ទស្សនៈប្រជាពលរដ្ឋ និងអ្នកជំនាញ ចំពោះវិស័យអចលនទ្រព្យនៅតំបន់អរិយក្សត្រ

ប្រជាពលរដ្ឋ និងអ្នកជំនាញវាយតម្លៃអចលនទ្រព្យបាន​អះអាង​ថា តំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ពោលគឺតំបន់អរិយក្សត្រ នឹងក្លាយជាតំបន់ដ៏មានសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយសារតែ​តំបន់​នេះស្ថិតនៅកៀកនឹងរាជធានីភ្នំពេញជាងគេ។ ទន្ទឹមគ្នានេះ អ្នកជំនាញក៏បានមើលឃើញដែរថាតំបន់អរិយ​ក្សត្រ នឹងក្លាយ​ជាទីក្រុងរណបថ្មី 1​ទៀតដែលភាពខុសប្លែកពីទីក្រុងរណបកោះពេជ្រ និងជ្រោយចង្វារទៀតផង។

ការលើកឡើងពីសំណាក់ប្រជាពលរដ្ឋ និងក្រុមអ្នកជំនាញអចលនទ្រព្យនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងពន្លឿនប្រទេសកូរ៉េខាងត្បូងឱ្យជួយសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងឆ្លងកាត់ពីជ្រោយចង្វារទៅ​កាន់តំបន់អរិយក្សត្រ នាពេលដ៏ខ្លីខាងមុខនេះ។

អ្នកភូមិម្នាក់ដែលរស់នៅក្នុងតំបន់អរិយក្សត្រ លោក ថន សំណាង បានសម្ដែងភាពរីករាយនៅពេលបានឮដំណឹងថា រាជរដ្ឋាភិបាលមា​នគម្រោងសាងសង់ស្ពាន តភ្ជាប់ទីក្រុងភ្នំពេញទៅតំបន់របស់ពួកគាត់។ លោកនិយាយថា “ខ្ញុំពិតជាចង់ឱ្យមានការសាងសង់ស្ពានខ្លាំងណាស់ ព្រោះនៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន គម្រោងអភិវឌ្ឍន៍ជាច្រើននឹងចាប់ផ្តើមមកកាន់តំបន់នេះនៅពេលមានស្ពាន វានឹងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលក្នុងទីក្រុង”។

បច្ចុប្បន្នអ្នករស់នៅតំបន់អរិយក្សត្រត្រូវឆ្លងស្រឡាងទៅ-មក

ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ព្រំ សីហា បានបង្ហាញការយល់ឃើញថា​ តំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ថ្ងៃអនាគតមែន ជាពិសេសការអភិវឌ្ឍលំនៅឋាន ព្រោះថា ទីនេះជាតំបន់​ដែលមានទីតាំងល្អបំផុត ស្ថិតនៅជិតទីក្រុងបំផុត មានទេសភាពបៃតង មានខ្យល់ល្អបរិសុទ្ធ និងបរិយាកាសស្រស់ស្អាត។ ជាងនេះទៀត លោកបានបន្តថា តំបន់អរិយក្សត្រជាទីតាំងដ៏អំណោយផលដែលជាកត្តាទាក់ទាញអ្នកអភិវឌ្ឍន៍ឱ្យមកអភិវឌ្ឍកាន់តែច្រើននាពេលអនាគត។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋពីតំបន់អររិយក្សត្រនេះដែរ លោក អ៊ា ចរិយា អគ្គនាយកក្រុម​ហ៊ុន AP Real Estate ​ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទិញ-លក់អចលន​ទ្រព្យនៅតំបន់អរិយក្សត្រ បានលើកឡើងថា បើប្រៀបធៀបតំបន់ដែល​មានចម្ងាយពី5 ទៅ​ 10គីឡូ​ម៉ែត្រ ពីកណ្តាលក្រុងនោះ តំបន់​អរិយក្សត្រ ​គឺស្ថិតនៅកៀកទីក្រុងភ្នំពេញជាងគេ ហេតុនេះតំបន់នេះនឹងកាន់​តែ​មាន​សក្តានុ​ពល​ខ្លាំងទៅទៀតទៅថ្ងៃអនាគត។

