ជំរុញ​ដល់​កសិករ​កម្ពុជា បង្កើន​ការដាំ​ដំណាំ​សុវត្ថិភាព បំពេញ​ទីផ្សារ​ក្នុងស្រុក

ពី​ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ជំរុញ​ដល់​កសិករ​កម្ពុជា បង្កើន​ការផលិត​បន្លែ គ្មាន​ជាតិគីមី ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក កាត់បន្ថយ​ការ​​បន្លែ​គីមី​នាំចូល​ពី​បរទេស និង​ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​ដែល​មក​ស្នាក់នៅ និង​កម្សាន្ត​នៅ​កម្ពុជា។

ការ​ថ្លែង​សុន្ទរកថា របស់​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ ធ្វើឡើង​ដើម្បី​ក្រើនរំឭក​ដល់​ក្រសួងកសិកម្ម​ក្នុងការ​ពង្រឹងសមត្ថភាព​កសិករបង្កើន​ការដាំដុះ​ដំណាំ និងចិញ្ចឹម​បសុសត្វផ្សេងៗគ្នា ដើម្បី ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល“យើង​ត្រូវតែ​លើកទឹកចិត្ត ប្រជាជន​របស់យើង​ឱ្យដាំ​ដុះ​ដំណាំ ដោយ​មិន​ប្រើ​សារធាតុ​គីមី​និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ដែល​ខ្លះ​មាន​ផ្ទុក​ជាតិគីមី”។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា៖ “ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ដាំ​ដុះ​នូវ​បន្លែបង្ការ​ដែល​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ហើយ​កាត់បន្ថយ​ការនាំ​ចូល ពី​ប្រទេសក្រៅ​ដែលមាន​ការប្រើប្រាស់​ជាតិគីមី ជា​វិធាន​ការដែល​យើង​ត្រូវប្រកាន់យក ជំរុញ​ការដាំដុះ​ក្នុងស្រុក ហើយ​ជំរុញ​ចូល​ទីផ្សារ ដែល​ទីផ្សារ​របស់​យើង​មិន​សំដៅ​តែ​នាំ​ចេញទៅ​ក្រៅ​ទេ សព្វថ្ងៃនេះ​ទេសចរ​របស់​យើង​ប្រើប្រាស់​ទំនិញមកពី​ខាងក្រៅ រាប់ទាំង​បន្លែបង្ការ។ យើង​ត្រូវ​ពង្រឹងសមត្ថភាព​ដាំ​ដុះ​របស់​កសិករ​យើង ទាំង​ការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដើម្បី​ផ្គត់ផ្គង់​តាម​សណ្ឋាគារ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការនាំចេញ​នៅ​នឹងកន្លែង ដោយ​មិន​ចំណុះ​ទៅលើ​ទីផ្សារ​ខាងក្រៅ​ទេ”។

ពាក់ព័ន្ធ​វិស័យ​កសិកម្ម​បម្រើ​ដល់​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ទទួល​បានតែ​សំបក​ទេសចរណ៍ ដោយសារតែ​ផលិតផល​ដែល​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវទេសចរ កម្ពុជា​ត្រូវ​នាំចូល​ពី​បរទេស ដូច្នេះ​ធ្វើឱ្យ​កម្ពុជា​ខាតបង់​តម្លៃ​យ៉ាងច្រើន។

ស្ពៃក្តោបរបស់កសិករខ្មែរដាក់លក់ក្នុងផ្សារទំនើប

សូមជម្រាបថា អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា ជា​រៀងរាល់​ថ្ងៃនេះ កម្ពុ​ជាមាន​តម្រូវការ​បន្ថែ​មចំនួន​ប្រមាណ 573តោន ​ក្នុង1ថ្ងៃ ដែល​ចំនួន​នេះ កសិករ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ 400តោន និង​សល់​ពីនេះ​នាំចូល 170តោន ពី​ប្រទេស​វៀតណាម ថៃ និង​ចិន។

កាលពី​ឆ្នាំមុន​ប្រទេស កម្ពុជា បាន​ប្រើប្រាស់​បន្លែ 500តោន ក្នុង 1 ថ្ងៃ ដែល​ចំណាយ​ប្រចាំថ្ងៃ​នៅ​ចន្លោះ​ពី 200 ,000ដុល្លារ ទៅ 300,000 ដុល្លារ។ កម្ពុជា​ក៏ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា បាន​នាំចូល​ផ្លែឈើ និង​បន្លែ​មានតម្លៃ​ជាង 300 លាន​ដុល្លារ ក្នុង1 ឆ្នាំ​ផងដែរ ក្នុងអំឡុង2-3ឆ្នាំមុន។

