ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

3.ស្ថានភាពពន្លឺថ្ងៃ និងម្លប់ ៖ អាចរាប់បានថាមានភាពចាំបាច់ណាស់នៅក្នុងក្បួនការកែច្នៃពន្លឺរបស់រុក្ខជាតិ ដើម្បីសាងវាជាអាហារ។ បរិមាណពន្លឺថ្ងៃដែលបានទទួលនៅក្នុងទីកន្លែងដាំដុះក្នុង 1ថ្ងៃៗនោះ នឹងមានផលប្រយោជន៍ចំពោះប្រភេទបន្លែដែលយើងដាំនោះ ដោយជាទូទៅ គេអាចបែងចែកដំណាំបន្លែទៅតាមតម្រូវការពន្លឺថ្ងៃដូចតទៅ ៖

3/1.កន្លែងដែលមិនបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរដាំរុក្ខជាតិបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងនៅក្នុងម្លប់បាន ដូចជា ដើមស្លឹកឆះភ្លូ ជីអង្កាម ស្លឹកគ្រៃ ជីនាងវង ខ្ញី ម្តេង និងដើមម្រះព្រៅ ជាដើម។

3/2.កន្លែងដែលបានទទួលពន្លឺថ្ងៃរហូតពេញ 1ថ្ងៃ គួរជ្រើសរើសដាំបន្លែណាដែលអាចលូតលាស់ធំធាត់ឡើងបាននៅក្នុងកន្លែងដែលមានពន្លឺថ្ងៃប្រក្រតី ដូចជា ដើមសណ្តែកកួរ ខាត់ណា ស្ពៃខ្មៅ ស្ពៃចង្កឹះ ម្ទេសផ្សេងៗ លើកលែងតែម្ទេសអាចម៍ចាប។

4.ប្រភេទ ៖ ការដាំបន្លែ គួរជ្រើសរើសយកប្រភេទបន្លែឱ្យបានច្រើនប្រភេទ ដើម្បីឱ្យទទួលបានគុណតម្លៃខាងអាហារ ដែលសម្បូរបែប ដែលសម្រាប់ចម្ការបន្លែគ្រួសារនេះ គេអាចបែងចែកចេញជា 4ប្រភេទធំៗដូចតទៅ៖
1.យកផ្លែធ្វើជាអាហារ ដូចជា ត្រសក់ ប៉េងប៉ោះ ម្ទេស ត្រប់។ល។
2.យកស្លឹក និងដើមធ្វើជាអាហារ ដូចជា ត្រកួន ខាត់ណា ស្ពៃ  ជីនាងវង ស្លឹកម្រះព្រៅ។ល។
3.យកផ្កាធ្វើជាអាហារ ដូចជា ផ្កាខាត់ណា  ផ្កាអង្គារដី ផ្កាគុយឆាយ ផ្កាស្រឡឹត។ល។
4.យកមើម ឬឫសដែលនៅក្នុងដីធ្វើជាអាហារ ដូចជា ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្តេង ឆៃថាវ ការ៉ុត។ល។

5.ប្រភេទរបស់បន្លែ ៖ បន្លែប្រភេទនីមួយៗមានភាពខុសប្លែកពីគ្នាក្នុងរឿងវិធីការដាំដុះ និងអាយុ ក្នុងការប្រមូលផល ដូច្នេះទើបគេអាចបែងចែកប្រភេទបន្លែទៅតាមអាយុនៃការប្រមូលផល ដូចខាងក្រោមនេះ ៖
5/1.បន្លែអាយុខ្លី (តិចជាង 2 ខែ)៖ ដូចជា ជីវ៉ាន់ស៊ុយ សាលាដ ស្ពៃខ្មៅ ខាត់ណា ត្រកួនចិន ស្ពៃបូកគោ ត្រសក់​។ល។
5/2.បន្លែអាយុកណ្តាល(2 – 5 ខែ) ៖ ដូចជា ផ្កាខាត់ណា ស្ពៃក្តោប សណ្តែកកួរ ខ្ទឹមបារាំង ប៉េងប៉ោះ ម្ទេស ននោង ល្ពៅ។ល។
5/3.បន្លែដើមខ្ពស់(យូរជាង 1ឆ្នាំ)៖ ដូចជា ត្រប់ ស្អំ ជីនាងវង ម្រះព្រៅ ខ្ញី ទំពាំងបារាំង ខ្ជាយ ម្តេង។ល។

6.ដាំបន្លែ គួរដាំឱ្យត្រូវរដូវកាល ៖ ដើម្បីឱ្យទទួលបានបន្លែដែលមានគុណភាព និងរសជាតិល្អ ងាយស្រួលថែទាំ មិនសូវមានសត្វល្អិត និងជំងឺមករុកកួន ទើបយើងគួរពិចារណាជ្រើសរើសដាំបន្លែតាមរដូវកាលដែលត្រឹមត្រូវ ដូចតទៅនេះ ៖

បន្លែដែលគួរដាំក្នុងរដូវក្តៅ ៖ មានដូចជា បន្លែដែលស៊ូនឹងកម្តៅបានល្អ និងធន់ជាមួយភាពស្ងួតក្រៀមក្រោះបានល្មមគួរសម។ ទោះបីជាបន្លែទាំងនោះធន់នឹងកម្តៅ និងភាពហួតហែងបានមែនក៏ដោយ តែបើចង់ដាំនៅក្នុងរដូវក្តៅនោះ បន្លែមួយចំនួនក៏ត្រូវតែស្រោចទឹកព្រឹក-ល្ងាច ត្រូវតែជ្រួយដី ហើយគ្របគល់ដោយចំបើងដើម្បីរក្សាសំណើមឱ្យបានគ្រប់គ្រាន់ ដូចជា ពោត ននោង ម្រះ សណ្តែកកួរ ឃ្លោក ល្ពៅ ពពាយ ខាត់ណា ស្ពៃចង្កឹះ សាលាដ ជីវ៉ាន់ស៊ុយ (សាលាដ និងជីវ៉ាន់ស៊ុយនេះគួរធ្វើដំបូលបាំងកម្តៅឱ្យផង) ស្ពៃខ្មៅ ត្រប់ពុតលំញង ជាដើម។ល។

បន្លែដែលគួរដាំក្នុងរដូវភ្លៀង ៖ បន្លែណាដែលដាំនៅដើមរដូវភ្លៀង ក៏អាចដាំបានផលល្អនៅចុងរដូវភ្លៀងបានដែរ ខ្លាំងជាងនោះទៅទៀត​  ថែមទាំងអាចដាំបន្លែទាំងនោះនៅក្នុងរដូវរងាបានផងដែរ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ប្រូកខូលី សណ្តែកហោឡាន់តៅ ខ្ទឹមបារាំងប៉េងប៉ោះ ស្លឹកឃឹនឆាយ ម្ទេសប្លោក។ល។                                                                                                                                                 (នៅមានត)

Advertisement