ការផ្គត់ផ្គង់​ថាមពល​របស់​កម្ពុជា កើនឡើង​ជិត 30% ដោយសារ​តម្រូវ​ការកើនឡើង

ដោយសារតែ​តម្រូវការ នៃ​ការប្រើប្រាស់​ថាមពល​កើនឡើង និង​ការកើនឡើង​នៃ​សកម្មភាព​អភិវឌ្ឍន៍ ការផ្គត់ផ្គង់​ថាមពល ក្នុងប្រទេស​កម្ពុជា បាន​កើនឡើង​យ៉ាងខ្លាំង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល។

របាយការណ៍​បាន​បញ្ជាក់ថា ការផ្គត់ផ្គង់​ថាមពល​បាន​កើនឡើង​ពី 2,635មេ​ហ្គា​វ៉ា​ត់ ក្នុង​ឆ្នាំ 2018 ដល់ 3,382មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ2019 ដែល​កើនឡើង 28% ពី 1ឆ្នាំ ទៅ 1ឆ្នាំ​ថាមពល ដែល​ទទួល​បានមកពី​ប្រភព​ជាច្រើន ដែល​បានរួម​បញ្ចូល​គ្នា ដូចជា ទំនប់​វា​រី​អគ្គិសនី រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​ផលិត​ប្រេងម៉ាស៊ូត និង​បន្ទះ​សូ​ឡា ជាដើម។

របាយការណ៍​បាន​បញ្ជាក់ថា ការផ្គត់ផ្គង់​ថាមពល​ពី​ប្រភពផ្សេងៗទាំងនោះ រួមមាន ថាមពល 675មេ​ហ្គា​វ៉ា​ត់ ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថាមពល, 627មេ​ហ្គា​វ៉ា​ត់ ពី​រោងចក្រ​ថាមពល​ប្រើ​ម៉ា​ស៊ូ​ត និង 123មេ​ហ្គា​វ៉ា​ត់ ពី​ថាមពល​កកើត​ឡើងវិញ។

នៅ​ឆ្នាំ2019 ប្រភព​ថាមពល​ប្រតិបត្តិការសំខាន់ៗ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទំនប់ វា​រី​អគ្គិសនី​ចំនួន7 ដែល​បង្កើត​ថាមពល​បាន 1,328មេ​ហ្គា​វ៉ា​ត់ ដែល​ស្មើនឹង 33.5% នៃ​ការផ្គត់ផ្គង់ ថាមពល​សរុប​របស់​ប្រទេស។ ប្រទេស​កម្ពុជា​ក៏បាន​នាំចូល​ថាមពល​ចំនួន 626មេ​ហ្គា​វ៉ា​ត់ ពី​ប្រទេសជិតខាង រួមមាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ ដោយនៅ​ឆ្នាំ2019 បាន​កើនឡើង 41%បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ហ្នឹង។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងថា និន្នាការ​បន្ត​កើនឡើង​នៃ​ការប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា មានន័យថា រដ្ឋាភិបាល​ត្រូវតែ​បន្ត​ស្វែងរក​ប្រភព​ថាមពល​ដែល​អាច​ជឿ​ទុកចិត្តបាន​ផ្សេងទៀត ដើម្បី​ធានាបាន​នូវ​តម្រូវការ ក្នុង​ការកសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់​ស្ថិរភាព​ដល់​អាជីវកម្ម និង​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ថា៖“ការអភិវឌ្ឍ​នូវ​ប្រភព​ថាមពល និង​ការបង្កើន​សមត្ថភាព​ផលិត​ថាមពល ការបញ្ជូន ការចែក​ចាយ និង​ការធ្វើឱ្យមាន​អគ្គិសនី​ដល់​អាជីវកម្ម និង​អ្នកប្រើប្រាស់ គឺជា​ភារកិច្ច​ចម្បង​របស់​យើង។ យើង​កំពុងតែ​អភិវឌ្ឍ​ប្រភព​ថាមពលថ្មីៗឥតឈប់ឈរ និង​បង្កើន​ការផ្គត់ផ្គង់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ថាមពល​រប​ស់​ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ការកែលម្អ​ការផ្គត់ផ្គង់​សេវា​អគ្គិសនី​ដល់​អ្នកប្រើប្រាស់ និង​ការ​បន្ថយថ្លៃ​អគ្គិសនី​ក៏​កំពុងផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស​ដែរ”។

យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញថា កាលពី​ឆ្នាំមុន អាជ្ញាប័ណ្ណ​ចំនួន364 ត្រូវបាន​ផ្តល់ទៅឱ្យ​អ្នក​ចែកចាយ​ថាមពល ដែល​គ្របដណ្តប់​លើ​ភូមិ​ចំនួន3,131 ក្នុងចំណោម​ភូមិ​ចំនួន 4,168 ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អត្រា​គ្របដណ្តប់ 92,68%។ អគ្គិសនី​ប្រើប្រាស់​តាម​គ្រួសារ ត្រូវបាន​កត់ត្រា​ក្នុង​អត្រា 2,68លាន​គ្រួសារ ក្នុងចំណោម 3,57លាន​គ្រួសារ​នៅ​ទូទាំងប្រទេស ដែល​នេះ​ជា​អត្រា​គ្របដណ្តប់បាន​ចំនួន 74,78%។

ជា​គោលដៅ​របស់​រដ្ឋាភិបាល ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស នៅត្រឹម​ឆ្នាំ2020 ទំនងជា​មិនត្រូវ​បាន​ឈានដល់​នោះទេ។ មាន​ភូមិ​ចំនួន​ជាង200 ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល និង​លើ​កោះ ជា​កន្លែង​ដែល​គេ​គិតថា មិនអាច​ធ្វើទៅបាន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​បច្ចុប្បន្ន។

ក៏ប៉ុន្តែថ្មីៗនេះ ក្រសួង​រ៉ែ និង​ថាមពល​ក៏បាន​ប្រកាស​ដែរ​ថា នឹងធ្វើ​ការបញ្ចុះ​តម្លៃ​អគ្គិសនី 40រៀល ក្នុង 1គីឡូវ៉ាត់ម៉ោង សម្រាប់​វិស័យ​ឧស្សាហកម្មដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បានឱ្យដឹងថា៖“តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល យើង​សម្រេច​បញ្ចុះតម្លៃ​អគ្គិសនី 40រៀល ក្នុង1គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងអស់​នៅ​ប្រទេស​របស់​យើងខណៈ​ឆ្នាំមុន​មានការ​បញ្ចុះតម្លៃ 80រៀល​រួចទៅហើយ ក្នុង 1គីឡូវ៉ាត់ម៉ោង ហើយ​យើង​នឹងធ្វើ​ការបញ្ចុះ​តម្លៃ​ជា​បន្តបន្ទាប់​ទៀត។ គោលការណ៍​ថ្មី​នេះ​នឹង​ចាប់​អនុវត្ត​នៅក្នុង​ខែកុម្ភៈ នេះ​តទៅ”។

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​សហគ្រាស​ធុន​តូច និង​មធ្យម បាន​អបអរសាទរ​ចំពោះ​ការបញ្ចុះ​តម្លៃ​ថាមពល​អគ្គិសនី​របស់​រដ្ឋាភិបាល ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​បង្កើន​គុណភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​កាន់តែ​ប្រសើរ។ វិស័យ​ឯកជន ដែលជា​ម្ចាស់​អាជីវកម្ម រោង​ម៉ាស៊ីនកិនស្រូវ​ជាង 300ទីតាំង នឹង​ទទួលបាន​ផលប្រយោជន៍​ធំ ពី​ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះបើទោះបីជា​នៅមានកម្រិត​ទាប​ក៏ដោយ៕

Advertisement