សម្តេចតេជោ៖ កម្ពុជាត្រៀមថវិកាបម្រុង ចន្លោះពី 800 ទៅ 2,000លានដុល្លារ សម្រាប់សង្គ្រោះសេដ្ឋកិច្ចក្នុងអំឡុងមានជំងឺកូវីដ19

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននិងកំពុងត្រៀមថវិកា ចន្លោះពី 800 ទៅ​ 2,000លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថិរភាព និងលំនឹង បើ​សិនជំងឺ​ផ្លូវដង្ហើមកូវីដ19 អូសបន្លាយរហូតដល់ 1ឆ្នាំ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោហ៊ុន សែន នៅក្នុង​ពិធីប្រគល់​​សញ្ញាបត្រ​ជូននិស្សិត​នៃវិទ្យាស្ថាន វ៉ាន់ដា នៅថ្ងៃទី10 ខែមីនា ឆ្នាំ2020។

សម្តេចតេជោ ហ៊ុន សែន ថ្លែងឱ្យដឹងថា កម្ពុជាបានត្រៀមថវិកាប្រមាណ 800លានដុល្លារអាមេរិកក្នុងរយៈពេល 6ខែ ហើយបើជំងឺកូវីដ19 អូសបន្លាយរយៈពេល 1ឆ្នាំ នឹងអាចត្រៀមថវិកាជាតិ ប្រមាណចន្លោះ 800 ទៅ 2,000លានដុល្លារអាមេរិក ក្នុងការសង្គ្រោះសេដ្ឋកិច្ច។

សម្តេចតជោនាយករដ្ឋមន្ត្រី ថ្លែងថា៖«យើងត្រៀមថវិកាប្រមាណ 800លានដុល្លារក្នុងរយៈពេល 6ខែ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ហើយបើវាអូសបន្លាយដល់ 1ឆ្នាំ យើងក៏ប៉ានស្មានថា វាធ្លាក់កំណើនប៉ុនណា ផល​ប៉ះពាល់វាធំប៉ុនណា ហើយបាត់បង់ចំណូលប៉ុនណា បើវាដល់ 1ឆ្នាំ សេដ្ឋកិច្ចរបស់យើងធ្លាក់​ប៉ុន​ណា ត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុនណា អ៊ីចឹងវាស្ថិតនៅក្នុងចន្លោះពី 800 ទៅ 2,000លានដុល្លារ​អាមេរិក ដើម្បីត្រៀមបម្រុង»។

កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ2020 នឹងមានត្រឹមតែ 6.1%ប៉ុណ្ណោះ។ នេះបើតាមការព្យាករ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយបានឱ្យដឹងទៀតដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ2020 គឺស្ថិតនៅក្នុងរង្វង់ 6.5% ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែសម្រេចបានជាង 7% ក្នុង 1ឆ្នាំក្នុងរយៈពេល 2ទស្សវត្សរ៍មកហើយនេះ។

មានកត្តាជាច្រើនដែលធ្វើឱ្យធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ គឺដោយសារតែការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈិមបូព៌ា ជម្លោះពាណិជ្ជ កម្ម រវាងចិន-សហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺឆ្លងដែលបង្កដោយ កូរ៉ូណាវីរុសថ្មីៗ ឬកូវីដ19 នៅក្នុងប្រទេសចិនជាដើម ដែលបាននិងកំពុងរីករាលដាលនៅក្នុងពិភព លោក៕

Advertisement