FASMEC ជំរុញ និង​គាំទ្រ​សកម្មភាព​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ក្នុង​ប្រតិបត្តិការ​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (Federation of Associations for SMEs of Cambodia)ហៅ​កាត់​ថា FASMEC បាន​ថ្លែងថា ការជួយ​ជំរុញ និង​គាំទ្រ​លើ​សកម្មភាព​មួយចំនួន​ទាក់ទង​នឹង​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា នឹងចូលរួម​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កម្មន្តសាល​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម គឺជា​ការបោះជំហាន​ទៅមុខ​ទៅដល់ ឧស្សាហកម្ម4.0 ស្របទៅតាម​ការវិវឌ្ឍ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បានលើកឡើង​យ៉ាង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង FASMEC និង​ក្រុមហ៊ុន Metfone នៅ​ការិយាល័យ FASMEC ដើម្បី​ផ្តល់​កញ្ចប់​សេវាកម្ម​ពិសេស គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា។

សូមបញ្ជាក់ថា កន្លងមក សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា FASMEC បាន​បង្កើត​កម្មវិធី​ជាច្រើន ជាមួយ​ដៃគូ​សហការក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ប៉ុន្តែ​នៅមាន​ចំណុច​ជាច្រើន​ទៀត ដែល​យើង​ត្រូវការ​ដៃគូ​សហការ ដើម្បី​ជំរុញ​ក៏ដូចជា​រក​ដំណោះស្រាយ​បន្ថែមទៀត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ។

អ្វីដែល​ជាទី​ចាប់ អារម្មណ៍​ជាងគេ​នោះ​គឺ សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​ភាគច្រើន​មានចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​នៅមានកម្រិត ដែល​នេះ​ជា​កត្តា​ចម្បង​មួយ​ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគាត់ ដើរ​មិនទាន់​សម័យកាល និង​ការវិវឌ្ឍ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន។

លោក​ឧកញ៉ា តែ តាំង​ប៉ ក៏បាន​បញ្ជាក់ថា៖“សព្វថ្ងៃនេះ មាន​ចំនួន​ជាង 53ម៉ឺន​សហគ្រាស​ធុន​តូច និង​មធ្យម កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ហើយ​ឆ្អឹងខ្នង សេដ្ឋកិច្ច​ប្រទេស​កម្ពុជា យើង​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ពួកគេ​ទាំងនោះ”។

លោក​ឧកញ៉ា បាន​បន្តទៀតថា៖“ប៉ុន្តែ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​កំពុងតែជួបប្រទះ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ទីផ្សារ បញ្ហា​ហិរញ្ញវត្ថុ បញ្ហា​បច្ចេកទេស ក៏ដូចជា​បញ្ហា​សហគ្រិនភាព​ផងដែរ ដែល​នេះ​ជា​ចំណុច​ទន់ខ្សោយ​របស់​ពួកគាត់”។

លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“ការចុះហត្ថលេខា​រវាង FASMEC ជាមួយ​ក្រុមហ៊ុន Metfone នឹង​ជួយ​ជំរុញ​គាំទ្រ លើ​សកម្មភាព​មួយចំនួន​ទាក់ទង​នឹង​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា ដែល​នឹង​ដើរ​ទៅដល់​ឧស្សាហកម្ម4.0 ស្របទៅតាម​ការវិវឌ្ឍ​របស់​ពិភពលោក​បច្ចុប្បន្ន”។

លោក​ឧកញ៉ា តែ តាំង​ប៉ បាន​បញ្ជាក់ដែរថា៖“ការចុះហត្ថលេខា​នេះ គឺ​តទៅ FASMEC និង​មាន​កម្លាំងចលករ​បន្ថែ​ម​ថ្មី​មួយទៀត គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន កសាង​សមិទ្ធផល​ជូន​ជាតិ​តាមរយៈ​ការសហការ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យមាន​ការប្រកួតប្រជែង​ជា​អន្តរជាតិ”។

លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន Metfone បាន​ថ្លែងថា៖“វា​ជា​កិត្តិយស​ណាស់ ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរួម​បញ្ចូល​ជាមួយ SME ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង មធ្យម​នៅ​កម្ពុជា ហើយ​វា​នឹង​ជួយ​សង្គម​ធុរកិច្ច​ទាំងអស់​ឱ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន”។

សូមបញ្ជាក់ថា FASMEC គឺជា​សមូហភាព នៃ​សមាគម​សម្រាប់​វិស័យផ្សេងៗរបស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​សមាជិក​ជាង 60 ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ2010 និង​បានទទួល​ការចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​នៅ​ចុងឆ្នាំ​ដដែល ហើយ​បាន​ចុះបញ្ជី​ជា​សមាគម​អាជីវកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម។ នៅ​ពាក់កណ្តាល​ខែមេសា ឆ្នាំ2011 FASMEC ផ្តល់​លទ្ធភាព​ធ្វើឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​សម្រប​ខ្លួន​ទៅនឹង​បរិយាកាស​ធុរកិច្ច​ផលិតផល និង​ភាព​ប្រកួតប្រជែង​ជាស​កល។

ជាមួយគ្នានេះដែរ នាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តា​ខេត្ត ធ្វើការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម (SMEs) ក្នុង​គោលបំណង​លើកកម្ពស់ ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម ដើម្បី​បង្កើត​ការងារ បង្កើន​សមត្ថភាព និង​លទ្ធផល​ប្រកួតប្រជែង​របស់​ផលិតកម្ម​ក្នុងស្រុក ក៏ដូចជា​ការលើកទឹកចិត្ត ផ្នែក​គយ និង​ពន្ធដារ សម្រាប់​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម (SMEs) ឆ្នាំ2020 នេះដែរ។

ដោយឡែក​បញ្ហា​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព មិនទាន់មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់ ដំណើរ​ការមិន​បានល្អ ដោយនៅ​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​នេះ​ជាច្រើន​នៅឡើយ ទើប​គេ​ឃើញ​មាន​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ផងដែរ។

ឯកឧត្តម ចាន់ សូ​ផា អគ្គនាយក​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា នៃ​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម បានមានប្រសាសន៍ថា៖“បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​ទាំង​នៅក្នុង​ស្រុក និង​នៅលើ​ឆាក​អន្តរជាតិ គេ​ទាមទារ​ឱ្យ​ផលិតផល​ទាំងនោះ​មានការ​គ្រប់គ្រង​គុណភាព​មួយ ដ៏​ត្រឹមត្រូវ ដែលមាន​ការវាយតម្លៃ​ពី​មន្ត្រី​ជំនាញ​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព”។

ឯកឧត្តម បាន​បន្តថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មួយចំនួន នាំចេញ​ទៅដោយ​មិនទាន់មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់ ដោយសារតែ​ប្រព័ន្ធគ្រប់គ្រង​ស្តង់ដា​គុណភាព​នៅ​កម្ពុជា មិនបាន​ដំណើរ​ការល្អ នៅ​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​នេះ​ជាច្រើន ដូច្នេះហើយ​មាន​បានជា​បច្ចុប្បន្ននេះ​មានការ​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការងា​រ​នេះ ជាពិសេស ជួយ​ដល់​ក្រុមហ៊ុន​នានា ឱ្យមាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ក្នុងការ​នាំចេញ។

ឯកឧត្តម ចាន់ សូ​ផា ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“កន្លងមក​ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ក្នុងការ​នាំចេញ​ផលិតផល​ទៅ​ក្រៅប្រទេស គេ​បាន​ជួល​អ្នកជំនាញ​ពី​ប្រទេស​ផ្សេង​មកជួយ​វាយតម្លៃ និង​កំណត់​ស្តង់ដា​ផលិតផល​ឱ្យ”៕

Advertisement