​លោកបានបញ្ជាក់ថា “ក្រោយតភ្ជាប់ស្ពានពីជ្រោយចង្វារទៅអរិយក្សត្រ និងពីអរិយក្សត្រទៅផ្លូវជាតិលេខ1 តម្លៃដីនៅតំបន់នេះនឹងកាន់តែហក់ខ្ពស់ឡើងទ្វេដង ពោលគឺអាចគុណនឹង2 គុណនឹង5 ឬគុណនឹង10 ផងក៏មិនដឹង។ មិនតែប៉ុណ្ណោះ បើយើងប្រៀបធៀបតម្លៃដីដែលស្ថិតនៅចម្ងាយពី5 ទៅ10គីឡូម៉ែត្រពីកណ្តាលក្រុង តម្លៃដី​មានការកើនឡើងចាប់ពីជាង1,000 ទៅជាង 2,000ដុល្លារក្នុង 1ម៉ែត្រការ៉េ ​ចំណែក​​ដី​នៅ​តំបន់អរិយក្សត្រវិញ ចាប់ពីជាង50 ទៅជាង 800ដុល្លារក្នុង 1ម៉ែត្រការ៉េ”។

អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យរូបនេះ បានបង្ហាញពីការជឿជាក់ថា “ទៅថ្ងៃអនាគតតំបន់​អរិយ្សក្សត្រ​ នឹងក្លាយជាទីក្រុងរណបថ្មីមួយទៀត ខុសប្លែកពីទីក្រុងរណបកោះពេជ្រ និងជ្រោយចង្វារ។ ​លោកអះ​អាងថា ថ្ងៃអនាគត តំបន់អរិយក្សត្រ មិនត្រឹមតែរីកដុះដាលខ្លាំងខាងវិស័យខុនដូ លំនៅឋាន និងអគារ​ណិជ្ជកម្មប៉ុណ្ណោះទេ តែអរិយក្សត្រក៏នឹងក្លាយជាទីក្រុងរណបថ្មីមួយទៀតដែល​មានទាំងផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្មទៀតផងដោយសារតែតំបន់នេះមានទន្លេ បឹង និងហេដ្ឋារចនា​សម្ព័ន្ធងាយ​ស្រួលក្នុងការអភិវឌ្ឍ”។

ពាក់ព័ន្ធនឹងតំបន់អរិយក្សត្រនេះដែរ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថានៅពេលឆាប់ៗខាងមុខនេះ តំបន់អរិយក្សត្រ និងស្វាយជ្រុំ នឹងប្រែក្លាយទៅជាទីក្រុងរណបដ៏ទាក់ទាញ និងមានសក្ដានុពល បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមេគង្គ ត្រូវបានសាងសង់រួចជាស្ថាពរ​។

ទន្ទឹមគ្នានេះ សម្ដេច ក៏កំពុងពន្លឿនកូរ៉េខាងត្បូង ឱ្យជួយសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងកាត់ពីជ្រោយចង្វារទៅកាន់តំបន់អរិយក្សត្រ។ ជាងនេះទៀត សម្តេចបានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាល ក៏មានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ដែលតភ្ជាប់រវាងតំបន់អរិយក្សត្រ និងតំបន់ក្តីតាកុយផងដែរ។ ប្រមុខរដ្ឋាភិបាលបានអះអាងថា បើផែនការសាងសង់ស្ពាននេះជោគជ័យ វានឹងក្លាយជាចលករមួយក្នុងការរុញច្រានទីផ្សារអចលនទ្រព្យឱ្យមានភាពរស់រវើកក្នុងតំបន់នោះ៕

Advertisement