ប្រមុខ​រដ្ឋាភិបាល ណែនាំ​កសិករ​ឱ្យដាំ​ដុះ​ដំណាំ​ប្រើ​ទឹក​តិច ដើម្បី​បង្ការ​ពេល​ជួប​បញ្ហា​ខ្វះ​ទឹក

អាកាសធាតុ​ក្ដៅ​ខ្លាំង និង​គ្មាន​ភ្លៀង​ធ្លាក់​កក់ខែ​នៅ​ឆ្នាំនេះ កំពុង​បង្ក​ការលំបាក​កាន់តែខ្លាំង​ដល់​ការរស់នៅ​របស់​មនុស្ស និង​សត្វ​នៅ​កម្ពុជា។ ទន្ទឹមគ្នានេះ ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យកចិត្តទុកដាក់​ណែនាំ​កសិករ នៅ​ចំពោះមុខ​នេះ ឱ្យធ្វើ​ការដាំដុះ​ដំណាំ​ណា​ដែល​ប្រើប្រាស់​ទឹក​តិច ព្រោះ​ឆ្នាំនេះ ត្រូវបាន​ព្យាករ​ឃើញថា នឹង​ជួប​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់។

ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ថ្លែង​ឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ចុងខែ​ធ្នូ កន្លងទៅ​ថា វិស័យ​កសិកម្ម ចំនួន​ផ្ទៃដី​ដាំ​ដុះ ទោះបីថា ស្ថិតនៅក្នុង​ចំនួន​កម្រិត​ដដែល ប៉ុន្តែ​ទិន្នផល​បាន​កើន​ខ្ពស់ជាង​ឆ្នាំមុន។ ស្រូវ​កាលពី​ឆ្នាំ2019 ក៏​ប្រហែលជា​សល់​ប្រមាណ 6លាន​តោន​ផងដែរ ដែល​នោះ​ហើយ ដែល​យើង​ត្រូវ​ប្រឹងប្រែង​ក្នុងការ​នាំចេញ ដែល​ឆ្នាំនេះ(2019)ការនាំចេញ​បានត្រឹមតែ​ជាង​កន្លះ​លាន​តោន​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ការនាំចេញ​កសិផល​នានា សម្តេច​តេ​ជោ នៅតែ​ទទូច​ឱ្យ​កសិករ ក៏ដូចជា​វិនិយោគិន លើ​វិស័យ​កសិកម្ម បង្កើន​ការយកចិត្តទុកដាក់​ជំរុញ​ការកែច្នៃ​ផលិតផល​នានា មុននឹង​ធ្វើការ​នាំចេញ ព្រម​ជាមួយនឹង​ការខិតខំ​ទាក់ទាញ​ការវិនិយោគ​ខាង​វិស័យ​ឧស្សាហកម្ម​ផងដែរ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការដាំដុះ​ដំណាំ និង​ការប្រើប្រាស់​ទឹក​នៅពេល​ខាងមុខនេះ​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​លើកឡើងថា “ទឹក​នៅតាម​បឹងបួ ត្រពាំង យើង​ត្រូវ​ចេះ​សន្សំសំចៃ អ៊ីចឹង​ទេបានជា​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ស្រែប្រាំង​តែ 1ដង​បាន​ហើយ ឯលើ​ក​ទី2 គួរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ដែល​ប្រើប្រាស់​ទឹក​តិចជាង”។

ហេតុនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍​ណែនាំ​ដូច្នេះ​ថា “ដើម្បី​ធានាថា​ទឹក​ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព បម្រើឱ្យ​ជីវភាព​របស់​ប្រជាជន និង​កុំឱ្យ​មានការ​លំបាក​ក្នុងការ​អន្តរាគមន៍​ដោយសារតែ​ការធ្វើ​ដំណាំ​របស់​យើង។ យើង​អាច​ផ្ទេរ​ពី​ការធ្វើ​ស្រូវ ទៅ​ដាំ​ជា​បន្លែបង្ការ ឬ​ដំណាំ​ដាំ​ដុះ​ដទៃទៀត​ដែល​ប្រើប្រាស់​ទឹក​តិចជាង​ការធ្វើ​ស្រែ​សម្រាប់​ប្រជាពលរដ្ឋ​យើង ព្រោះ​ឆ្នាំនេះ​អាច​ប្រឈម​នឹង​ការខ្វះ​ទឹក​គ្រប់គ្រាន់​ក្នុងការ​ស្រោចស្រព ហេតុនេះ​កសិករ​គួរ​ងាក​មករក​ការដាំដុះ​ដំណាំ​ទាំងឡាយណា​ដែល​ប្រើប្រាស់​ទឹក​តិច”។

