ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី ល្បី​ខ្លាំង លក់​មិន​ដល់ 2ថ្ងៃ​ផង ដាច់​អស់​គ្មាន​សល់

កម្មវិធី​សម្របសម្រួល និង​រៀបចំ​ឱ្យមាន​ការលក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​អ្នក​ដាំ​ត្រសក់ផ្អែម​នៅ​ស្រុក​បន្ទាយស្រី​នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក​ក្នុង​ខេត្តសៀមរាប​កាលពីពេលថ្មីៗនេះ ត្រូវបាន​លក់ដាច់​គ្មាន​សល់​ក្នុង​រយៈពេល​តែ 2ថ្ងៃ​ប៉ុណ្ណោះ។

លោក ឃឹម ហ្វី​ណង់ ដែលជា​អភិបាលស្រុក​បន្ទាយស្រី បាន​បង្ហោះ​សារ​នៅក្នុង​ផេ​ចហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​មិនអាច​ឱបដៃ​ឈរ​មើល​កសិករ​សហគមន៍​កសិករ​ដាំ​ត្រសក់ផ្អែម​ស្រុក​បន្ទាយស្រី​ដែល​ធ្លាប់តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ បែរជា​ប្រឈម​នឹង​ការខាតបង់​ទាំងស្រុង​លើ​ការប្រមូល​ផល​របស់ខ្លួន​ក្នុងឆ្នាំនេះ​ឡើយ។

លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា៖“ជាធម្មតា​ទីផ្សារ​ត្រសក់ផ្អែម​នេះ ត្រូវបាន​លក់​ចេញ​ទៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តសៀមរាប។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​តម្រូវការ​ត្រសក់ផ្អែម​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​រហូតដល់​ទៅ 90% ដែល​មិន​អាចឱ្យ​អ្នក​ដាំ​លក់​កសិផល​របស់​ពួកគេ​ចេញ​បាន ទោះជា​លក់​ក្នុង​តម្លៃថោក​យ៉ាងណាក៏ដោយ”។

ដោយហេតុថា ពេលនេះ​ជា​សប្តាហ៍​ប្រមូល​ផល ប្រសិនបើ​នៅតែ​បន្ត​លក់​មិន​ចេញ​ក្នុង​រយៈពេល 2សប្តាហ៍​ទៀត​នោះ ត្រសក់ផ្អែម​ចំនួន​រាប់​តោន​នេះ នឹងត្រូវ​បោះចោល​ទាំងស្រុង ពីព្រោះ​ទីផ្សារ​ផ្លែ​ត្រសក់ផ្អែម​នៅក្នុង​ស្រុក​បន្ទាយស្រី​ក្នុងឆ្នាំនេះ កំពុងមាន​ការធ្លាក់ចុះ​ខ្លាំង កសិករ​នឹង​ពុំមាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទូទាត់​ថ្លៃ​ជួល​ដី បង់​ការប្រាក់​ធនាគារ ថ្លៃ​ពូជ និង​ថ្លៃឈ្នួល​កម្មករ ហើយក៏​នឹង​មិនមាន​ទឹកចិត្ត​ដើម្បី​បន្ត​ដាំ​ទៀត​ដែរ។

អ្នកទិញត្រសក់ផ្អែមថតរូបអនុស្សាវរីយ៍

ដូច្នេះ​លោក​អភិបាលស្រុក​ក៏បាន​សម្រេច​ជួយ​សម្របសម្រួល និង​រៀបចំ​ឱ្យមាន​ការលក់​ត្រសក់ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក ក្នុង​ក្រុង​សៀមរាប ក្នុង​គម្រោង​លក់​រយៈពេល 1សប្តាហ៍​ពេញ គិត​ចាប់ពី​ថ្ងៃទី20 រហូតដល់​ថ្ងៃទី26 ខែកុម្ភៈ ដោយ​ដាក់លក់​ក្នុងតម្លៃ​ពិសេស 1គីឡូក្រាម ថ្លៃ 4,000រៀល ឬ(1ដុល្លារ​អាមេរិក) តែបើ​អតិថិជន​ទិញ​ច្រើន​ដល់​ចំនួន 10គីឡូក្រាម នោះ​នឹង​ត្រូវបាន​ថែម​ជូន 1គីឡូក្រាម ដោយ​ឥតគិតថ្លៃ។

លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ជាពិសេស អ្នក​ខេត្តសៀមរាប សូម​មក​ចូលរួម​កម្មវិធី​នេះ​នៅ​ផ្សារ​ហេ​រី​ថេ​ក ឱ្យបាន​ច្រើន​កុះករ ដើម្បី​ជួយ​ទិញ​ផ្លែ​ត្រសក់ផ្អែម របស់​ពួកគាត់​ក្នុងតម្លៃ​ពិសេស ដើម្បី​ជួយ​ស្រោចស្រង់ និង​លើកទឹកចិត្ត​ដល់​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី មួយ​នេះ។ ដោយ​តម្លៃ​នេះថោក​ជាង​តម្លៃ​ក្នុង​ទីផ្សារ​ប្រហែល​ពាក់កណ្តាល និង​បានត្រឹមតែ​អាចឱ្យ​ពួកគាត់​ទទួលបាន​ថវិកា​មកវិញ​ខ្លះ ដើម្បី​យកទៅ​ធ្វើជា​ទុន​ដើម្បី​ដាំ​ដុះ​បន្តទៀត​តែប៉ុណ្ណោះ។

ផ្លែត្រសក់ផ្អែមរបស់សហគមន៍ត្រសក់ផ្អែមបន្ទាយស្រី

លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“អតីត​សហគមន៍​អ្នក​ដាំ​ត្រសក់ផ្អែម​បន្ទាយស្រី​នេះ គាត់​បាន​ជួប​បញ្ហា ដោយសារ​ផល​ត្រសក់ផ្អែម​របស់គាត់​ដែល​បាន​ពង្រីក​កន្លងមក បាន​ទទួលផល​រហូត​ដល់​ទៅ​ប្រមាណ​ពី 8,000-30,000 ផ្លែ នៅពេលដែល​ប្រមូល​ផល​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ និង​ចំពេល​ដែល​ភ្ញៀវទេសចរ​បាន​ថយចុះ​មួយចំនួន​នៅ​ខេត្តសៀមរាប​ផង​នោះ ធ្វើឱ្យ​គាត់​មាន​បញ្ហា​តែម្ដង”។

លោក​ប្រធាន​មន្ទី​រកសិកម្ម​ក៏បាន​បញ្ជាក់ថា៖“បញ្ហា​ដែល​ទាក់ទង​នឹង​ភ្ញៀវទេសចរ​នេះ គឺ​ដោយសារ​ផល​ត្រសក់ផ្អែម​របស់គាត់ បាន​បោះ​ដុំ​លក់​នៅ​ផ្សារ​ទំនើប​ខេត្តសៀមរាប នៅតាម​បណ្តា​សណ្ឋាគារធំៗ និង​នៅ​តំបន់​ទេសចរណ៍​មួយចំនួន ដោយ​ក្នុង1ថ្ងៃ​គាត់​បោះ​ឱ្យ​កន្លែង​ទាំងនោះ​ជា​មធ្យម​ប្រមាណ​ជា 1-2តោន តែ​នៅពេលដែល​បច្ចុប្បន្ន ខ្សត់​ភ្ញៀវទេសចរ គាត់​លក់បាន​ត្រឹមតែ​ចំនួន 200គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ”។

លោក ទា គឹម​សុទ្ធ ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា៖“ដោយឡែក​បញ្ហា​ដែល​កើតឡើង រយៈពេល2-3ថ្ងៃ​កន្លងមកនេះ គឺ​ផល​ត្រសក់ផ្អែម​ដែល​ពួកគាត់​លក់​មិន​ចេញ​មាន​រហូតដល់​ទៅ​ជាង 10តោន។ ខាង​ខ្ញុំ​បាន​ទៅ​ជួប​ពួកគាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ ស្របពេល​ដែល​លោក​អភិបាលស្រុក​គាត់​ចុះទៅ​តំបន់​នោះ​ផង គាត់​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​នោះ​តែម្តងទៅ ហើយ​ក៏បាន​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​ហើយ​ទៀតផង”។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី16 ខែកុម្ភៈ លោក​អភិបាលស្រុក​វ័យក្មេង បានប្រកាស​លក់​ត្រសក់ផ្អែម​ធម្មជាតិ​រប​ស់​អ្នកស្រុក​បន្ទាយស្រី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនរបស់លោក ហើយ​មកដល់​ថ្ងៃទី18 ខែកុម្ភៈ ត្រសក់ផ្អែម​របស់​សហ​គម​ន៍​កសិករ​ស្រុក​បន្ទាយស្រី បាន​លក់​អស់ពី​ចម្ការ​តែម្ដង ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​មក​ទិញ និង​កុម្ម៉ង់​ទិញ​យ៉ាង​ភ្លូកទឹកភ្លូកដី៕

Advertisement