សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រី្ក បញ្ជា​ឱ្យ​ត្រៀម​បង្ការ​ការឆ្លង​ជំងឺផ្តាសាយបក្សី H5N1

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី18 ខែកុម្ភៈ​កន្លងទៅ បានធ្វើ​ការណែនាំ និង​ក្រើនរំឭក​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​រាល់​ការផ្ទុះ​ឡើង​នៃ​ជំងឺផ្តាសាយបក្សី H5N1 ព្រោះថា ថ្មីៗនេះ ជំងឺ​នេះ​កំពុង​រីក​រាលដាល​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​រាជធានី​ភ្នំពេញ​ដោយមាន​ប្រសាសន៍ថា ជំងឺផ្តាសាយបក្សី​កំពុង​រាលដាល​ដល់​សត្វ​មាន់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ហើយ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់ កុំឱ្យ​ជំងឺ​នេះ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

សម្តេច​បាន​មានប្រសាសន៍ថា៖“ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​អំពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី ក្នុង ចំណោម​សត្វ​មាន់នៅ​ខាង​វៀតណាម។ ប្រជាជន​វៀតណាម​ភ័យខ្លាច​ថា មាន់​របស់​ពួកគេ​នឹងត្រូវ​បានសម្លាប់ ហើយ​ព្យាយាម​លក់​មាន់​ឈឺ​របស់​ពួកគេ​មក​ប្រទេស​កម្ពុជាដោយ​ជាហេតុ​បង្កឱ្យមាន​ជំងឺ​នេះ​ឆ្លង​រាលដាល​មក​ក្នុងប្រទេស​កម្ពុជា”។

ទោះយ៉ាងណាសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្ដេច​ជឿជាក់ថា​ ប្រទេស​វៀតណាម​មានការ​ទទួល​ខុសត្រូវ​ខ្ពស់ក្នុងការ​ការពារ​ជំងឺ​នេះ​មិនឱ្យរាលដាល​ទៅដល់​តំបន់​ផ្សេងទៀត ឬ​ប្រទេស​នានាដូច​កាលពី​ពេលមុន នៅពេលដែល​ជំងឺ​មួយ​បាន​សម្លាប់សត្វ​ជ្រូក​អស់​រាប់ពាន់​ក្បាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​វាយប្រហារ​ប្រទេស​របស់​ពួកគេ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា វីរុស H5N1 ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្ត​ត្រា​វិញ ភាគខាងត្បូង​របស់​ប្រទេស​វៀតណាម។ មន្ទីរ​បសុព្យាបាល និង​សុខភាព សត្វ​ខេត្តបាន​បញ្ជាក់ថា សត្វ​បក្សី​នៅក្នុង​ភូមិ​ចំនួន2 នៃ​ស្រុក​ថ្កូវ បានធ្វើ​តេស្ត​រកឃើញ​វីរុស​នេះ ហើយ​មាន់​ប្រហែល 1,000ក្បាល​ត្រូវបាន​សម្លាប់។

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម បានបញ្ជាក់​ទៀតថា ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា ​មានការ​ផ្ទុះឡើង​នូវ​ជំងឺផ្តាសាយបក្សី​ចំនួន 16លើក ក្នុង​រយៈពេល 21ថ្ងៃ ហើយ​មាន​សត្វ​បក្សី​ជាង55,000ក្បាល ក៏ត្រូវ​បានសម្លាប់​ដែរ។

តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានចេញ​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី18 ខែកុម្ភៈ ដល់​មន្ត្រី ឱ្យ​ចាត់វិធានការ​ដើម្បី​បង្ការ​ជំងឺផ្តាសាយបក្សី មិនឱ្យ​ឆ្លង​រាលដាល​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​សេចក្តីណែនាំ​នោះ ឯកឧត្ដម​បាន​ណែនាំ​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការនាំ​ចូល​សត្វ​បក្សី និង​ផលិតផល​បក្សី​ខុសច្បាប់​ពី​ព្រំដែន និង​តាម​អាកាសយានដ្ឋាន​ផងដែរ។