ថ្មីៗនេះ​ក្រសួងកសិកម្ម បានដាក់​ឱ្យ​ដំណើរការ​សាកល្បង “ផ្សារ​កសិកម្ម​កម្ពុជា” ជា​កម្មវិធី​ចល័ត​មួយ​ដែល​ត​ភ្ជាប់​កសិករ ជាមួយ​អ្នកទិញ​ដ៏​មាន​សក្ដានុពល និង​ផ្ដល់​ឱ្យពួកគេ​នូវ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ទីផ្សារ​កសិកម្មសំខាន់។

អ្នកស្រី តុង​ចាន់​ធាង នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក បាន​មានប្រសាសន៍ថា“ក្នុងនាម​អង្គការ ដែល​ធ្វើការ​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​កសិកម្ម​នេះ គឺ​យើង​សាទរ​វិធានការ​កាត់បន្ថយ​ការ​នាំចូល​អាហារ បន្លែ​ដែល​ផ្ទុក​សារធាតុ​គីមី។ ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​នេះ បើ​ត្រូវបាន​អនុវត្តតាម​អ្វី​ដូច​សម្តេច​លើកឡើង​មែន ហើយ​ខ្ញុំ​ជឿជាក់ថា ប្រជាកសិករ​ក្នុងស្រុក​យើង ក៏ដូចជា​អ្ន​កបរិភោគ​នៅក្នុង​ប្រទេស​យើង​ក៏​សាទរ​ដូចគ្នា”។

បើតាម​អ្នកស្រី តុង ចាន់​ធាង បានឱ្យដឹងថា​មកដល់​បច្ចុប្បន្ននេះ​និ​ន្ន​ការដាំដុះ​បន្លែ និង​ការចិញ្ចឹម​សត្វ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ពិសេស​បន្ទាប់ពី​មាន​គម្រោង​គាំ​ទ្រ​ពី​ក្រសួងកសិកម្ម, គម្រោង​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល​នានា។

ក៏ប៉ុន្តែ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​នៅតែ​កើតមាន ជាក់ស្តែង​លោក ស៊ឿ​ន សាំង​ទី ព្រម​លក់​ប៉េងប៉ោះ​របស់ខ្លួន​ក្នុងតម្លៃ 300រៀល​ក្នុង​1​គីឡូក្រាម​ប៉ុន្តែ​តម្លៃ​នេះ​នៅតែ​គ្មាន​អ្នកបញ្ជា​ទិញ​ទៀត រហូតដល់​ប៉េងប៉ោះ​ទាំងនោះ ត្រូវបាន​ទុំ​រលួយ​ចោល​ពេញ​ចម្ការ​អស់​ប្រមាណ 2តោន។

ផ្លែប៉េងប៉ោះទើបប្រមូលផលបាន

ចម្ការ​ប៉េងប៉ោះ របស់លោក សឿន សាំង​ទី ស្ថិតនៅក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ប៉េងប៉ោះ​ឱ្យ​ទីផ្សារ​បាន​ពី 300 ទៅ 400គីឡូក្រាម​ ក្នុង1ថ្ងៃ ជាមួយ​តម្លៃ​ចន្លោះ​ពី300-500រៀល។ ថ្វីបើ​តម្លៃ​ប៉េងប៉ោះ​នេះ ថោក​ជាង​សព្វដង​ដែលមាន​តម្លៃ​ពី700ទៅ1000រៀល​ក្នុង1គីឡូក្រាម​ក្តី ប៉ុន្តែ​នៅតែ​គ្មាន​ឈ្មួញ​ចុះមក​ទិញ។

ស្រដៀង​គ្នា​នេះដែរ កសិករ​នៅ​ខេត្តបាត់ដំបង ក៏បាន​ត្អូញត្អែរ​ពី​ចម្ការ​ស្ពៃក្ដោប​ប្រមាណ 50តោន ដែល​ទទួលបាន​ទិន្នផល​ដល់ពេល​ល្មម​លក់​ចេញ ប៉ុន្តែ​បែរជា​គ្មាន​ទីផ្សារ​លក់​ទៅវិញ។ សូម្បីលក់​ក្នុង​តម្លៃដើម​តែ 300-500 រៀល ក្នុង1គីឡូក្រាម ប៉ុន្តែ​នៅតែ​គ្មាន​ទីផ្សារ​ចេញ​ដដែល។

លោក​វ៉ាន់ អៀន​ប្រធាន​សហគមន៍​ត្រសក់ផ្អែម សៀមរាប​មានជ័យ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា៖“មិនដឹង​ជា​គាត់​ស្ថិតក្នុង​សហគមន៍​ណាមួយ ឬ​គាត់​ដាំ​ជា​បុគ្គល ហើយ​ដំណាំ​នោះ​ជា​ដំណាំ​សុវត្ថិភាព ឬទេ? ព្រោះថា​បើជា​សហគមន៍​មិន​ភ័យ​រឿង​ទីផ្សារ​ទេ ហើយ​ដំណាំ​គឺ​ពិតជា​ដំណាំ​សុវត្ថិភាព។ ខ្ញុំ​នឹង​ទាក់ទង​ជួយ តែ​ខ្ញុំ​គិតថា​អាចមាន​សហគមន៍​ជិត​ក្បែរ​គាត់​ជួយ​ហើយ”។

