មន្ត្រីជាន់ខ្ពស់ AFI នឹង​ជួយ​ គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ពង្រឹង​ខ្សែចង្វាក់​ តម្លៃ​ផលិតកម្ម​កម្ពុជា

នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ឬ AFD ថ្មី​ប្រចាំ​កម្ពុជា បាន​លើកឡើងថា អង្គការ AFD មាន​ឆន្ទៈយ៉ាង​មុតមាំ​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា។

នាយិកា​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ឬ AFD ប្រចាំ​កម្ពុជា​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មីបាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នាពេល​កន្លងមក ជាមួយ​ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយបាន​សម្ដែង​ការគាំទ្រ​ក្នុងការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី ដែល​ផ្តោតទៅលើ​ដំណាំ​រំពឹង​ទឹកភ្លៀង​កាលពីពេលថ្មីៗនេះ។ ក្នុងឱកាស​នោះ លោកស្រី Ophelie BOURHIS នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​នៃ​ទីភ្នាក់ងា​រ

បាំ​រាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) ថ្មី​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា AFI នឹង​ជួយ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ដើម្បី​ពង្រឹង​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​កម្ពុជា តាមរយៈ​ការកសាង​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ពាក់ព័ន្ធ​នឹង​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម និង​តម្លៃបន្ថែម​លើ​ផលិតកម្ម​ស្រូវ និង​បន្លែ ការកែប្រែ​គុណភាព​ដី និង​កៅស៊ូ​គ្រួសារ​កម្ពុជា​ឱ្យមាន​និរន្តរភាព។ លោកស្រី​អះអាងថា តាមរយៈ​កិច្ច​គ្រាំ​ទ្រនេះ នឹង​ជួយ​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​ដល់​កសិករ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

នាយិកា AFD រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងកសិកម្ម ដែល​តែងតែផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ដល់​ក្រុមការងារ​របស់​អង្គការ AFD ដែល​កិច្ចសហការ​នេះហើយ បានផ្តល់​ជា​ជំនឿ​ទុកចិត្ត​មកដល់​អង្គការ AFD ដើម្បី​បន្ត​ការគាំទ្រ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី​ដែល​ផ្តោតទៅលើ​ដំណាំ​រំពឹង​ទឹកភ្លៀង។

ពា​ក៉​ព័ន្ធ​នឹង​ការលើកឡើង​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​លើកឡើង​ដែរ​ថា វិស័យ​កសិកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​សន្តិសុខ​ស្បៀងជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការនាំចេញ លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ដើរ​ឱ្យទាន់​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ2030 ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ត្រូវ​ផ្ចង់​ផ្តោតទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព និង​បរិ​យា​ប័ន្ន តាមរយ:ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ទាន់សម័យ​សមស្រប អនុវត្ត និង​បំពេញ​ខ្សែចង្វាក់​ផលិតកម្ម និង​តម្លៃបន្ថែម អនុវត្ត​ផែនការ​ផលិតកម្ម​ច្បាស់លាស់ និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធានា​និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាម​អនាម័យ និង​ការប្រកួតប្រជែង។

មិនតែប៉ុណ្ណោះ ឯកឧត្តម​ថា ដៃគូ​អភិវឌ្ឍន៍​នានា​ក៏ត្រូវ​គិតគូរ និង​ពិនិត្យឡើងវិញ​នូវ​រាល់​សកម្មភាព​គម្រោង​ដែល​បាន​អនុវត្ត​កន្លងមក ធ្វើយ៉ាងណា​តម្រង់ទិស​ឱ្យចំ​គោលដៅ​របស់​ក្រសួង ក៏ដូចជា​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ។

ដោយឡែក ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អង្គការ AFD និង​ក្រុមការងារ​ពិនិត្យ​ពិចារណា​លទ្ធភាព​ជួយផ្តល់​ការគាំទ្រ​លើ​ការពិសោធ និង​ផលិត​ពូជ បច្ចេកទេស​ដាំ​ដុះ និង​ប្រមូល​ផល ឃ្លាំង​ស្តុកឡស​ម្ងួ​ត​លើ​ដំណាំ​មួយចំនួនទៀត ដូចជា​ដំណាំ​ពោត​ ដំឡូង​មី ស្វាយ និង​ស្វាយចន្ទី​ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ហើយ​បានផ្តល់​ចំណូល​យ៉ាង​ល្អ​ជូន​ប្រជាកសិករ។ ទន្ទឹមនឹងនេះ ជំរុញ​ការរៀបចំ​ចងក្រង​សហគមន៍​ផលិតកម្ម ដើម្បី​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ប្រយោជន៍​ដល់​ការធានា​ការផ្គត់ផ្គង់​ទាំង​បរិមាណ គុណភាព និង​ស្ថិរភាព​តម្លៃ និង​ជាពិសេស​ផែនការមេ និង​ប្រព័ន្ធធារាសាស្ត្រ​ស្រោចស្រព​ដែល​ផ្តោតលើ​ដំណាំ​ទាំងនេះ​ជាសំខាន់។

តប​តាម​ការលើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី លោកស្រី Ophelie BOURHIS នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ប្រចាំ​កម្ពុជា និង​ក្រុមការងារ បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី ហើយនឹង​យក​សំណើទាំងនោះ​ទៅ​ពិចារណា​បន្ថែម រួច​ដាក់បញ្ចូល​ក្នុង​គម្រោង​ថ្មី​ដែល​នឹងត្រូវ​រៀបចំ​ដោយ​អង្គការ AFD នាពេលឆាប់ៗខាងមុខនេះ៕

Advertisement