទេស​វៀតណាម បាន​វិនិយោគ​លើ​ចម្ការកៅស៊ូ​ខ្នាត​ធំ​នៅ​ខេត្ត​ចំនួន7 នៃ​ប្រទេស​កម្ពុជា។ ផែនការ​ពង្រីក​វិស័យ​កៅស៊ូ ត្រូវ​បានលើកឡើង​ក្នុងជំនួប​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែលមាន​តំណាង​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម គឺ​លោក ជិន ង៉ុ​ក​ធួ​ក ។

លោក ជិន បាន​កត់សម្គាល់ថា ក្រុមហ៊ុន​បាន​ប្រមូល​ជ័រកៅស៊ូ​ចំនួន 5ម៉ឺន​តោន​ពី​ផ្ទៃដី 47,000ហិកតា​របស់ខ្លួន​កាលពី​ឆ្នាំមុន។ លោក​បាន​អរគុណ​ចំពោះ​ក្រសួងកសិកម្ម​ដែល​តែងតែ​គាំទ្រ​ការវិនិយោគ​របស់​យើង​នៅ​កម្ពុជា។ ក្នុងន័យនេះ​យើង​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​ចម្ការកៅស៊ូ​របស់​យើង​ដើម្បី​បង្កើន​ផលិតកម្ម​កៅស៊ូ​សម្រាប់​កែច្នៃ​នៅក្នុង​ប្រទេស ។

សូមបញ្ជាក់ថា ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន19 នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ការវិនិយោគ​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា មានតម្លៃ​ប្រហែល 800លាន​ដុល្លារ។ នៅ​ឆ្នាំ2019 ក្រុមហ៊ុន​បានទទួល​កម្រៃ​កើន​លើស23%នៃ​គោលដៅ​ប្រចាំឆ្នាំ​របស់ខ្លួន​ដែល​ធ្វើឱ្យមាន​ចំណូល​ប្រមាណ 1.28ពាន់​លាន​ដុល្លារ​អាមេរិក។

ទោះយ៉ាងណា ប្រភព​ក្នុងស្រុក​មួយចំនួន​បាន​កត់សម្គាល់ថា ប្រាក់ចំណេញ​មុន​ពន្ធ​របស់ខ្លួន​មាន​ចំនួន 220.82លាន​ដុល្លារ​ពោល គឺ 98%នៃ​គោលដៅ​របស់ខ្លួន។

ផលិតផល​កៅស៊ូ​ដែល​ប្រមូលបាន​ពី​ប្រជាកសិករ(កៅស៊ូ​គ្រួសារ)ក្នុង​ខេត្ត​ចំនួន8 រួមមាន​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​មណ្ឌល​គី​រីមានតម្លៃ​ជា​មធ្យម 1.18ដុល្លារ​ក្នុង 1គីឡូក្រាម សម្រាប់​ជ័រកៅស៊ូ​ស្រស់ ខណៈ​កៅស៊ូ​ស្ងួត ជា​មធ្យម​លក់​ក្នុងតម្លៃ 0.61ដុល្លារ​ក្នុង 1គីឡូក្រាម។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ការដែល​ក្រុមហ៊ុន​វៀតណាម​គ្រោង​នឹង​ពង្រីក​ការវិនិយោគ​ផលិត​កៅស៊ូ​របស់ខ្លួន​នៅ​កម្ពុជា​នោះ គឺ​ដោយសារតែ​ខាង​វៀតណាម​គេ​មាន​ដី​សម្បទាន​ដំណាំ​កៅស៊ូ​ស្រាប់​ទៅហើយ​នៅ​កម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​បាន​បញ្ឈប់​ការវិនិយោគ​របស់ខ្លួន​ដោយ​មិនអាច​បន្តការងារ​នេះ​បាន ទើប​ស្ទុះ​ទៅមុខ​មិន​រួច”។

លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“ដោយ​ខាង​ក្រសួង​ចង់​លុបចោល​ការវិនិយោគ​មួយចំនួន​របស់​ម្ចាស់​ដី​សម្បទាន​ក្នុងស្រុក ដែល​ពុំមាន​លទ្ធភាព និង​ពុំមាន​សកម្មភាព​បន្ត ទើប​ក្រុមហ៊ុន​វៀតណាម​បាន​ស្វែងរក​ដៃគូ​វិនិយោគ​ក្នុងស្រុក បន្ត​ការវិនិយោគ​លើ​វិស័យ​កៅស៊ូ​នេះ ដោយ​អាចជួយ​ពង្រីក​វិស័យ​កសិកម្ម​របស់​យើង​បន្ថែម​ផងដែរ។ តែបើ​ការវិនិយោគ​លើ​ការផ្តល់​ដី​សម្បទាន​ថ្មី ពុំមាន​ដី​សម្បទាន​ថ្មី​ផ្តល់ជូន​ទេ គឺ​ក្រសួង​បានបញ្ចប់​ការផ្តល់​យូរហើយ”។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ដែរថា៖“ការវិនិយោគ​ដែល​ក្រុមហ៊ុន​វៀតណាម​នឹងធ្វើ គឺ​តាមរយៈ​កិច្ចសហការ​តាម​កិច្ចព្រមព្រៀង​របស់​ក្រសួងកសិកម្ម​ដែលមាន​ស្រាប់ ហើយ​វា​គឺជា​ការល្អ ដែល​យើង​អាច​រក្សា​ស្ថិរភាព នៃ​វិស័យ​កៅស៊ូ​របស់​យើង​សម្រាប់​ការអភិវឌ្ឍ​ទៅ​ថ្ងៃមុខ”។

លោក​ឧកញ៉ា លឹម ហេង ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“ការវិនិយោគ​បែបនេះ វា​មិនមាន​ផលប៉ះពាល់​ទេ តែ​វា​ជាការ​ជួយ​គ្នា​ទៅវិញ​ទេ ពីព្រោះ​វិស័យ​កសិកម្ម​យើង​វា​មាន​បញ្ហា​ច្រើន បើ​យើង​មាន​ដៃគូ​ពី​ក្រៅ​សម្រាប់​សហការ ជាការ​ល្អ ហើយ​ក្នុង​ការផ្តល់​ដី​សម្បទាន រដ្ឋ​ក៏​ផ្តល់​សិទ្ធិ​ក្នុង​ការរក​ដៃគូ​ក្នុងការ​វិនិយោគ​រួម​ដែរ”៕

Advertisement