ក្រុមហ៊ុន Lipp ស្វែងរក​ការវិនិយោគ​លើ​ការកែច្នៃ​ឫស្សី​ នៅ​កម្ពុជា ខណៈ​អ្នកវិនិយោគ​ក្នុងស្រុក​ត្រៀម​សហការ

អ្នក​វិនិយោគិន​មកពី​ប្រទេស​អាល្លឺម៉ង់ បានធ្វើការ​សិក្សា​ពី​លទ្ធភាព​ដាំ​ឫស្សី​នៅ​កម្ពុជា​សម្រាប់​កែច្នៃ​ជា​ផលិតផល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​ក្រុមហ៊ុន​នេះ​មាន​បទពិសោធ​គ្រប់គ្រាន់ ទាំង​ការដាំដុះ កែច្នៃ និង​ទីផ្សារ ដោយ​អនុវត្ត​បច្ចេកវិទ្យា​របស់​ប្រទេស​អាល្លឺម៉ង់ រួមទាំង​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ទៀតផង។

លោក THUREING AUNG នាយក​ក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុន​របស់លោក​បាន​ទទួល​ការគាំទ្រ​ពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​បោះទុន​វិនិយោគ​លើ​ការដាំដុះ​ឫស្សីដោយ​ប្រើ​ពូជ​ពី​បរទេស​សម្រាប់​ប្រើប្រាស់ លើ​វិស័យ​ថាមពល និង​កែច្នៃ​ទៅជា​ផលិតផល​សម្រាប់​នាំចេញ​ផ្សេងទៀត​ផងដែរ។

លោក THUREING AUNG បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី6 ខែកុម្ភៈ​កន្លង​នេះ​ថា៖ “ក្រុមហ៊ុន​បាន​បម្រុង​ទុនប្រមាណ 750លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ដាំ​ដើម​ឫស្សី និង​បង្កើត​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​ក្នុងដំណាក់កាល​ទី1 លើ​ផ្ទៃដី​សរុប​ជាង 25,000ហិកតា និង​ប្រមូល​ផល​ក្រោយ​ការដាំដុះ​រយៈពេល 4ឆ្នាំ ដោយ​នឹង​កែច្នៃ​ជា​ផលិតផល​ធ្វើ​ពី​ឫស្សី​ចំនួន 4ប្រភេទ​ដែល រួមមាន Bio-Activated Carbon, BambooPulp, Bio-oil និង Bamboo Fiber”។

លោក​បាន​បន្តថា៖“យើង​នឹង​បង្កើត​រោងចក្រ កែច្នៃ​ផលិតផល​ពី​ឫស្សី សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​យើង​មាន​រួច​ស្រាប់​ហើយ​នៅក្រៅ​ប្រទេស។ ការវិនិយោគ​នេះ​អាច​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ2020នេះ​តែម្ដង”។

លោក​បាន​បន្តទៀតថា គម្រោង​វិនិយោគ​នេះ អាច​នឹង​ធ្វើឱ្យ​ធនធាន​កសិកម្ម​មួយ​នេះ​មានតម្លៃ​បន្ថែម​ទ្វេ​ឡើង និង​អាច​ទាក់ទាញ​ផលិតកម្ម​ឫស្សី​ឱ្យមាន​ពហុ​ប្រយោជន៍ ដើម្បី​ចូលរួម​អភិវឌ្ឍ​សហគមន៍​តាមរយ:ការលើកកម្ពស់​ផលិតភាព​ផលិតកម្ម​ឫស្សី បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជា5ម៉ឺន​កន្លែង និង​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

លោក THUREING បញ្ជាក់ថា៖“ក្រៅពី​បង្កើត​រោងចក្រ និង​ដាំ​ដុះ​ដើម​ឫស្សី ជាមួយនឹង​ការបណ្តុះបណ្តាល​ជំនាញ និង​បង្កើន​ប្រាក់ចំណូល​ហើ​យ នៅក្នុង​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​មន្ទីរពេទ្យ សាលារៀន ផ្ទះ​ស្នាក់នៅ​សម្រាប់​កម្មករ ដែល​ការចំណាយ​លើទឹក-ភ្លើង​របស់​កម្មករ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន ហើយ​កម្មករ​ក៏​នឹង​ទទួលបាន​ការធានារ៉ាប់រង​អាយុ
ជីវិត​ទៀតផង”។