ទាក់ទង​បញ្ហា​នេះដែរ ទីប្រឹក្សាបច្ចេកទេស​កសិក​ម្ម នៃ​អង្គការ​សេ​ដាក (CEDAC) លោក វង្ស សាវឿន អ្នកជំនាញ​លើ​វិស័យ​កសិកម្ម ធ្លាប់បាន​ឱ្យដឹងថា នៅ​រដូវប្រាំង កសិករ​នៅ​តំបន់​ខ្លះ អាច​ខ្វះខាត​ទឹក​ស្រោចស្រព​ខ្លាំង។ លោក​បាន​ប្រាប់ថា ដើម្បី​ទប់ទល់​បញ្ហា​នេះ និង​សម្រួល​ដល់​ដំណើរ​ការដាំដុះ​ឱ្យបាន​រលូន ខួប​ប្រាំង ខួប​វស្សា​ដោយ​គ្មាន​ឧបសគ្គ​នោះ កសិករ​ត្រូវមាន​ផែនការ​រក្សា​ទឹក ឬ​ស្វែង​ប្រភពទឹក​បម្រុង​ទុកជាមុន និង​ត្រូវមាន​គោលការណ៍ និង​វិធី​ប្រើប្រាស់​បែប​សន្សំសំចៃ​ទឹក ឱ្យស្រប​ទៅតាម​ផែន​ការដាំដុះ​ពេញ 1ឆ្នាំ​ដោយ​ហ្មត់ចត់។

លោក​បានផ្ដល់​ជា​ដំណោះស្រាយ​ដែរ​ថា កសិករ​គួរតែរ​កដី​ជាង​តិច 10% នៃ​ទំហំ​ដី​សរុប​ដែល​ត្រូវ​ដាំ​ដុះ ដោយ​ត្រូវ​ជីក​ស្រះ​ស្តុក​ទឹក​ទុក ជីក​អណ្ដូង ហើយ​បើ​មានលទ្ធភាព​សាងសង់​អាង​ស្តុក​ទឹក​ធ្វើ​ពីបេតុង​ទៀតផង​នោះ រឹតតែ​ប្រសើរ។ លោក​បន្តថា ការធ្វើ​បែបនេះ ដោយសារ​បច្ចុប្បន្ន កសិករ​មិនអាច​ពឹងផ្អែក​បាន​ទាំងស្រុង​លើ​ប្រភពទឹក​ធម្មជាតិ ប្រព័ន្ធធារាសាស្ត្រ​របស់​រដ្ឋ ឬ​ប្រព័ន្ធ​ស្រោចស្រព​ដែលមាន​ស្រាប់​ទាំងស្រុង​នោះបានទេ។

ជាមួយគ្នានេះ អ្នកជំនាញ​កសិកម្ម​រូបនេះ ក៏បានផ្តល់​ជា​ដំណោះស្រាយ​មួយ ក្នុងចំណោម ដំណោះស្រាយ​ផ្សេងទៀត​ដល់​កសិករ ដើម្បី​សន្សំសំចៃ​ទឹក ក្នុងនោះ​រួមមាន​ការជ្រើសរើស​ពូជ​ដំណាំ​ដែល​ធន់​នឹង​អាកាសធាតុ រាំងស្ងួត ដូចជា ពពួក​បន្លែផ្ទី ត្រប់

សណ្ដែកកួរ ដែលជា​ប្រភេទ​ដំណាំ​ត្រូវការ​ទឹក​តិច ក្រៅពីនេះ​នៅមាន​វិធី​លើកដី​រង​ដំណាំ​ដោយ​ប្រើ​ជីធម្មជាតិ ជាដើម។
ជាការ​ឆ្លើយតប នឹង​បញ្ហា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​ធ្លាប់​បានឱ្យដឹង​ដែរ​ថា ក្រសួង​បាននិងកំពុង​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ជាពិសេស​កន្លែង​ដែល​កំពុង​ប្រឈម​ការខ្វះខាត​ទឹក អំពី​ការត្រៀម​លក្ខណៈ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះរាំងស្ងួត ដោយ​រក​វិធីសាស្ត្រផ្សេងៗ សម្រាប់​ស្តុក​ទឹកភ្លៀង​នៅ​រដូវវស្សា ដើម្បី​ទុក​ប្រើ​នៅ​រដូវប្រាំង។ ក្រៅពីនេះទៀត ក៏ត្រូវ​ខិតខំ​ស្តារ និង​រៀបចំ​កន្លែង ដើម្បី​ជីក​ស្រះ អណ្តូងទឹក​ថ្មី​បន្ថែម ឬ​ស្ដារ​ស្រះ អូរ ប្រឡាយចាស់ៗ ឱ្យ​ដំណើរការ​ឡើងវិញ។ ទន្ទឹមគ្នា​នេះដែរ មន្ត្រី​បច្ចេកទេស​ក៏បាន​ណែនាំ​ពី​ប្រភេទ​ដំណាំ​ដែល​គួរ​ដាំ​ដុះ​នា​រដូវ​ខ្វះ​ទឹក ស្របទៅតាម​ការណែនាំរ​បស់​ប្រមុខ​
រដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

Advertisement