សម្រាប់​កសិករ​នៅ​ខេត្តបាត់ដំបង​ត្រូវបាន​ក្រុមហ៊ុន Natural Agriculture Village ជួយ​រក​ទីផ្សារ​ឱ្យ​ហើយ ដោយបាន​បញ្ជាក់​ពី​ស្តង់ដា​បន្លែ​សុវត្ថិភាព​អនុវត្ត​កសិកម្ម​ល្អ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង មានការ​បញ្ជាក់​គុណភាព (Certified) និង QR Code អាច​ស្គាល់​ដល់​អ្នក​ដាំ​និង​ទីកន្លែង​បានភ្លាមៗ (Logo មួយ​មាន​សុពលភាព​តែ៧ថ្ងៃ​ទេ)។ នេះ​បើតាម​ការផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន។

តាមរយៈ​ក្រុមហ៊ុន​បន្លែ​ធម្មជាតិ Natural Agriculture Village បាន​ប្រើប្រាស់ QR កូដ​លើ​ផលិតផល​ដែល​ធ្វើឱ្យ​អតិថិជន​អាច​ដឹង​ពី​ប្រភព​ផលិតផល ដើម្បី​ធានា​សុវត្ថិ​ភាពស្រប​នឹង​គោលការណ៍​រាជរដ្ឋាភិបាល​ក្នុង​ការផ្ដល់​សុវត្ថិភាព​ស្បៀងអាហារ​ដល់​អតិថិជន។

កសិករដាំស្ពៃក្តោបរកទីផ្សារបានហើយ

លោកស្រី​មានប្រសាសន៍ថា៖ “អតិថិជន​អាច​កំណត់​ប្រភពដើម​នៃ​បន្លែ និង​អ្នក​ដាំ​ដុះ។ វា​នឹង​បង្ហាញថា​ តើ​វា​មាន​សុវត្ថិភាព ឬ​មិនមាន​សុវត្ថិភាព នៅពេល​អតិថិជន​ស្កែ​ន QR កូដ​អតិថិជន​អាច​ទិញ​បន្លែ​សុវត្ថិភាព​នៅតាម​ស្ដង់​នៅក្នុង​ផ្សារ អុីអន ខណ្ឌ​សែន​សុខ ដោយ​ក្រុមហ៊ុន​របស់ខ្ញុំ បាន​ផ្គត់ផ្គង់​បន្លែ​ជា​មធ្យម​ចន្លោះ​ពី 300 ទៅ400 តោន​ក្នុង1 ថ្ងៃ​លើ​ទីផ្សារ”។

លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village បានឱ្យដឹងថា​នៅពេលថ្មីៗនេះ​នាយកដ្ឋាន​កសិកម្ម បានចេញ​វិញ្ញាបនបត្រ​ដល់​កសិករ 42នាក់​នៅក្នុង​ខេត្ត​មួយចំនួន​ដែល​រួមមាន​ខេត្តកណ្ដាល បាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង និង​បន្ទាយមានជ័យ។ លោកស្រី​បញ្ជាក់ថា៖ “ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កសិករ​ទាំង​នោះដែ​ល​សន្យាថា នឹង​ទិញ​បន្លែ​ពី​ពួកគេ​ក្នុងតម្លៃ​ប្រហែល2,000 រៀល ក្នុង 1គីឡូក្រាម”។

ក្រុមហ៊ុន​នេះ​បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានថា មាន​កសិករ​ជាង400 នាក់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Green Gold ជា​ក្រុមហ៊ុន​ចែកចាយ​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​ការអនុវត្ត​កសិកម្ម​ល្អ​ដល់​ផ្សា​រឡាក់​គី ផ្សារ Makro ផ្សារ​អុីអន និង​ទីផ្សារ​ក្នុងស្រុក​មួយចំនួនទៀត​ដែល​រួមមាន​ផ្សារ​ធំថ្មី ផ្សារ​ដើម​គ ផ្សារ​ដេប៉ូ និង​ផ្សារ​ទួល​ទំពូង។

លោកស្រី ប៊ុន សៀង និង​ជា​សមាជិក​របស់​ក្រុមហ៊ុន Green Gold បានបង្ហាញ​ប្រាប់​ដែរ​ថា កសិករ​ដែល​ផលិត​បន្លែ​សុវត្ថិភាព​តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ នឹងមាន QR កូដ​នៅលើ​ផលិតផល​ពួកគេ ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន របស់លោក​ស្រី និង​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម៕

Advertisement