សូមបញ្ជាក់ថា គម្រោង​វិនិយោគ​នេះ ត្រូវបាន​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្វាគមន៍ និង​គាំទ្រ ដោយសារ​ថាកម្ពុ​ជាមាន​ធនធាន​ឫស្សី​យ៉ាងច្រើន ហើយ ហើយ​ការដាំដុះ​ក៏មាន​លក្ខណ:អំណោយផល​ល្អប្រសើរ និង​បច្ចុប្បន្ន យើង​នៅ​មិនទាន់​ប្រើប្រាស់​ធនធាន​ឫស្សី​ឱ្យអស់​សក្តានុពល​របស់​វា​នៅឡើយ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការសិក្សា​លម្អិត​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ជ្រើសរើស​សហគមន៍​ព្រៃឈើ​ណាមួយ​ធ្វើជា​គំរូ និង​រក​ដៃគូ​ឯកជន​សហការ​រួមគ្នា​វិនិយោគ​លើ​ផលិតកម្ម​ឫស្សី​នេះ ដោយ​ក្រសួង​នៅ​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​វិនិយោគ​នេះ​ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា៖ “ខ្ញុំ​សង្ឃឹមថា គម្រោង​នេះ​នឹងចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ ព្រោះ​កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់ និង​អាកាសធាតុ​អំណោយផល​ដល់​ដំណាំ​ឧស្សាហកម្ម​ឫស្សី​នេះ”។

ឯកឧត្តម​បន្តថា៖“គម្រោង​នេះ​នឹង​ជួយ​ទាក់ទាញ​ដល់​ផលិតកម្ម​ឫស្សី និង​ចូលរួម​អភិវឌ្ឍ​សហគមន៍ តាមរយៈ​ការលើកកម្ពស់​ផលិតផល​ធ្វើ​ពី​ឫស្សីបង្កើត​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ហើយ​ក្រសួង​នឹង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​លើ​គម្រោង​នេះ”។

បើតាម​លោក Thureign ដំណាំ​ឫស្សី​នឹង​ទទួលបាន​ផល​ក្នុង​រយៈពេល 4ឆ្នាំ​ក្រោយពី​ដាំ​ដុះ​ដែល​ក្រុមហ៊ុន​រំពឹងថា នឹង​ទទួលបាន​ចំណូល​ប្រមាណ 5ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 5ឆ្នាំ​ដំបូង។ លោក​និយាយថា ក្រៅពី​ស្វែងរក​ការវិនិយោគ​លើ​ដំណាំ​ឫស្សី​ហើយ ក្រុមហ៊ុន​ក៏​កំពុង​ស្វែងរក​ការវិនិយោគ​លើ​ការចិញ្ចឹម​សត្វ​ពពែ​នៅ​កម្ពុជា សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ផងដែរ។

លោក​បន្តថា៖ “ការជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ ព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុង អភិវឌ្ឍន៍ហើយ​មាន​ដី​ទំនេរ​ច្រើន អាកាសធាតុ​អំណោយផល​ដល់​ការដាំ​ឫស្សី។ ប្រទេស​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការយល់ព្រម​លើ​កិច្ចព្រមព្រៀង​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​ដែល​គេ​រំពឹងថា កម្ពុជា​នឹង​ក្លាយជា​សមាជិក​នៃ​បណ្តាញ​នេះ”។

សូមបញ្ជាក់ថា អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដែល​ហៅ​កាត់​ថា អុីន​បារ (INBAR : International Network for Bamboo and Rattan) គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​បង្កើតឡើង​នៅ​ឆ្នាំ1997 ដោយ​សន្ធិសញ្ញា​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ ទីស្នាក់ការ​កណ្ដាល​រប​ស់​អង្គការ​នេះ​ស្ថិតនៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ប្រទេស​នាំមុខគេ។

អង្គការ​នេះ​ក៏មាន​ការិយាល័យ​ថ្នាក់​តំបន់​ចំនួន 4កន្លែង​ផ្សេងទៀត​ដែរ គឺ​នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ហ្គា​ណា ប្រទេស​អេ​ត្យូ​ពី និង​ប្រទេស​អេក្វាទ័រ។ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ របស់​អង្គការ​នេះ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កែប្រែ​ទម្លាប់​ប្រជាពលរដ្ឋ​ពី​ការប្រើ ប្រាស់​ឈើ មកប្រើប្រាស់​ឫស្សី និង​ផ្តៅ តាមរយៈ​ការអភិវឌ្ឍ​ការងារ​ដាំ​ដុះ និង​ការកែច្នៃ​ឫស្សី និង​ផ្តៅ តាម​គោលការណ៍​អភិវឌ្ឍន៍​បៃតង។

ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានឱ្យដឹងថា ការចូល​ជា​សមាជិក​របស់​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង ផ្តៅ​នេះ គឺ​បើកចំហ​សម្រាប់​ប្រទេស​ទាំងឡាយណា ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ2018 អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​នេះ មាន​សមាជិក​សរុប​ចំនួន 43ប្រទេស។ រដ្ឋ​សមាជិក​អាស៊ាន ដែល​មិនទាន់បាន​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ មាន​ចំនួន4 គឺ​កម្ពុជា ប្រ៊ុយណេ សិង្ហ​បុរី និង​ឡាវ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមហ៊ុន អាន​ម៉ារ​ឌី បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ក្រុមហ៊ុន​ដែល​ស្វែងរក​ការវិនិយោគ​លើ​ដំណាំ​ឫស្សី ខ្ញុំ​គ្រាន់តែ​ឮ តែ​មិនទាន់​ឃើញ​គេ​មករក​យើង​នៅឡើយ​ទេ។ ប៉ុន្តែប្រសិនបើ​មក​ធ្វើ​កិច្ចសហការ​វិនិយោគ​មែន ក្រុមហ៊ុន​ខ្ញុំ​នឹង​ស្វាគមន៍ ហើយ​ក្រុមហ៊ុន​យើង​ក៏បាន​ត្រៀម​រួចរាល់ ដោយបាន​ដំណើរការ 2ឆ្នាំ​មកហើយ”។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា៖“ក្រុមហ៊ុន​ណា​ដែល​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​យើង មិន​ថាក្រុមហ៊ុន​ខ្ញុំ ឬ​ក្រុមហ៊ុន​ដទៃទៀត​ទេ យើង​សូម​ស្វាគមន៍​ជានិច្ច ព្រោះ​ក្នុង​ការដាំ​ដំណាំ​ឫស្សី ជួយ​បាន​ច្រើនណាស់ ក្នុងការ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​សង្ហារិម​ពិភពលោក បាននាំគ្នា​ងាក​មកប្រើប្រាស់​ឫស្សី​ជំនួស​ដើមឈើ​វិញ​ហើយ។ ដោយសារ​ការប្រើប្រាស់​ឈើ នាំឱ្យ​មានការ​លួច​កាប់​ព្រៃឈើ​ធម្មជាតិ​យកមក​កែច្នៃ។ ដូច្នេះ​ការប្រើ​ឫស្សី​ធ្វើជា​គ្រឿងសង្ហារិម ធ្វើ​ឱ្យជួយ​កាត់បន្ថយ​ការប្រើប្រាស់​ដើមឈើ និង​ការបំផ្លាញ​ព្រៃឈើ​ផងដែរ”។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ដែរថា៖“ប្រសិនបើ​ក្រុមហ៊ុន​ដែល​ស្វែងរក​ការវិនិយោគ​លើ​ដំណាំ​ឫស្សី​នោះមក​ធ្វើ​កិច្ចសហការ យើង​មិន​គិតថា​ជា​ដៃគូ​ប្រជែង​នោះទេ តែ​គឺជា​ការល្អ និង​ការពង្រឹង​ទីផ្សារ​ដំណាំ​ឫស្សី​កាន់តែ​ធំ​នៅ​កម្ពុជា។ ព្រោះ​ក្រុមហ៊ុន​ខ្ញុំ​មួយ មិនអាច​ពង្រីក​ទីផ្សារ​ជា​សកល​បានទេ​បើ​មានការ​វិនិយោគ​កាន់តែច្រើន កាន់តែ​ល្អ ហើយ​យើង​ក៏​មិន​ចង់បាន​ត្រឹមតែ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​ត្រឹមតែ​ជាង 2ម៉ឺន​ហិកតា​នេះ​ទេ ខ្ញុំ​ចង់បាន​ច្រើនជាង​នេះ”។

លោក​ឧកញ៉ា​ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​កម្ពុជា​មានតែ​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​មួយ​ទេ ដែលមាន​ការវិនិយោគ​លើ​ដំណាំ​ឫស្សី​ធំ ក្រៅពីនោះ គឺ​ច្រើនតែ​ជាការ​ដាំ​តាម​គ្រួសារ​យក​ទំពាំង​លក់ ដែលមាន​ពូជ​ពី​ស្រុកថៃ។

លោក​ឧកញ៉ា លឹម ហេង បានបញ្ជាក់​ថែមទៀត​ថា៖“ដើម្បី​ក្លាយជា​ទីផ្សារ​ធំ​មួយ​សម្រាប់​កម្ពុជា យើង​ត្រូវការ​ដី​រាប់សែន​ហិកតា លើ​ការវិនិយោគ​ដំណាំ​ឫស្សី វា​ល្អ​ជាង​ក្រុមហ៊ុន​យើង​តូច​ដែល​មិនអាច​ប្រកួតប្រជែង​បាន ព្រោះ​យើង​ក៏​មិនទាន់មាន​ទីផ្សារ​ផ្ទាល់ យើង​ត្រូវ​ស្វែងរក​ទីផ្សារ​មួយ​ឱ្យគេ​មក​ទិញ​ផ្ទាល់ និង​ទទួលស្គាល់​ជា​អន្តរជាតិ។ ដូច្នេះ​យើង​មិន​ចង្អៀតចង្អល់​ទេ ដើម្បី​ជោគជ័យ​ធំ យើង​ត្រូវ​ការពង្រីក​ខ្លួន និង​រក​ដៃគូ​វិនិយោគ​ឱ្យ​កាន់តែ​ធំ ទើប​ជោគជ័យ”៕

Advertisement