សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្ត បន្តផ្តល់ឥណទានជាអាទិភាព

វិស័យមួយចំនួន ត្រូវបានទទួលភាពអនុគ្រោះជាអាទិភាព ជាពិសេសផ្នែកអាជីវកម្មសណ្ឋា​គារ ផ្ទះ​សំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតផល​ស្បែក​ជើង ដើម្បីបន្ត​និរន្ត​រ​​ភាព​អាជីវកម្មទាំងនេះ។ នេះបើតាមសេចក្តីប្រកាសរបស់​សមាគមធនាគារ​នៅ​កម្ពុជា​ និងសមាគម​មី​ក្រូ​ហិរញ្ញវត្ថុ ដែលបានលើកទឹកចិត្តដល់​សមាជិករបស់ខ្លួនឱ្យបន្ត​ផ្តល់​​ឥណ​​ទាន​ ដែលជាតម្រូវការរ​បស់​វិស័យទាំងនោះ។

យោងតាមសេចក្តីថ្លែងការណ៍រួមនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជាស្តីពីវិធានការការពារផលប៉ះពាល់បណ្តាលមកពីការរីករាលដាល​ជា​សកល​​នៃវីរុសកូវីដ-19 ចេញផ្សាយនៅថ្ងៃទី9 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា សមាជិកសមាគម គប្បីរក្សាភាពទន់ភ្លន់ និង​ពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយ​បំណុល​យឺត​យ៉ាវ ដែលបណ្តាលមក​ពីផលប៉ះពាល់​វីរុស​កូវីដ-19។

សេចក្តីថ្លែងការណ៍ដដែលបន្តថា សមាជិកសមាគម ត្រូវបន្តតាមដាន និងដាក់ចេញ​វិធានការ ការពារការរីករាលដាលនៃវីរុសកូវីដ-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យ​បាន​​និរន្តរភាពប្រតិ​បត្តិ​ការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី។

បន្ថែមលើវិធានការការពារខាងលើ សមាជិកសមាគមទាំង2 ក៏បាននិងកំពុង​ចូល​រួមជាមួ​យ​រាជរដ្ឋាភិបាលកម្ពុជាក្នុងគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់​សហគា្រស​ធុនតូច និងមធ្យមតាម​រយៈ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះ នឹងផ្តល់ទុនក្នុងអត្រាការ​ប្រាក់សមរម្យដល់សហគ្រាស​​ធុនតូច និងមធ្យមនៅកម្ពុជា លើវិស័យអាទិភាព ហើយដែល​គ្រោងចាប់ផ្តើមដំណើរការ​ក្នុងពេល​ឆាប់​ៗ​ខាងមុខនេះ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវដល់​សមា​ជិក​របស់ខ្លួនទាំងអស់ រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទាន​ជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចូលរួមអនុវត្តនូវ​វិធានការខាង​លើដើម្បីកាត់​បន្ថយផលប៉ះ​ពាល់ជាយថាហេតុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច​ជាតិបន្ថែម​ទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ​វត្ថុកម្ពុជា ក៏បានប្រកាសគាំទ្រចំពោះសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកាលពី5 ខែមីនា ឆ្នាំ2020 កន្លងមកនេះផងដែរ លើការទប់ទល់ការរីករាលដាលនៃវីរុស Covid-19 និងផលអវិជ្ជមាន ជាយថាហេតុផ្សេងទៀត៕

Advertisement