បទបញ្ជា​នៃ​សារាចរ​ណែនាំ​នោះ បាន​បញ្ជាក់ថា“មន្ត្រី​ត្រូវតែ​ពង្រឹង​ការអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឱ្យបាន​ល្អិតល្អន់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​កន្លែង​សម្លាប់សត្វ បង្កើន​ការត្រួតពិនិត្យ​សុខភាព​បក្សី​នៅ​ទូទាំងប្រទេស និង​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​ក្នុងករណី​សង្ស័យថា មានការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី” និង​បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​លើ​សុខភាព​សត្វ​បក្សី និង​អនាម័យ​មុន​ពេលចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​បង្កើន​ការអប់រំ​ដល់​កសិករ​នៅ​ខេត្ត​ក្នុងការ​អនុវត្ត​អនាម័យ​ឱ្យបាន​ល្អ។

សារាចរ​នោះបាន​បន្ថែមថា“មន្ត្រី​គួរតែ​សហការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ស្តីពី​ជំងឺផ្តាសាយបក្សី និង​ការដឹកជញ្ជូន​បក្សី ឬ​ផលិត​ផលប​សុ​បក្សី ដើម្បី​បង្ការ​ជំងឺ​នេះ​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព”។

ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា ផ្អែក​តាម​សារព័ត៌មាន​របស់​ប្រទេស​វៀតណាម នៅ​ពី​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 នៅ​ខេត្ត​ត្រា​វិញ​ភាគខាងត្បូង មានការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​បង្ក ឡើង​ដោយ​វីរុស ប្រភេទ A/H5N1 ហើយ​ត្រូវបាន​កម្ទេច​សត្វ​មាន់​ប្រមាណ​ជាង 55,000ក្បាល។

ឯកឧត្តម តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ពីស​ម្តេច​ហ៊ុន សែន ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នេះភ្លាមៗតែម្ដង។

ឯកឧត្តម​បន្តថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ ដែលមាន​ការចូលរួម​ពី​មន្ត្រី​ពេទ្យសត្វ និង​ប្រធាន​មន្ទីរ​គ្រប់​ខេត្ត ក្រុង ឯកឧត្តម​បាន​ណែ​នាំឱ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​នូវ​ការនាំ​ចូល​សត្វ​មាន់ និង​បក្សី​ពី​ប្រទេស​វៀតណាម។

ឯកឧត្តម​បាន​បញ្ជាក់ថា៖“ក្រសួង​នឹង​ចេញ​លិខិត​ណែនាំ​មួយ​បន្ថែមទៀត ដើម្បី​បញ្ឈប់​ការនាំ​ចូល​សត្វ​មាន់​រស់​ទាំងស្រុង ពី​ប្រទេស​វៀតណាម​ចាប់ពីពេលនេះ​តទៅ ទាំង​មាន់​មានច្បាប់ និង​អត់​ច្បាប់​អនុញ្ញាត រហូត​ទាល់​តែមាន​សេចក្ដីណែនាំ​សាជាថ្មី”។

ឯកឧត្តម បានបញ្ជាក់​ទៀតថា៖“មន្ត្រី​ពេទ្យសត្វ​នៅ​វៀតណាម ក៏ដូចជា​មន្ត្រី​ពេទ្យសត្វ​នៅ​កម្ពុជា​យើង​ដែរ ព្រោះ​យើង​ស្ថិតនៅក្រោម​ដំបូល​អង្គការ​ពេទ្យសត្វ​ពិភពលោក។ អុីចឹង ពេល​មាន​ផ្ទុះ​ជំងឺ យើង​ធ្វើ​សេចក្ដីប្រកាស​មួយ​ថា កន្លែង​ណា គឺជា​តំបន់​ផ្ទុះ​ជំងឺ ប៉ុន្តែ​នៅពេល​ជំនាញ​ចុះទៅ​ធ្វើតេស្ដ​ម្ដងទៀត និង​តាមដាន​ម្ដង​ទៀតថា នៅ​កន្លែង​នោះ​ពុំមាន​ជំងឺ​ទៀត​ទេ។ ដូច្នេះ​ខាង​វៀតណាម​នឹងធ្វើ​សេចក្ដីប្រកាស​មួយ​ដោយ​រំសាយ​តំបន់​ដែល​ពុំមាន​ផ្ទុះ​ជំងឺ​នោះ យើង​អាច​ដំណើរការ​ធម្មតា​ឡើងវិញ​បាន”។

