ស្ពានអាកាសក្បាលថ្នល់(បត់ឆ្វេងខ្សែទី1) នឹងបញ្ចប់ការសាងសង់រួចរាល់នៅដើមខែមីនា

ស្ពានអាកាសក្បាលថ្នល់ ដែលបានបើកការដ្ឋានស្ថាបនា (ស្ពានអាកាសបត់ឆ្វេង 1ខ្សែថ្មីទី1 )ដែលនៅជាប់នឹងស្ពានចាស់ គ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងដើមខែមីនា ឆ្នាំ2020 ខាងមុខ ដែលស្ពានអាកាសបត់ឆ្វេង 1ខ្សែថ្មីនេះ អាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះបានយ៉ាងច្រើន នៅត្រង់ចំណុចដែលមានចរាចរណ៍ដ៏ចង្អៀតនេះ។

តាមព័ត៌មានដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋបាលរាជធានីភ្នំពេញ​បានឱ្យដឹងថា ក្រុមការងារជំនាញបាន និងកំពុងធ្វើការងារយ៉ាងសកម្មទាំងថ្ងៃទាំងយប់ ដោយជាលទ្ធផល រហូតមកដល់ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 នេះ ក្រុមការងារជំនាញបាននិងកំពុងធ្វើការយ៉ាងសកម្ម លើការងារអ៊ុតកៅស៊ូលើស្ពាន និងគូសគំនូសចរាចរណ៍ដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម ។    សូមបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់ ចាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តម មានប្រវែង 77ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់មានប្រវែង 123ម៉ែត្រ សរុប 200​ម៉ែត្រ​។ ស្ពាននេះ​មានទទឹង 7ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងនេះ បានធ្វើឡើងដោយសារតែបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីមានការកកស្ទះចរា​ចរណ៍ ដែលជាបញ្ហាប្រឈម បានកើតឡើងជារៀងរាល់ថ្ងៃ ពិសេសនៅត្រង់ចំណុចផ្លូវបំបែកក្បាលថ្នល់នេះតែម្ដង។

បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន 6កន្លែង រួមមានស្ពានអាកាសក្បាលថ្នល់ ស្ពាន​អាកាសស្ទឹងមានជ័យ ស្ពានអាកាស 7មករា ស្ពានអាកាស 5មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្ម ដូចគ្នាទៅនឹងស្ពានអាកាសក្បាលថ្នល់នេះដែរ៕

Advertisement