ស្រូវ​ជា​ដំណាំ​ចម្បង​ដែល​បានរួមចំណែក​ប្រមាណ 15%នៃ​តម្លៃបន្ថែម​ ក្នុង​វិស័យ​កសិកម្ម​កម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់ទុកថា ផលិតកម្ម​ស្រូវ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម ដែល​កន្លងមក ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ឱ្យសម្រេចបាន​ជោគជ័យ​តាម​ផែនការអភិវឌ្ឍន៍​ផលិតកម្ម​ស្រូវ នៅ​កម្ពុជា​ឆ្នាំ2011-2020ផងដែរ។

ថ្លែង​ក្នុង​ពិធី​បុណ្យដារលាន នា​​ខេត្ដ​តាកែវ កាលពីពេល​ថ្មី​នេះ ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា វិស័យ​កសិកម្ម បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​គ្រួសារ ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ គាំទ្រ​ដល់​ការនាំចេញ និង​ជាពិសេស​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជ​វូប​នីយកម្ម​កសិកម្ម សំដៅ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម ធានាបាន​ទាំង​បរិមាណ និង​គុណភាព​សមស្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍។

ជាមួយគ្នា​នោះដែរ ឯកឧត្ដម​បាន​ថ្លែងថា ស្រូវគឺជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ប្រភេទ ដែល​បានផ្តល់​ប្រយោជន៍​ជាច្រើន ព្រមទាំង​បាន​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ បង្កើត​ការងារ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ជាដើម។ ជាក់ស្តែង ឯកឧត្ដម​មានប្រសាសន៍​ថាស្រូវ ជា​ដំណាំ​ចម្បង​ដែល​បានរួម​ចំណែក​ប្រមាណ15% នៃ​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម ជាក់ស្តែង​ផ្ទៃដី​ដាំ​ដុះ​សម្រេចបាន នៅក្នុង​ឆ្នាំ2018 មាន​ជាង 3.3លាន​ហិកតា ជាមួយ​ទិន្នផល 10.8លាន​តោន។

បន្ថែម​ពីនេះ ឯកឧត្ដម​បានឱ្យដឹង​បន្តថា បើ​យោងតាម​ការប៉ាន់ស្មាន​ជំហាន​ដំបូង​កាលពី​ឆ្នាំ2019 ផល​ស្រូវ​សម្រេចបាន​ប្រមាណ 10.88លាន​តោន ហើយនឹង​អាច​នៅសល់​ស្រូវ​សរុប​ប្រមាណ​ជាង 5លាន​តោន ឬ​អង្ករ​ចំនួន​ជាង 3លាន​តោន​ទៀត។

នៅ​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​បានឱ្យដឹង​ទៀតថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន និង​យោង​លើ​សេចក្តីត្រូវការ​ជា​មូលដ្ឋាន​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ពលរ​ដ្ឋ​កាន់តែ​កើនឡើង​ជា​លំដាប់ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 ក្នុងទិសដៅ​ពិតប្រាកដ​មួយ គឺ​ដើម្បី​ជំរុញ និង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យជាជំហានៗច្បាស់លាស់ សម​ស្របតាម​ពេលវេលា និង​ធនធាន​របស់​ជាតិ ធ្វើយ៉ាងណា​ឈានឆ្ពោះ​ទៅ​សម្រេច​គោលដៅ​នៃ​ឆ្នាំ2030 និង2050។

យ៉ាងណាក្ដី ឯកឧត្ដម​ក៏បាន​បញ្ជាក់ដែរថា ក្រសួងកសិកម្ម តែង​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម​ស្រូវ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​មាន​ភាព​ប្រកួតប្រជែង តាមរយៈ​ការដាក់បញ្ចូល​ផែនការអភិវឌ្ឍន៍​ផលិតកម្ម​ស្រូវ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម2019-2023 យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ2019 -2023 និង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្រូវ​ឆ្ពោះទៅ​ឆ្នាំ2030 ឱ្យបាន​ជោគជ័យ​តាម​គោលដៅ​គ្រោងទុក។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​អះអាង​បន្ថែមទៀតថា ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផលិតកម្ម​ស្រូវ​បន្ថែមទៀតក្រសួង​បាន​ណែ​នាំឱ្យ​អគ្គនាយដ្ឋាន កសិកម្ម មន្ទីរ​កសិកម្ម​ខេត្ត និង​តួអង្គ​ពាក់ព័ន្ធផ្សេងៗទៀត​ត្រូវ​យកចិត្តទុកដាក់​ថែមទៀត​លើ​ការអនុវត្ត​បច្ចេកទេសពង្រឹង និង​ពង្រីក​ការងារ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់លិខិតបទដ្ឋាន​គតិយុត្ត ការងារ​ស្រាវជ្រាវ និង​បណ្តុះបណ្តាល ពង្រឹង​ការងារ​ដឹកនាំ និង​គ្រប់គ្រង​សហគមន៍​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យាជំរុញ និង​លើកទឹកចិត្ត​ការចុះបញ្ជី​កសិដ្ឋាន​គ្រប់​ប្រភេទ លើកកម្ពស់​ប្រសិទ្ធភាព​ចំពោះ​ការផ្តល់​សេវាសាធារណ: បន្ដ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

គួរបញ្ជាក់​ផងដែរ​ថា យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា នៅ​ខែមករា ឆ្នាំ2020 កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន 50,450តោន ថយចុះ 15.39ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2019។ មូលហេតុ​នៃ​ការថយចុះ​នេះបណ្តាលមកពី​ការយកពន្ធ​អង្ករ​កម្ពុជា នាំចូល​នៅ​សហគមន៍​អឺរ៉ុប​នៅ​ឆ្នាំ​ដំបូង ដោយ​ក្នុង​អង្ករ 1តោន​ចំនួន 175អឺរ៉ូ គិត​ចាប់ពី​ថ្ងៃទី19 ខែមករា ឆ្នាំ2019មក។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹង​បន្តថា ទឹកប្រាក់​សរុប​ពី​បាន​ការនាំ​អង្ករ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ នៅក្នុង​ខែមករា ឆ្នាំ2020 មាន​ប្រមាណ​ជា 39លាន​ដុល្លារ​អាមេរិក។

ចំណែកឯ​ទីផ្សារ​អាស៊ាន​វិញ ឃើញថា មានការ​ប្រែប្រួល​ខ្លះ អាស្រ័យ​លើ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម។ ក្នុងនោះ សហព័ន្ធ​ស្រូវ​អង្ករ បានបញ្ជាក់​បន្ថែមទៀត​ថា ទីផ្សារ​ចម្បង​របស់​កម្ពុជា គឺ​ប្រទេស​ម៉ាឡេស៊ី និង​ប្រ៊ុយណេ ដែល​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ គឺ​នៅ​រក្សាបាន​ស្ថាន​ភាពល្អ មាន​លំនឹង​នៅឡើយ។ រីឯ​ទីផ្សារផ្សេងៗទៀត បាន​កើនឡើង​ប្រមាណ 40% ក្នុងនោះ​ប្រទេស​ហ្គា​បុ​ង នៅតែ​បន្ត​នាំមុខ​ដដែល ស្របពេល​ជាមួយគ្នា​នោះ ប្រ​ទស​អូស្ត្រាលី ក៏បាន​បង្កើនល្បឿន​ក្នុងការ​នាំចូល​អង្ករ​ពី​ប្រទេសកម្ពុជា ដ៏​គួរឱ្យកត់សម្គាល់​ផងដែរ៕

Advertisement