ទោះជា​យ៉ាងណា ឯកឧត្តម​បាន​បន្ថែមថា កម្ពុជា​បាន​នាំចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ស្ទើរតែ​មិនមាន​ការនាំ​ចូល​ផង។ ភាគច្រើន គឺ​កម្ពុជា​នាំចូល​សត្វ​មាន់​រស់​ពី​ប្រទេស​ថៃ ដើម្បី​បង្គ្រប់​តម្រូវការ​នៅក្នុង​ប្រទេស ដែល​ក្នុង 1ថ្ងៃ​គឺ​នាំចូល​សត្វ​មាន់​រស់​ប្រហែល 1,6000ក្បាល។

ការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យមាន់

ជាមួយគ្នានេះដែរ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការ​ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី​នាំចូល​ពី​ប្រទេស​វៀតណាម និង​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត​ក្នុង​ផ្ទៃ​ប្រទេស ក្រសួងកសិកម្ម បានធ្វើ​ការណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល រាជធានី-ខេត្ត ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ត្រូវមាន​ការទទួលខុសត្រូវ​ប្រកបដោយ​តម្លាភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី និង​ត្រូវអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​ដូចខាងក្រោម៖

1-ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការ​នាំចូល​បក្សី និង​ផលិតផល​ពី​បក្សី​ខុសច្បាប់ ដែល​ឆ្លងកាត់​តាម​ច្រកព្រំដែន​ពី​ខេត្ត1 ទៅ​ខេត្ត1 ឬ​ពី​តំបន់1 ទៅ​តំបន់1 ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​សមត្ថកិច្ច​ច្រកចេញ-ចូល​តាម​ព្រំដែន។

2-អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ចរាចរណ៍​សត្វ និង ផលិតផល​សត្វ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ។

3-ពង្រឹង​ការអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឱ្យបាន​ហ្មត់ចត់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​បក្សី កន្លែង​ចិញ្ចឹម បក្សី កន្លែង​ប្រមូលផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី និង​កន្លែង​សត្តឃាត។

4-រាល់​ការ​ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី​ត្រូវមាន​លិខិតអនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និងផលិតផល​សត្វ ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ។

5-មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិតផល​ពី​បក្សី ត្រូវធ្វើ​ការពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឱ្យបាន​ត្រឹមត្រូវ ងាយស្រួល​ក្នុងការ​តាមដាន និង គ្រប់គ្រង​ជំងឺ។

6-ត្រូវអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព ដោយ​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​លក្ខណៈ បច្ចេកទេស​លើ​ម​ធ្យោ​យ​បាយ​ដឹកជញ្ជូន​សត្វ ជាពិសេស​មុន និង​ក្រោយ​ដឹកជញ្ជូន​បក្សី។

7-ត្រូវ​បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បក្សី ម្ចាស់​កន្លែង​សត្តឃាត អ្នក​សម្លាប់​បក្សី និង​អ្នកធ្វើអាជីវកម្ម​ទិញ-លក់​បក្សី។

8-ធ្វើការ​សហការ​ជាមួយ​ភាគី​នៃ​ប្រទេស​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍​បក្សី និង​ផលិតផល​ពី​បក្សី ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

9-ករណី​មានការ​សង្ស័យ​ជំងឺផ្តាសាយបក្សី សូម​ធ្វើការ​ទំនាក់ទំនង​មក​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែលមាន​ទូរស័ព្ទ​លេខ៖ 012 214 970៕

Advertisement